ទំនុកតម្កើង 59
59
សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។ នៅពេលដែលស្ដេចសូលចាត់គេឲ្យទៅព័ទ្ធដំណាក់ស្ដេចដាវីឌ ដើម្បីធ្វើគុតព្រះអង្គ។
1ព្រះនៃទូលបង្គំអើយ!
សូមរំដោះទូលបង្គំឲ្យរួចពី
ខ្មាំងសត្រូវរបស់ទូលបង្គំផង
សូមការពារទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ
របស់អស់អ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ។
2សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ
របស់អស់អ្នកដែលប្រព្រឹត្តទុច្ចរិត
សូមសង្គ្រោះទូលបង្គំឲ្យរួចផុត
ពីមនុស្សស្រេកឈាម។
3 ព្រះអម្ចាស់អើយ!
ទោះបីទូលបង្គំពុំបានប្រព្រឹត្តអ្វីខុស
ឬប្រព្រឹត្តអំពើបាបណាមួយក៏ដោយ
ក៏ពួកគេនាំគ្នាពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ
មនុស្សមានអំណាចឃុបឃិតគ្នា
ប្រឆាំងនឹងទូលបង្គំដែរ។
4ទោះបីទូលបង្គំគ្មានកំហុសអ្វីក៏ដោយ
ពួកគេខំរូតរះរៀបចំខ្លួនប្រឆាំងនឹងទូលបង្គំ
ឱព្រះអង្គអើយ សូមតើនឡើង
យាងមករកទូលបង្គំ
សូមទតមកទូលបង្គំផង។
5ឱព្រះជាអម្ចាស់អើយ
ព្រះអង្គជាព្រះនៃពិភពទាំងមូល
ព្រះអង្គជាព្រះនៃជនជាតិអ៊ីស្រាអែល
សូមតើនឡើង
ដាក់ទោសប្រជាជាតិទាំងអស់នោះ
សូមកុំប្រណីសន្ដោសពួកក្បត់ដ៏ទុច្ចរិត
ទាំងនោះឡើយ!។
- សម្រាក
6ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាច
ហើយនាំគ្នាលូដូចឆ្កែ
គេដើរក្រវែលជុំវិញទីក្រុង។
7មាត់របស់គេពោរពេញទៅដោយ
ពាក្យសម្ដីអាក្រក់
ពាក្យសម្ដីរបស់គេប្រៀបបាននឹងដាវ
គេគិតថា គ្មាននរណាស្ដាប់ឮទេ?
8ចំណែកឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ
ព្រះអង្គសើចចំអកឲ្យពួកគេ
ព្រះអង្គចំអកឲ្យប្រជាជាតិទាំងនោះ។
9ទូលបង្គំសម្លឹងមើលទៅព្រះអង្គ
ព្រោះព្រះអង្គជាកម្លាំងនៃទូលបង្គំ
ព្រះជាម្ចាស់ជាកំពែងការពារទូលបង្គំ។
10ព្រះរបស់ខ្ញុំដែលប្រកបដោយព្រះហឫទ័យ
មេត្តាករុណា ទ្រង់យាងមករកខ្ញុំ
ព្រះអង្គឲ្យខ្ញុំបានសប្បាយ
ដោយឃើញខ្មាំងសត្រូវបរាជ័យ។
11ឱព្រះអម្ចាស់ជាខែលការពារយើងខ្ញុំអើយ
សូមកុំប្រហារពួកគេឡើយ
ក្រែងលោប្រជាជនទូលបង្គំ
ភ្លេចអំពីជ័យជម្នះរបស់ព្រះអង្គ
តែសូមអង្រួន និងច្រានទម្លាក់ពួកគេ
ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ!។
12ពេលហារមាត់និយាយ
គេពោលចេញមកសុទ្ធតែ
ពាក្យសម្ដីពោរពេញទៅដោយអំពើបាប
ដូច្នេះ សូមឲ្យពួកគេជាប់អន្ទាក់
ដោយសារតែចិត្តអួតអាងរបស់ខ្លួន!
ដ្បិតពួកគេគិតតែពីជេរប្រទេចផ្ដាសា
និងនិយាយកុហក។
13សូមបំផ្លាញពួកគេ
ឲ្យវិនាសអន្តរាយយ៉ាងទាន់ហន់ទៅ
សូមបំផ្លាញពួកគេឲ្យវិនាសសូន្យទៅ!
ពេលនោះ មនុស្សគ្រប់ៗគ្នានឹងដឹងថា
ព្រះជាម្ចាស់គ្រប់គ្រងនៅស្រុកអ៊ីស្រាអែល
ហើយព្រះអង្គក៏គ្រប់គ្រង
រហូតដល់ស្រុកដាច់ស្រយាលនៃផែនដីដែរ។
- សម្រាក
14ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាច
ហើយនាំគ្នាលូដូចឆ្កែ
គេដើរក្រវែលជុំវិញទីក្រុង។
15ពួកគេដើរចុះដើរឡើង ស្វែងរកអាហារ
ក៏ប៉ុន្តែ គេនាំគ្នាគ្រហឹម ព្រោះស៊ីមិនឆ្អែត។
16រីឯទូលបង្គំវិញ
ទូលបង្គំច្រៀងសរសើរព្រះចេស្ដារបស់ព្រះអង្គ
នៅពេលព្រឹក ទូលបង្គំថ្លែងពីព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គ
ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំ
និងជាជម្រកនៅពេលទូលបង្គំមានអាសន្ន។
17ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ
ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំ
ជាព្រះដែលមានព្រះហឫទ័យ
មេត្តាករុណាទូលបង្គំ។
Currently Selected:
ទំនុកតម្កើង 59: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.