Luke 19
19
1 ពេលចូលដល់ក្នុងក្រុងយេរីខូរ ព្រះអង្គក៏យាងកាត់ក្រុង
2 មើល៍ មានបុរសម្នាក់ឈ្មោះសាខេ គាត់ជាមេអ្នកទារពន្ធដារម្នាក់ ហើយជាអ្នកមាន
3 គាត់កំពុងរកមើលថានរណាជាព្រះយេស៊ូ ប៉ុន្ដែគាត់មិនអាចមើលឃើញសោះពីក្នុងចំណោមបណ្ដាជន ព្រោះគាត់មានមាឌតូចល្អិត។
4 គាត់រត់ទៅមុខមុន ហើយឡើងលើដើមល្វាដើម្បីមើលឃើញព្រះអង្គ ព្រោះព្រះអង្គឆ្លងកាត់ជិតដល់ផ្លូវនោះហើយ
5 ពេលព្រះអង្គយាងមកដល់កន្លែងនោះហើយ ព្រះយេស៊ូក៏មើលទៅលើ ទាំងមានបន្ទូលទៅគាត់ថា៖ «សាខេអើយ! ចូរប្រញាប់ចុះមក ព្រោះខ្ញុំត្រូវនៅផ្ទះរបស់អ្នកថ្ងៃនេះ»។
6 គាត់ក៏ប្រញាប់ចុះមកស្វាគមន៍ព្រះអង្គទាំងអំណរ។
7 ពេលមនុស្សទាំងអស់ឃើញ ក៏រអ៊ូរទាំថា៖ «គាត់ចូលទៅស្នាក់នៅជាមួយមនុស្សបាប!»
8 លោកសាខេក៏ក្រោកឈរទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំចែកទ្រព្យសម្បត្ដិពាក់កណ្ដាលរបស់ខ្ញុំដល់អ្នកក្រីក្រ ហើយបើខ្ញុំកេងបន្លំអ្វីមួយពីអ្នកណាម្នាក់ ខ្ញុំនឹងសងវិញមួយជាបួនដង»។
9 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះគាត់ក៏ជាពូជពង្សរបស់លោកអ័ប្រាហាំដែរ
10 ដ្បិតកូនមនុស្សបានមករក និងសង្គ្រោះអ្នកដែលវង្វេង»។
11 កាលពួកគេកំពុងស្ដាប់សេចក្ដីទាំងនេះ ព្រះអង្គមានបន្ទូលបន្ថែមជារឿងប្រៀបប្រដូចមួយទៀត ព្រោះតែព្រះអង្គកំពុងនៅជិតក្រុងយេរូសាឡិម រួចពួកគេស្មានថានគរព្រះជាម្ចាស់នឹងលេចមកភ្លាមៗ
12 គឺព្រះអង្គមានបន្ទូលថា៖ «មានបុរសត្រកូលខ្ពង់ខ្ពស់ម្នាក់ត្រូវធ្វើដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលយកនគរមួយសម្រាប់គាត់ រួចត្រូវត្រលប់មកវិញ
13 កាលបានហៅបាវបម្រើទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណា និងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។
14 ប៉ុន្ដែជនជាតិរបស់គាត់ស្អប់គាត់ ក៏ចាត់តំណាងឲ្យទៅតាមក្រោយគាត់ដើម្បីប្រាប់ថា យើងមិនចង់ឲ្យម្នាក់នេះគ្រប់គ្រងលើយើងទេ។
15 កាលទទួលនគរនោះហើយ គាត់ក៏ត្រលប់មកវិញ ហើយប្រាប់ឲ្យគេហៅបាវបម្រើទាំងនោះមក ជាពួកអ្នកដែលគាត់បានឲ្យប្រាក់ ដើម្បីឲ្យគាត់ដឹងថា ពួកគេរកស៊ីចំណេញបានអ្វីខ្លះ។
16 អ្នកទីមួយចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានដប់មីណា។
17 គាត់ក៏ប្រាប់បាវបម្រើនោះថា ប្រសើរណាស់បាវបម្រើដ៏ល្អអើយ! ដោយព្រោះអ្នកស្មោះត្រង់ក្នុងកិច្ចការតូចតាច ចូរអ្នកមានសិទ្ធិអំណាចគ្រប់គ្រងដប់ក្រុងចុះ។
18 អ្នកទីពីរចូលមកប្រាប់ថា លោកម្ចាស់អើយ! មួយមីណារបស់លោកចំណេញបានប្រាំមីណា។
19 គាត់ប្រាប់បាវបម្រើនោះដែរថា ចូរអ្នកគ្រប់គ្រងប្រាំក្រុងចុះ។
20 បាវបម្រើម្នាក់ទៀតបានមកប្រាប់ថា លោកម្ចាស់អើយ! មើល៍ មួយមីណារបស់លោក ខ្ញុំបានខ្ចប់ទុកក្នុងកន្សែង
21 ដ្បិតខ្ញុំខ្លាចលោកណាស់ ព្រោះលោកជាមនុស្សតឹងរ៉ឹង លោកដកយកអ្វីដែលលោកមិនបានទុក ហើយច្រូតអ្វីដែលលោកមិនបានសាបព្រោះ។
22 គាត់ក៏ប្រាប់បាវបម្រើនោះថា បាវបម្រើដ៏អាក្រក់អើយ! ខ្ញុំនឹងជំនុំជម្រះអ្នកដោយសារសំដីរបស់អ្នក បើអ្នកដឹងថា ខ្ញុំជាមនុស្សម្នាក់តឹងរឹង ដកយកអ្វីដែលមិនបានទុក ហើយច្រូតអ្វីដែលមិនបានសាបព្រោះដែរ
23 ហេតុអ្វីបានជាមិនដាក់ប្រាក់របស់ខ្ញុំនៅកន្លែងចងការ ដើម្បីពេលខ្ញុំមកវិញ នោះប្រមូលបានទាំងដើមទាំងការដូច្នេះ?
