Matthew 6
6
1 ប៉ុន្ដែចូរប្រយ័ត្ន កុំបង្ហាញសេចក្ដីសុចរិតរបស់អ្នករាល់គ្នានៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញប៉ុណ្ណោះ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌នោះឡើយ។
2 ដូច្នេះ ពេលអ្នកចែកទាន ចូរកុំផ្លុំត្រែ ដើម្បីចេញមុខ ដូចជាពួកមនុស្សមានពុតបានធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យគេសរសើរខ្លួននោះទេ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ។
3 ប៉ុន្ដែពេលអ្នកចែកទាន ចូរកុំឲ្យដៃឆ្វេងរបស់អ្នកដឹងការដែលដៃស្ដាំរបស់អ្នកធ្វើឡើយ
4 ដើម្បីឲ្យការចែកទានរបស់អ្នកស្ងាត់កំបាំង ហើយព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំង នឹងប្រទានរង្វាន់ដល់អ្នក។
5 នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរកុំធ្វើដូចជាពួកមនុស្សមានពុត ព្រោះពួកគេចូលចិត្ដឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងទីសាធារណៈ ដើម្បីឲ្យគេមើលឃើញ ដ្បិតខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា គេមានរង្វាន់របស់គេហើយ
6 ផ្ទុយទៅវិញ ពេលអ្នកអធិស្ឋាន ចូរទៅក្នុងបន្ទប់ស្ងាត់ បិទទ្វារ ហើយអធិស្ឋានទៅព្រះវរបិតាដែលគង់នៅទីស្ងាត់កំបាំង នោះព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំងនឹងប្រទានរង្វាន់ដល់អ្នក។
7 ហើយនៅពេលអធិស្ឋាន ចូរកុំនិយាយប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃ ព្រោះគេគិតថា ព្រះរបស់គេឮសំដីដ៏ហូរហៀររបស់គេ។
8 ដូច្នេះ កុំធ្វើដូចពួកគេឡើយ ដ្បិតព្រះវរបិតាជ្រាបពីសេចក្ដីត្រូវការរបស់អ្នករាល់គ្នា មុនអ្នករាល់គ្នាទូលសុំទៅទៀត។
9 ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចនេះថា «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ
10 សូមឲ្យរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
11 សូមប្រទានអាហារប្រចាំថ្ងៃដល់យើងខ្ញុំនៅថ្ងៃនេះ។
12 សូមលើកលែងទោសកំហុសយើងខ្ញុំ ដូចជាយើងខ្ញុំបានលើកលែងទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។
13 សូមកុំបណ្ដោយយើងខ្ញុំឲ្យទៅក្នុងសេចក្ដីល្បួង ប៉ុន្ដែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្ដីអាក្រក់វិញ [ដ្បិតរាជ្យ ព្រះចេស្ដា និងសិរីល្អជារបស់ព្រះអង្គនៅអស់កល្បជានិច្ច អាម៉ែន]»។
14 ដ្បិតបើអ្នករាល់គ្នាលើកលែងទោសកំហុសដល់មនុស្ស នោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌នឹងលើកលែងទោសដល់អ្នករាល់គ្នាដែរ
15 ប៉ុន្ដែ បើអ្នករាល់គ្នាមិនលើកលែងទោសដល់មនុស្សទេ នោះព្រះវរបិតារបស់អ្នករាល់គ្នា ក៏មិនលើកលែងទោសកំហុសរបស់អ្នករាល់គ្នាដែរ។
16 នៅពេលអ្នករាល់គ្នាតមអាហារ ចូរកុំធ្វើមុខក្រៀមដូចជាពួកមនុស្សមានពុតឲ្យសោះ ពួកគេបង្ហាញទឹកមុខស្រពោន ដើម្បីឲ្យមនុស្សមើលឃើញថា ពួកគេកំពុងតមអាហារ។ ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ពួកគេមានរង្វាន់របស់ពួកគេហើយ។
17 ដូច្នេះនៅពេលអ្នកតមអាហារ ចូរលុបលាងមុខ ហើយលាបប្រេងលើក្បាលចុះ
18 ដើម្បីកុំឲ្យអ្នកបង្ហាញដល់មនុស្សថា អ្នកកំពុងតមអាហារ ប៉ុន្ដែបង្ហាញដល់ព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងវិញ ហើយព្រះវរបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់ដល់អ្នក។
19 ចូរកុំសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅផែនដីឲ្យសោះ ដ្បិតជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរគាស់ទម្លាយចូលលួចផង
20 ដូច្នេះ ចូរសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅស្ថានសួគ៌ ដ្បិតជាកន្លែងគ្មានកណ្ដៀរ គ្មានច្រែះស៊ីបំផ្លាញ ហើយក៏ជាកន្លែងគ្មានចោរគាស់ទម្លាយចូលលួចដែរ
21 ដ្បិតទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្ដរបស់អ្នកក៏នៅទីនោះដែរ។
22 ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺដែរ
23 ប៉ុន្ដែបើភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងត្រលប់ជាងងឹតសូន្យសុង ហើយបើពន្លឺក្នុងខ្លួនរបស់អ្នកជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនឹងទៅជាសូន្យសុងយ៉ាងណាទៅទៀត!
