John 21
21
1 ក្រោយពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សរបស់ព្រះអង្គឃើញម្តងទៀតនៅបឹងទីបេរាស គឺព្រះអង្គបានបង្ហាញឲ្យឃើញបែបយ៉ាងនេះ
2 គឺពេលលោកស៊ីម៉ូនពេត្រុស លោកថូម៉ាសដែលហៅថាឌីឌីម លោកណាថាណែលដែលមកពីភូមិកាណា ស្រុកកាលីឡេ កូនប្រុសរបស់លោកសេបេដេ និងពួកសិស្សរបស់ព្រះអង្គពីរនាក់ទៀតបាននៅជាមួយគ្នា
3 ហើយនៅពេលនោះ លោកស៊ីម៉ូនពេត្រុសក៏ប្រាប់ពួកគេថា៖ «ខ្ញុំទៅនេសាទត្រី» ពួកគេក៏ឆ្លើយថា៖ «យើងទៅជាមួយដែរ» ពួកគេក៏ចុះទូកទៅ ប៉ុន្ដែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។
4 ពេលព្រឹកឡើង ព្រះយេស៊ូបានឈរនៅមាត់បឹង ប៉ុន្ដែពួកសិស្សមិនស្គាល់ថា នោះជាព្រះយេស៊ូទេ។
5 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនអើយ! តើមានបានត្រីដែរឬទេ?» ពួកគេទូលឆ្លើយថា៖ «គ្មានទេ!»
6 ដូច្នេះព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរទម្លាក់អួនទៅខាងស្តាំទូក នោះទើបចាប់ត្រីបាន!» ដូច្នេះពួកគេក៏ធ្វើតាម ប៉ុន្ដែទាញមកវិញមិនរួចទេ ព្រោះជាប់ត្រីច្រើនពេក។
7 ពេលនោះសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ គាត់និយាយទៅលោកពេត្រុសថា៖ «នោះជាព្រះអម្ចាស់ទេតើ!» ពេលលោកស៊ីម៉ូនពេត្រុសបានឮថាជាព្រះអម្ចាស់ គាត់ក៏យកអាវក្រៅដណ្ដប់ខ្លួនលោតចុះទៅក្នុងបឹង ព្រោះគាត់នៅខ្លួនទទេ
8 រីឯពួកសិស្សផ្សេងទៀតបានអុំទូកអូសអួនជាប់ត្រីនោះមកច្រាំង ដ្បិតនៅមិនឆ្ងាយទេ គឺប្រហែលមួយរយម៉ែត្រប៉ុណ្ណោះ។
9 ពេលពួកគេបានឡើងដល់ដីគោក ពួកគេក៏ឃើញនំប៉័ង ព្រមទាំងរងើកភ្លើងដែលមានត្រីអាំងលើនោះ។
10 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរយកត្រីខ្លះដែលទើបនឹងចាប់បាននោះមក!»
11 លោកស៊ីម៉ូនពេត្រុសក៏ឡើងមកទាញអួនដែលមានត្រីធំៗពេញដាក់លើគោក គឺមានត្រីមួយរយហាសិបបីក្បាល ហើយទោះបីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។
12 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកបរិភោគចុះ» ហើយគ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា តើលោកជាអ្នកណាទេ? ព្រោះពួកគេដឹងហើយថា នោះជាព្រះអម្ចាស់។
13 ព្រះយេស៊ូក៏យាងទៅយកនំប៉័ង និងត្រីប្រទានឲ្យពួកគេ។
14 នេះជាលើកទីបីហើយដែលព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សឃើញ ក្រោយពីព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។
15 ពេលនោះ ក្រោយពេលពួកគេបរិភោគរួច ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំជាងពួកអ្នកទាំងនេះដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំផង!»
16 ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីពីរទៀតថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ចូរថែទាំចៀមរបស់ខ្ញុំផង!»
17 ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» លោកពេត្រុសបានព្រួយចិត្ត ព្រោះព្រះអង្គមានបន្ទូលសួរគាត់ដល់ទៅបីដងថា តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ? ដូច្នេះគាត់ទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ព្រះអង្គដឹងគ្រប់ការទាំងអស់ គឺព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីដល់ចៀមរបស់ខ្ញុំផង!
18 ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា ពេលអ្នកនៅក្មេង អ្នកស្លៀកពាក់ខ្លួនឯង ហើយទៅណាតាមចិត្ត ប៉ុន្ដែពេលអ្នកចាស់ អ្នកនឹងសន្ធឹងដៃរបស់អ្នក ហើយម្នាក់ទៀតនឹងស្លៀកពាក់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ»។
19 ព្រះអង្គមានបន្ទូលដូច្នេះ គឺបង្ហាញអំពីរបៀបដែលគាត់នឹងត្រូវស្លាប់ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏ប្រាប់គាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»
20 ពេលលោកពេត្រុសងាកក្រោយ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់នោះកំពុងដើរតាមដែរ។ សិស្សនោះហើយដែលបានផ្អែកលើព្រះឱរារបស់ព្រះអង្គ ហើយបានទូលសួរព្រះអង្គនៅក្នុងពេលអាហារល្ងាចថា ព្រះអម្ចាស់អើយ! តើអ្នកក្បត់ព្រះអង្គជានរណា?
21 ពេលលោកពេត្រុសឃើញអ្នកនោះ ក៏ទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះយ៉ាងដូចម្តេចដែរ?»
22 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើខ្ញុំចង់ឲ្យអ្នកនោះនៅរស់រហូតដល់ខ្ញុំមកវិញ តើទាក់ទងអ្វីនឹងអ្នក? ចូរអ្នកមកតាមខ្ញុំចុះ!»
23 ដូច្នេះពាក្យនោះក៏លេចឮក្នុងចំណោមពួកបងប្អូនថា សិស្សនោះមិនស្លាប់ទេ ប៉ុន្ដែព្រះយេស៊ូមិនបានមានបន្ទូលថា សិស្សនោះមិនស្លាប់ទេ គឺគ្រាន់តែមានបន្ទូលប៉ុណ្ណោះថា៖ «បើខ្ញុំចង់ឲ្យអ្នកនោះនៅស់រហូតដល់ខ្ញុំមកវិញ តើទាក់ទងអ្វីនឹងអ្នក»។
24 សិស្សនោះហើយដែលបានធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ហើយបានកត់ត្រារឿងទាំងនេះទុក រីឯយើងក៏ដឹងថាសេចក្ដីបន្ទាល់របស់គាត់ជាការពិត។
25 មានការច្រើនទៀតដែលព្រះយេស៊ូបានធ្វើ ហើយបើកត់ត្រាឲ្យបានល្អិតល្អន់ នោះខ្ញុំយល់ឃើញថា ពិភពលោកនេះគ្មានកន្លែងល្មមសម្រាប់ទុកសៀវភៅទាំងនោះទេ។
S'ha seleccionat:
John 21: KCB
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.