យ៉ូហាន ពាក្យលំនាំ
ពាក្យលំនាំ
លោកយ៉ូហាន ជា «សិស្សដែលព្រះយេស៊ូវស្រឡាញ់» ជាកូនរបស់លោកសេបេដេ និងជាប្អូនរបស់លោកយ៉ាកុប។ លោកបានរៀបរៀងកណ្ឌគម្ពីរនេះ ក្នុងគ.ស. ៩០-៩៥។
គោលបំណងរបស់លោកយ៉ូហាន
លោកមានបំណងបកស្រាយអត្ថន័យដ៏លាក់កំបាំងអំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូវបានធ្វើ ដើម្បីពង្រឹងជំនឿរបស់គ្រីស្ទបរិស័ទ។ លោករៀបរាប់តែព្រឹត្ដិការណ៍ខ្លះដែលជាទីសម្គាល់ បង្ហាញអំពីឋានៈរបស់ព្រះយេស៊ូវជាព្រះគ្រីស្ទ និងជាព្រះរាជបុត្រារបស់ព្រះ។
ពាក្យពេចន៍
លោកយ៉ូហានបានពន្យល់អត្ថន័យនៃជីវប្រវត្ដិព្រះយេស៊ូវ ដោយប្រើពាក្យពេចន៍ដកស្រង់ពីព្រះគម្ពីរសញ្ញាចាស់ និងទស្សនវិជ្ជាក្រិកជំនាន់នោះ។ ឧបមាថា៖
ព្រះបន្ទូល គឺព្រះយេស៊ូវ។ ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះវរបិតា ទ្រង់បានបង្កើតអ្វីៗទាំងអស់ ទ្រង់ជ្រាប ព្រះតម្រិះរបស់ព្រះវរបិតាសព្វគ្រប់ ហើយទ្រង់ប្រសូតមកជាមនុស្ស ដើម្បីបង្ហាញឲ្យមនុស្សយើងស្គាល់ព្រះវរបិតា។
ព្រះនាម សំដៅទៅលើឫទ្ធានុភាព និងអំណាចរបស់ព្រះ។
សិរីល្អ គឺព្រះហឫទ័យមេត្ដាករុណារបស់ព្រះវរបិតា។ លោកយ៉ូហានមានបំណងពន្យល់ថា៖ ព្រះយេស៊ូវបង្ហាញព្រះហឫទ័យមេត្ដាករុណារបស់ព្រះវរបិតាគ្រប់ពេលវេលា ជាពិសេស នៅពេលព្រះអង្គសោយទិវង្គត។
ពេលកំណត់ ជាពេលដែលព្រះយេស៊ូវសម្តែងសិរីល្អ គឺពេលព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង។
ជីវិតឬជីវិតអស់កល្បជានិច្ច គឺព្រះជន្មរបស់ព្រះវរបិតាផ្ទាល់ ដែលព្រះយេស៊ូវប្រោសប្រទានឲ្យអស់អ្នកជឿសង្ឃឹមលើព្រះអង្គ។ លោកយ៉ូហានប្រើពាក្យ «ជីវិត» មានន័យប្រហាក់ប្រហែលនឹងពាក្យ «ព្រះរាជ្យរបស់ព្រះ» ដែលលោកម៉ាថាយ លោកម៉ាកុស និងលោកលូកានិយមប្រើ។
សេចក្ដីពិត ឬសេចក្ដីពិតប្រាកដតែមួយ គឺព្រះដែលមានព្រះជន្មដ៏ពេញលក្ខណៈ។ ព្រះយេស៊ូវ សម្តែងសេចក្ដីពិតឲ្យមនុស្សលោកស្គាល់ គឺព្រះអង្គសម្តែងឲ្យស្គាល់ព្រះវរបិតា។ អ្នកជឿទទួលសេចក្ដីទាំងប៉ុន្មាន ដែលព្រះយេស៊ូវសម្តែងប្រាប់ ហើយចូលរួមជាមួយព្រះអង្គ។
