YouVersion Logo
Search Icon

ទំនុកតម្កើង 34

34
ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អម្ចាស់
ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ធ្វើ​ពុត​ជា​វិកល‌ចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច​អប៊ី‌ម៉ាឡេក ធ្វើ​ឲ្យ​ស្ដេច​អប៊ី‌ម៉ាឡេក​ដេញ​ព្រះអង្គ​ចេញ​ទៅ។
1ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
គ្រប់​ពេល​វេលា
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​សោះ​ឡើយ។
2ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ព្រះអង្គ!
ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់
ហើយ​មាន​អំណរ​សប្បាយ​ឡើង!។
3សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា
ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុងរឿង​ក្រៃ‌លែង!
យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ​ជា​មួយ​គ្នា!។
4ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់
ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ
ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច
ទាំង​អម្បាល‌ម៉ាន។
5អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះអង្គ
អ្នក​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ
ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ ។
6មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេ
ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត
ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។
7ទេវតា​របស់​ព្រះ‌អម្ចាស់​ថែ‌រក្សា​ការពារ
អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់។
8 ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ
ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់
មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លុប!
អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
9អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ​អើយ
ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
នឹង​មិន​ខ្វះ​អ្វី​ឡើយ។
10អ្នក​មាន អាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន
ខ្វះ​ខាត​ចំណី​បរិភោគ
តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់
នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។
11កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មក
ហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក
ឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
12 តើ​មាន​នរណា​ចង់​បាន​អាយុ​វែង
និង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ?
13បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាត
កុំ​ពោល​ពាក្យ​អាក្រក់
និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។
14ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់
ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ
ចូរ​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត
យ៉ាង​អស់​ពី​ចិត្ត។
15 ព្រះ‌អម្ចាស់​តែង​រំពៃ​មើល​មនុស្ស​សុចរិត
ហើយ​ទ្រង់​យក​ព្រះ‌ហឫទ័យ
ទុក​ដាក់​នឹង​សម្រែក​របស់​ពួក​គេ​ជានិច្ច។
16 ព្រះ‌អម្ចាស់​តែងតែ​ប្រឆាំង
នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
ពេល​ពួក​គេ​ស្លាប់​ទៅ
គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។
17ពេល​មនុស្ស​សុចរិត​ស្រែក​រក​ព្រះអង្គ
ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេ
ហើយ​ព្រះអង្គ​រំដោះ​គេ
ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។
18 ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត
ហើយ​ព្រះអង្គ​សង្គ្រោះ​អស់​អ្នក
ដែល​មាន​ចិត្ត​សោក​សង្រេង។
19មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន
ប៉ុន្តែ ព្រះ‌អម្ចាស់​តែងតែ​រំដោះ​គេ
ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជានិច្ច។
20 ព្រះអង្គ​ថែ‌រក្សា​គេ​ឲ្យ​បាន​សុខ‌សាន្ត
គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។
21អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាល
ហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត
តែងតែ​ទទួល​ទោស​ជានិច្ច។
22 ព្រះ‌អម្ចាស់​សង្គ្រោះ​ជីវិត​អ្នក​បម្រើ​របស់​ព្រះអង្គ
ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ
តែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in