ទំនុកតម្កើង 58
58
ព្រះជាម្ចាស់ជាចៅក្រមនៅលើផែនដី
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។
1ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដី
តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ?
តើអ្នករាល់គ្នាកាត់ក្ដីឲ្យមនុស្សលោក
ដោយយុត្តិធម៌ឬ?
2ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា
ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា
អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ
រាលដាលនៅលើផែនដីនេះ។
3មនុស្សអាក្រក់មានចិត្តវៀចវេរ តាំងពីក្នុងផ្ទៃម្ដាយ
ហើយចេះកុហក និងវង្វេង
តាំងពីទើបកើតមកម៉្លេះ។
4គេមានពិសដូចពស់វែក គេធ្វើថ្លង់
ធ្វើមិនដឹងមិនឮដូចសត្វពស់
5ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ
គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។
6ឱព្រះជាម្ចាស់អើយ
សូមកាច់បំបាក់ធ្មេញរបស់ពួកគេ!
ព្រះអម្ចាស់អើយ
សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ!
7សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅ
ដូចទឹកហូរឥតត្រឡប់
សូមឲ្យពួកគេបានរាបដូចជាស្មៅ
ដែលមនុស្សដើរជាន់។
8សូមឲ្យពួកគេប្រៀបដូចជាជន្លេន
ដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅ
សូមឲ្យពួកគេប្រៀបដូចជាកូនរលូត
ស្លាប់ទៅ ទាំងពុំឃើញពន្លឺ
9ព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្ស
អាក្រក់វិនាសសូន្យទៅ
ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង
ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ
ខៀវស្រស់ក្ដី ឬក្រៀមទៅហើយក្ដី។
10រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ
ដោយបានឃើញព្រះជាម្ចាស់
សងសឹកជំនួសពួកគេ
ហើយគេលាងជើងនៅក្នុងឈាម
របស់មនុស្សអាក្រក់។
11ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា:
ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់
ពិតមែនហើយ មានព្រះជាម្ចាស់មួយព្រះអង្គ
ជំនុំជម្រះមនុស្សលោក។
Currently Selected:
ទំនុកតម្កើង 58: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.