24 គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត។ អ្នករាល់គ្នាមិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ។
25 ដូច្នេះ ខ្ញុំបា្រប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត និងអ្វីដែលត្រូវបរិភោគ ឬផឹកនោះឡើយ ហើយក៏កុំខ្វល់ខ្វាយនឹងរូបកាយថាត្រូវស្លៀកពាក់អ្វីដែរ តើជីវិតមិនវិសេសជាងអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ?
26 ចូរមើលសត្វស្លាបលើមេឃ ដ្បិតពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ប្រមូលផលដាក់ជង្រុកទេ ប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌បានចិញ្ចឹមពួកវា តើអ្នករាល់គ្នាគ្មានតម្លៃលើសពួកវាទេឬ?
27 ក្នុងចំណោមអ្នករាល់គ្នា តើអ្នកដែលខ្វល់ខ្វាយអាចបន្ថែមកំពស់ខ្លួនឯងបានមួយហត្ថដែរឬទេ?
28 ហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយនឹងសម្លៀកបំពាក់យ៉ាងដូច្នេះ? ចូរសង្កេតមើលផ្កាព្រៃនៅតាមវាល ពួកវាដុះឡើងយ៉ាងដូចម្ដេច ពួកវាមិនធ្វើការ ឬត្បាញរវៃអ្វីឡើយ
29 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែស្ដេចសាឡូម៉ូនដែលមានសិរីរុងរឿងគ្រប់យ៉ាងក៏ស្លៀកពាក់មិនបានស្អាត ដូចជាផ្កាមួយទងក្នុងចំណោមផ្កាទាំងនេះផង។
30 បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាលដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ ឱមនុស្សមានជំនឿតិចអើយ! តើព្រះអង្គមិនធ្វើឲ្យអ្នករាល់គ្នាវិសេសជាងនោះទេឬ?
31 ដូច្នេះកុំខ្វល់ខ្វាយថា ត្រូវបរិភោគអ្វី ផឹកអ្វី ឬស្លៀកពាក់អ្វីឡើយ
32 ដ្បិតសាសន៍ដទៃស្វែងរករបស់ទាំងអស់នេះ ឯព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានជ្រាបថា អ្នករាល់គ្នាក៏ត្រូវការរបស់ទាំងអស់នេះដែរ។
33 ចូរស្វែងរកនគរព្រះជាម្ចាស់ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុន នោះព្រះជាម្ចាស់នឹងបំពេញគ្រប់សេចក្ដីត្រូវការរបស់អ្នករាល់គ្នា
34 ដូច្នេះ ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ រឿងថ្ងៃស្អែកចាំគិតថ្ងៃស្អែក ដ្បិតបញ្ហាមួយថ្ងៃៗល្មមគ្រប់គ្រាន់ហើយ។
S'ha seleccionat:
Matthew 6: KCB
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.