ទីតុស 1
1
សេចក្ដីផ្ដើម
1ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត*។ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ 2អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។ 3នៅពេលកំណត់ ព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។
4 មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿ ដែលយើងមានរួមគ្នា។
សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។
កិច្ចការដែលលោកទីតុសត្រូវបំពេញនៅកោះក្រែត
5ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យ* នៅតាមក្រុងនីមួយៗ ដូចខ្ញុំបានផ្ដាំរួចហើយ 6 គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថាជាកូនខិលខូច មិនចេះស្ដាប់បង្គាប់។ 7ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាលត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនចំណូលស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។ 8ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ សុចរិត ចិត្តបរិសុទ្ធ* ចេះទប់ចិត្ត 9ជាប់ចិត្តនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីឲ្យមានសមត្ថភាពដាស់តឿនអ្នកដទៃ តាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។
10មានមនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿ មានចិត្តរឹងរូស ព្រោកប្រាជ្ញឥតបានការ និងបោកប្រាស់គេទៀតផង។ 11ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតពួកគេបានធ្វើឲ្យកើតវឹកវរក្នុងក្រុមគ្រួសារជាច្រើន ដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។ 12មានម្នាក់ក្នុងចំណោមពួកគេ ដែលជាព្យាការី*របស់គេផ្ទាល់ ពោលថា: «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហក ជាសត្វតិរច្ឆានដ៏សាហាវ និងជាមេកម្ជិល ដែលគិតតែពីស៊ីផឹក!»។ 13ពាក្យនេះពិតណាស់! ដូច្នេះ ត្រូវស្ដីបន្ទោសគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ 14កុំឲ្យជាប់ចិត្តនឹងរឿងព្រេងរបស់សាសន៍យូដា និងជាប់ចិត្តទៅលើបទបញ្ជាផ្សេងៗរបស់ពួកអ្នក ដែលបានងាកចេញពីសេចក្ដីពិតបានតែងនោះឡើយ។ 15ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មង និងមិនជឿ អ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។ 16គេប្រកាសថាខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ តាមអំពើដែលគេប្រព្រឹត្ត គេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្តអំពើល្អឡើយ។
Currently Selected:
ទីតុស 1: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.