រីឯហេតុទាំងប៉ុន្មានដែលបណ្ដាលឲ្យមនុស្សឃ្លាតចាកពីព្រះ លោកយ៉ូហានហៅថា សេចក្ដីភូតភរ ឬសេចក្ដីកុហក។ ដូច្នេះ អារក្សសាតាំង ជាមេភូតភរ ឬអ្នកសម្លាប់ ព្រោះវានាំមនុស្សឲ្យឃ្លាតឆ្ងាយពីព្រះដែលជាប្រភពនៃជីវិត និងជាសេចក្ដីពិត។
ស្មរបន្ទាល់ គឺអ្នកផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកស្គាល់ហេតុការណ៍ដែលកើតមានមក និងពន្យល់អត្ថន័យផង។ ព្រះវរបិតា ព្រះវិញ្ញាណ លោកយ៉ូហាន-បាទីស្ទ សាវកយ៉ូហាន ពួកសិស្ស និងកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូវបានធ្វើសុទ្ធតែជាបន្ទាល់ បញ្ជាក់អំពីឋានៈរបស់ព្រះយេស៊ូវ។
ពន្លឺ និងសេចក្ដីងងឹត ពន្លឺ គឺព្រះជន្មផ្ទាល់របស់ព្រះ និងរបស់ព្រះគ្រីស្ទ។ រីឯសេចក្ដីងងឹតសំដៅទៅលើអំពើបាប ឬចិត្ដអាក្រក់ ដែលបណ្ដាលឲ្យមនុស្សវៀរចាកឆ្ងាយពីព្រះ ពុំអាចទទួលព្រះជន្មរបស់ព្រះអង្គ។
ពិភពលោក លោកីយ៍ មនុស្សលោក ឬលោក ពាក្យនេះមានអត្ថន័យផ្សេងៗ ជួនកាលមានន័យថាមនុស្សដែលរស់នៅលើផែនដីនេះ ជួនកាលសំដៅទៅលើសេចក្ដីអាក្រក់គ្រប់បែបយ៉ាងដែលមាននៅក្នុងចិត្ដគំនិតមនុស្ស ជាពិសេសចិត្ដរឹងរូសរបស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះគ្រីស្ទ។
ស្គាល់ មានន័យថាជឿផង ស្រឡាញ់ផង។
«ដំណឹងល្អតែងដោយលោកយ៉ូហាន» ស្រួលអាន តែមានអត្ថន័យជ្រៅជាងគេ។ ត្រូវអានមួយៗ ជាច្រើនដង ដោយរិះគិតពិចារណា ជាពិសេសត្រូវទូលអង្វរព្រះវិញ្ញាណ សូមទ្រង់បំភ្លឺចិត្ដគំនិតឲ្យយល់។ «ព្រះវិញ្ញាណណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ជំពូក» (១៦.១៣)។
គម្រោងគម្ពីរយ៉ូហាន៖
• បុរេកថា (១.១-១៨)។
• លោកយ៉ូហាន-បាទីស្ទ និងសិស្សដើមដំបូងបង្អស់របស់ព្រះយេស៊ូវ (១.១៩-៥១)។
• ព្រះយេស៊ូវបំពេញព្រះបរមកិច្ចរបស់ព្រះអង្គ ក្នុងចំណោមប្រជាជន (២.១-១២.៥០)។
• ព្រះយេស៊ូវនៅក្រុងយេរូសាឡិម និងភូមិជុំវិញ (១៣.១-១៩.៤២)។
• ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យពួកសិស្សឃើញ (២០.១-៣១)។
• អវសានកថា ព្រះយេស៊ូវមកជួបពួកសិស្សនៅស្រុកកាលីឡេ (២១.១-៣៥)។
اکنون انتخاب شده:
យ៉ូហាន ពាក្យលំនាំ: គកស១៦
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
© 2016 United Bible Societies