24 រួចគាត់ប្រាប់ពួកអ្នកឈរនៅក្បែរនោះថា ចូរដកយកប្រាក់មួយមីណាពីវាឲ្យទៅម្នាក់ទៀតដែលមានដប់មីណាទៅ។
25 ប៉ុន្ដែអ្នកទាំងនោះប្រាប់គាត់ថា លោកម្ចាស់អើយ! អ្នកនោះមានដប់មីណាហើយ។
26 ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមាននឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង
27 រីឯពួកសត្រូវរបស់ខ្ញុំ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងលើពួកគេ ចូរនាំពួកគេមកទីនេះ ហើយសម្លាប់នៅមុខខ្ញុំទៅ»។
28 កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ក៏ធ្វើដំណើរបន្ដទៀតឡើងទៅក្រុងយេរូសាឡិម
29 ហើយពេលមកជិតដល់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំមួយឈ្មោះភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ
30 ដោយមានបន្ទូលថា៖ «ចូរទៅក្នុងភូមិនៅទល់មុខនោះ ពេលអ្នកចូលទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយ ហើយនាំវាមក។
31 ប្រសិនបើមានអ្នកណាសួរពួកអ្នកថា ហេតុអ្វីពួកអ្នកស្រាយវា? ចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការវា»។
32 ពួកអ្នកដែលព្រះអង្គបានចាត់ក៏ចេញដំណើរទៅ ហើយបានឃើញដូចដែលព្រះអង្គបានប្រាប់ពួកគេមែន
33 ពេលកំពុងស្រាយកូនលា ម្ចាស់របស់វាសួរពួកគេថា៖ «ហេតុអ្វីពួកអ្នកស្រាយវាដូច្នេះ?»
34 ពួកគេក៏ឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។
35 ពួកគេក៏បានដឹកកូនលានោះមកឯព្រះយេស៊ូ រួចក៏ក្រាលអាវរបស់ពួកគេលើខ្នងវា និងបានបញ្ជិះព្រះយេស៊ូលើនោះ។
36 ពេលព្រះអង្គកំពុងយាងទៅ ពួកគេក៏ក្រាលអាវរបស់ខ្លួននៅលើផ្លូវ។
37 កាលព្រះអង្គមកដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សច្រើនកុះករចាប់ផ្ដើមអរសប្បាយទាំងអស់គ្នា ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ដោយសំឡេងឮៗអំពីការអស្ចារ្យទាំងអស់ដែលពួកគេបានឃើញ
38 ថា៖ «សូមថ្វាយព្រះពរដល់ស្ដេចមួយអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ចូរមានសេចក្ដីសុខសាន្ដនៅស្ថានសួគ៌ និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត»។
39 ពួកអ្នកខាងគណៈផារិស៊ីខ្លះបានទូលពីក្នុងចំណោមបណ្ដាជនទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមស្ដីឲ្យពួកសិស្សរបស់លោកផង»
40 ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀមស្ងាត់ នោះថ្មនឹងស្រែកឡើង»។
41 នៅពេលព្រះអង្គយាងមកជិតដល់ក្រុងយេរូសាឡិម ពេលព្រះអង្គមើលឃើញក្រុង ក៏យំស្រណោះក្រុងនោះ
42 ថា៖ «បើអ្នក គឺអ្នកហ្នឹងហើយ គួរតែស្គាល់សេចក្ដីដែលធ្វើឲ្យមានសេចក្ដីសុខសាន្ដនៅថ្ងៃនេះ! ប៉ុន្ដែពេលនេះសេចក្ដីនោះបានលាក់កំបាំងពីភ្នែករបស់អ្នកទៅហើយ
43 ដ្បិតនឹងមានថ្ងៃធ្លាក់មកលើអ្នក គឺនៅពេលនោះ ពួកសត្រូវរបស់អ្នកសង់របងចម្រឹងព័ទ្ធជុំវិញអ្នក ហើយស្ទាក់អ្នកគ្រប់ទិសទាំងអស់
44 ពួកគេនឹងកម្ទេចអ្នករាបដល់ដី ព្រមជាមួយនឹងកូនចៅរបស់អ្នកដែលនៅក្នុងអ្នកផង ពួកគេក៏មិនទុកឲ្យថ្មមួយដុំត្រួតលើគ្នានៅក្នុងអ្នកដែរ ព្រោះអ្នកពុំបានដឹងពីពេលវេលានៃការយាងមកប្រោសអ្នកសោះ»។
45 ពេលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ក៏ចាប់ផ្ដើមបណ្ដេញពួកអ្នកកំពុងលក់ដូរ
46 ដោយមានបន្ទូលទៅពួកគេថា៖ «មានសេចក្ដីបានចែងទុកមកថា ដំណាក់របស់យើងជាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជាសំបុកចោរទៅវិញ»
47 រួចព្រះអង្គក៏បង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ រីឯពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកមេដឹកនាំប្រជាជនវិញ កំពុងរកមធ្យោបាយសម្លាប់ព្រះអង្គ
48 ប៉ុន្ដែពួកគេរកមិនឃើញមធ្យោបាយណាមួយដែលអាចឲ្យពួកគេធ្វើបានសោះ ព្រោះប្រជាជនទាំងអស់កំពុងជក់ចិត្ដស្ដាប់ព្រះអង្គ។
S'ha seleccionat:
Luke 19: KCB
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.