កំណើត​ពិភព​លោក 2

2
1អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី ចប់​សព្វ​គ្រប់​ហើយ។ 2នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​អុលឡោះ​បង្ហើយ​កិច្ច‌ការ​ដែល​ទ្រង់​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ច‌ការ​ទាំង​នោះ​មក អុលឡោះ​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ។ 3អុលឡោះ​ប្រទាន​ពរ​ឲ្យ​ថ្ងៃ​ទី​ប្រាំ​ពីរ និង​ញែក​ថ្ងៃ​នោះ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​ថ្ងៃ​នោះ អុលឡោះ​បញ្ចប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត។
4នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​អុលឡោះ​បាន​បង្កើត​មក។
មនុស្ស​ដើម​ដំបូង​បង្អស់
បុរស និង​ស្ត្រី នៅ​ក្នុង​សួន​អេដែន
ពេលអុលឡោះ‌តាអាឡាជា​ម្ចាស់​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី 5នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​ពុំ​ទាន់​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។ 6ប៉ុន្តែ មាន​ទឹក​ហូរ​ចេញ​ពី​ដី មក​ស្រោច​ស្រព​ផ្ទៃ​ដី​ទាំង​មូល។
7 អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស រួច​ទ្រង់​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។
8 អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​ធ្វើ​សួន​ឧទ្យាន​មួយ ក្នុង​ស្រុក​អេដែន​ដែល​នៅ​ខាង​កើត រួច​យក​មនុស្ស​ដែល​ទ្រង់​បាន​សូន ទៅ​ដាក់​ក្នុង​សួន​ឧទ្យាន​នោះ។ 9អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សម្រស់​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្តាល​សួន​ឧទ្យាន ក៏​មាន​ដើម​ឈើ​ដែល​ផ្តល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ ស្គាល់​អាក្រក់ដែរ។
10មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន​ឧទ្យាន ហើយ​នៅ​ត្រង់​សួន​ឧទ្យាន​ទន្លេ​នោះ ក៏​បែក​ចេញ​ជា​បួន។ 11ដៃ​ទន្លេ​ទី​មួយ ឈ្មោះ​ពីសុន គឺ​ទន្លេ​នេះ​ហើយ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវី‌ឡា ជា​ស្រុក​ដែល​មាន​មាស 12ដ៏​មាន​គុណ​ភាព​យ៉ាង​ល្អ​បំផុត ហើយ​ក៏​មាន​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។ 13ទន្លេ​ទី​ពីរ ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។ 14ទន្លេ​ទី​បី ឈ្មោះ​ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាសើុរ។ ទន្លេ​ទី​បួន ឈ្មោះ​អឺប្រាត។
15 អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឲ្យ​គេ​ភ្ជួរ​រាស់ និង​ថែ​រក្សា​សួន​នោះ។ 16អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​បញ្ជា​មនុស្ស​ដូច​តទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន 17តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ ពី​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។
18 អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​ថា៖ បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា។ 19អុលឡោះ‌តាអាឡាជា​ម្ចាស់​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សា​បក្សី​គ្រប់​យ៉ាង ដែល​ហើរ​នៅ​លើ​អាកាស រួច​ទ្រង់​នាំ​សត្វ​ទាំង​នោះ​មក​ឲ្យ​មនុស្ស ព្រោះ​អុលឡោះ​ចង់​ដឹង​ថា គេ​នឹង​ដាក់​ឈ្មោះ​ឲ្យ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ តាម​ដែល​មនុស្ស​ដាក់​ឲ្យ។ 20មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ស្រុក​ទាំង​អស់ ឲ្យ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​ឲ្យ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ អុលឡោះ​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។ 21ដូច្នេះ អុលឡោះ‌តាអាឡាជា​ម្ចាស់បាន​ធ្វើ​ឲ្យ​មនុស្ស​ដេក​លង់​លក់​បាត់​ស្មារតី។ ទ្រង់​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។ 22អុលឡោះ‌តាអាឡាជា​ម្ចាស់​យក​ឆ្អឹង​ជំនីរ​ដែល​ទ្រង់​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ទ្រង់​នាំ​នាង​មក​ជួប​អាដាម។ 23បុរស​ក៏​ពោល​ឡើង​ថា៖
«លើក​នេះ​ពិត​ជា​ឆ្អឹង
ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​ខ្ញុំ
ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​ខ្ញុំ
ត្រូវ​ហៅ​នាង​ថា “ស្ត្រី” ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។
24ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុក‌ម្តាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​រូប​កាយ​តែ​មួយ។
25ពេល​នោះ​បុរស និង​ភរិយា​របស់​គាត់ នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید