ទំនុកតម្កើង 39
39
ពាក្យសារភាពរបស់មនុស្សឈឺចុកចាប់
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេឌូថិន ។ ទំនុករបស់ស្ដេចដាវីឌ។
1ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែង
ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត
ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសម្ដី។
ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ
ខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។
2ខ្ញុំបិទមាត់នៅស្ងៀម
គឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ!
ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។
3ខ្ញុំក្ដៅជាខ្លាំង
ហាក់ដូចជាមានភ្លើងឆេះនៅក្នុងខ្លួន
រហូតដល់ទ្រាំលែងបានទៀត ខ្ញុំក៏ពោលឡើងថា:
4ឱព្រះអម្ចាស់អើយ
សូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយ
នៃជីវិតរបស់ទូលបង្គំផង
តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត
តើជីវិតទូលបង្គំផុយដល់កម្រិតណា?
5ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក
ដូចទឹកដក់លើស្លឹកឈូក
គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ
ពិតមែនហើយ ជីវិតរបស់មនុស្សលោក
ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ។
- សម្រាក
6ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូច
ជាស្រមោល អ្វីៗដែលគេខិតខំធ្វើ
សុទ្ធតែឥតបានការ
គេប្រមូលទ្រព្យសម្បត្តិទុក
តែគេពុំដឹងថាទ្រព្យសម្បត្តិនោះ
នឹងបានទៅលើនរណាឡើយ។
7ឱព្រះអម្ចាស់អើយ
បើដូច្នេះតើឲ្យទូលបង្គំទន្ទឹងរង់ចាំអ្វី?
មានតែព្រះអង្គទេ
ដែលជាទីសង្ឃឹមរបស់ទូលបង្គំ។
8សូមរំដោះទូលបង្គំឲ្យរួចពីអំពើបាប
ទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត!
សូមកុំទុកឱកាសឲ្យមនុស្សល្ងីល្ងើ
មាក់ងាយទូលបង្គំបានឡើយ។
9ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ
ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
10សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ!
ដ្បិតទូលបង្គំស្ទើរតែស្លាប់
ដោយព្រះអង្គវាយទូលបង្គំ។
11ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់
ដែលបានធ្វើខុស
ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះ
ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។
ពិតមែនហើយ ជីវិតមនុស្សលោក
ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។
- សម្រាក
12ឱព្រះអម្ចាស់អើយ
សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែករបស់ទូលបង្គំផង
សូមកុំព្រងើយកន្តើយនឹងទំនួញ
យំសោករបស់ទូលបង្គំឡើយ
ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ
ជាបណ្តោះអាសន្នជាមួយព្រះអង្គ
ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។
13សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំ
ដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិច
មុននឹងទូលបង្គំលាចាកលោកនេះ
រលាយសូន្យបាត់ទៅ។
Currently Selected:
ទំនុកតម្កើង 39: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.