ទំនុកតម្កើង 25
25
សូមណែនាំទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។
2ឱព្រះនៃទូលបង្គំអើយ
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ
ដូច្នេះ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខ!
សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជម្នះ
លើទូលបង្គំឡើយ!។
3អស់អ្នកដែលសង្ឃឹមលើព្រះអង្គ
នឹងមិនត្រូវខកចិត្តទេ
គឺមានតែពួកអ្នកឆាប់ក្បត់ព្រះអង្គប៉ុណ្ណោះ
ដែលត្រូវខកចិត្ត។
4ឱព្រះអម្ចាស់អើយ!
សូមណែនាំទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ
សូមបង្រៀនទូលបង្គំអំពីផ្លូវរបស់ព្រះអង្គផង
5សូមអប់រំទូលបង្គំឲ្យរស់នៅ
ស្របតាមសេចក្ដីពិតរបស់ព្រះអង្គ
ដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ
ទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។
6ឱព្រះអម្ចាស់អើយ!
សូមកុំភ្លេចថា តាំងពីដើមរៀងមក
ព្រះអង្គតែងតែសម្តែងព្រះហឫទ័យអាណិតអាសូរ
និងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំជានិច្ច។
7សូមបំភ្លេចអំពើបាប និងកំហុស
ដែលទូលបង្គំធ្លាប់ប្រព្រឹត្ត
កាលនៅពីក្មេងនោះទៅ!។
ឱព្រះអម្ចាស់អើយ
ទ្រង់តែងមានព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យសប្បុរសជានិច្ច
សូមកុំបំភ្លេចទូលបង្គំឡើយ!។
8 ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
និងទៀងត្រង់
ហេតុនេះហើយបានជាព្រះអង្គបង្ហាញ
ឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។
9ព្រះអង្គនាំមនុស្សមានចិត្តសុភាព
ឲ្យដើរតាមមាគ៌ាដ៏សុចរិត
ព្រះអង្គបង្រៀនគេឲ្យស្គាល់
ព្រះហឫទ័យរបស់ព្រះអង្គ។
10 ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា
និងស្មោះត្រង់ទាំងស្រុង
ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី*
និងគោរពដំបូន្មានរបស់ព្រះអង្គ។
11ឱព្រះអម្ចាស់អើយ!
ទូលបង្គំមានកំហុសធ្ងន់ណាស់
ដោយយល់ដល់ព្រះនាមព្រះអង្គ
សូមលើកលែងទោសឲ្យទូលបង្គំផង។
12អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់
ព្រះអង្គនឹងបង្ហាញឲ្យអ្នកនោះ
ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។
13គាត់នឹងមានសុភមង្គលជានិច្ច
ហើយពូជពង្សរបស់គាត់
នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។
14 ព្រះអម្ចាស់តែងតែសម្តែងភក្ដីភាព
ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី
របស់ព្រះអង្គ។
15ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់ជានិច្ច
ព្រោះមានតែព្រះអង្គប៉ុណ្ណោះ
ដែលអាចរំដោះទូលបង្គំឲ្យរួចពីអន្ទាក់។
16សូមទតមកទូលបង្គំ
ហើយប្រណីសន្ដោសទូលបង្គំផង!
ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
17ទូលបង្គំលំបាកចិត្តពន់ពេកណាស់
សូមដកការតប់ប្រមល់នេះ
ចេញពីចិត្តទូលបង្គំទៅ។
18សូមទតមកទុក្ខវេទនា
និងការនឿយព្រួយរបស់ទូលបង្គំ
សូមអត់ទោសឲ្យទូលបង្គំ
បានរួចពីអំពើបាបទាំងប៉ុន្មានផង។
19សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំ
មានគ្នាច្រើនប៉ុនណា
ហើយគេស្អប់ទូលបង្គំខ្លាំងយ៉ាងណា។
20សូមការពារ និងរំដោះទូលបង្គំផង!
សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឲ្យសោះ
ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ!។
21ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច
សូមរក្សាជីវិតទូលបង្គំ
ដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។
22ឱព្រះជាម្ចាស់អើយ!
សូមរំដោះអ៊ីស្រាអែលឲ្យរួចពីទុក្ខវេទនា
ទាំងប៉ុន្មានផង!។
Currently Selected:
ទំនុកតម្កើង 25: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.