ទំនុកតម្កើង 40
40
ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់
ទំនុករបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់
ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់
សម្រែកទូលអង្វររបស់ខ្ញុំ។
2ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ
មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។
3ព្រះអង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មី
ដើម្បីសរសើរតម្កើងព្រះរបស់យើង
មនុស្សជាច្រើននឹងឃើញ
ហើយកោតខ្លាចទៀតផង
គេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។
4មានសុភមង្គលហើយ
មនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់
គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ
ដែលជាព្រះបោកបញ្ឆោត!។
5ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ព្រះអង្គបានសម្តែងការអស្ចារ្យ
ជាច្រើនចំពោះយើងខ្ញុំ
ព្រះអង្គក៏មានគម្រោងការជាច្រើន
សម្រាប់យើងខ្ញុំដែរ។
គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេ
ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា
ទូលបង្គំមិនអាចពណ៌នាអស់ឡើយ។
6 ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ
តែព្រះអង្គបានបើកត្រចៀកទូលបង្គំ
ឲ្យចេះស្ដាប់ព្រះអង្គ
ព្រះអង្គមិនទាមទារតង្វាយដុត ឬ
យញ្ញបូជាសុំឲ្យរួចពីបាបឡើយ។
7ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះអម្ចាស់
ទូលបង្គំមករកព្រះអង្គ
ទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូលបង្គំ។
8ទូលបង្គំពេញចិត្តនឹងធ្វើតាម
ព្រះហឫទ័យរបស់ព្រះអង្គ
ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់
នៅក្នុងដួងចិត្តទូលបង្គំជានិច្ច ។
9ទូលបង្គំបានប្រកាសឲ្យអង្គប្រជុំ
ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា
ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។
10ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ
ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ
ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យ
ស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំ
ទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាស
អំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់
របស់ព្រះអង្គនៅកណ្ដាលអង្គប្រជុំធំបានឡើយ។
11ឱព្រះអម្ចាស់អើយ
ទូលបង្គំដឹងថាព្រះអង្គតែងតែ
អាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ
ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់
របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។
12មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំ
កំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំ
ធ្វើឲ្យទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញ
កំហុសទូលបង្គំមានចំនួនច្រើនជាង
សរសៃសក់របស់ទូលបង្គំទៅទៀត
ទូលបង្គំលែងមានកម្លាំង
ប្រឈមមុខទៀតហើយ។
13ឱព្រះអម្ចាស់អើយ
សូមមេត្តារំដោះទូលបង្គំផង!
ព្រះអម្ចាស់អើយ
សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
14សូមឲ្យអស់អ្នកដែលចង់ដកជីវិតទូលបង្គំ
ត្រូវអាប់ឱន និងបាក់មុខទាំងអស់គ្នា!
សូមឲ្យអស់អ្នកដែលសប្បាយចិត្ត
នឹងទុក្ខវេទនារបស់ទូលបង្គំ
ត្រូវដកខ្លួនថយ និងអាម៉ាស់មុខ!
15សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ
ត្រូវបរាជ័យ ទាំងអាប់កិត្តិយស
16រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ
សូមឲ្យគេបានសប្បាយរីករាយ
រួមជាមួយព្រះអង្គ!
សូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះ
របស់ព្រះអង្គ ថ្លែងឥតឈប់ឈរថា
«សូមលើកតម្កើងព្រះអម្ចាស់!»។
17ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត
តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។
ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ
ឱព្រះនៃទូលបង្គំអើយ
សូមយាងមកកុំបង្អង់ឡើយ!
Currently Selected:
ទំនុកតម្កើង 40: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.