លោកុប្បត្តិ 7

7
1បន្ទាប់មក ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ណូអេ​ថា​៖ “ចូរ​អ្នក និង​អ្នកផ្ទះ​ទាំងអស់​របស់អ្នក​ចូលទៅ​ក្នុង​ទូកធំ ដ្បិត​យើង​ឃើញថា ក្នុង​ជំនាន់​នេះ មានតែ​អ្នក​ទេ ដែល​សុចរិត​នៅចំពោះ​យើង​។ 2អ្នក​ត្រូវ​យក​ជាមួយ​អ្នក នូវសត្វ​ប្រាំពីរគូ​ពី​អស់ទាំង​សត្វជើងបួន​បរិសុទ្ធ គឺ​ឈ្មោល និង​ញី ហើយ​សត្វ​មួយគូ​ពី​សត្វជើងបួន​ដែល​មិន​បរិសុទ្ធ គឺ​ឈ្មោល និង​ញី 3ព្រមទាំង​សត្វ​ប្រាំពីរគូ​ពី​បក្សាបក្សីនៅលើអាកាស គឺ​ឈ្មោល និង​ញី ដើម្បីឲ្យ​ពូជ​របស់វា​មានជីវិតរស់​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល​។ 4ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរភ្លៀង​មកលើ​ផែនដី​រយៈពេល​សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​លុប​អ្វីៗដែលមានជីវិត​ទាំងអស់​ដែល​យើង​បាន​បង្កើត ចេញ​ពីលើ​ផ្ទៃ​ផែនដី”។ 5ណូអេ​ក៏​ធ្វើ​តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​គាត់​។
6ណូអេ​មាន​អាយុ​ប្រាំមួយរយ​ឆ្នាំ​ពេល​មាន​ទឹកជំនន់​លើ​ផែនដី​។ 7ណូអេ ពួក​កូនប្រុស​របស់គាត់ ប្រពន្ធ​របស់គាត់ និង​ប្រពន្ធ​របស់​ពួក​កូនប្រុស​គាត់​ដែល​នៅជាមួយ​គាត់ ក៏​ចូលទៅ​ក្នុង​ទូកធំ ដើម្បីឲ្យរួចផុតពី​ទឹកជំនន់​។ 8សត្វជើងបួន​បរិសុទ្ធ និង​សត្វជើងបួន​ដែល​មិន​បរិសុទ្ធ ព្រមទាំង​បក្សាបក្សី និង​អស់ទាំង​សត្វ​ដែល​លូនវារ​លើ​ដី 9មួយគូៗ គឺ​ឈ្មោល និង​ញី​បាន​មក​ឯ​ណូអេ​ក្នុង​ទូកធំ ដូចដែល​ព្រះ​បាន​បង្គាប់​ណូអេ​។
ទឹកជំនន់ធំ
10ប្រាំពីរ​ថ្ងៃ​ក្រោយមក ទឹកជំនន់​ក៏​មាន​លើ​ផែនដី​។
11នៅ​ឆ្នាំ​ទីប្រាំមួយរយ​នៃ​អាយុ​របស់​ណូអេ ក្នុង​ខែ​ទីពីរ ថ្ងៃ​ទី១៧ ក្នុង​ខែ​នោះ គឺ​នៅ​ថ្ងៃ​នោះ​ឯង ប្រភពទឹក​ទាំងអស់​នៃ​ទីជម្រៅ​ដ៏ធំ​បាន​ធ្លាយចេញមក ហើយ​បង្អួច​នៃ​មេឃ​ត្រូវបាន​បើក 12ភ្លៀង​ក៏​ធ្លាក់មក​លើ​ផែនដី​សែសិប​ថ្ងៃ​សែសិប​យប់​។ 13នៅ​ថ្ងៃ​ដដែល​នោះ ណូអេ ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត ព្រមទាំង​ប្រពន្ធ​របស់​ណូអេ និង​ប្រពន្ធ​ទាំង​បី​នាក់​របស់​ពួក​កូនប្រុស​គាត់​ដែល​នៅជាមួយ​គ្នា បាន​ចូលទៅ​ក្នុង​ទូកធំ 14ក៏​មាន​សត្វព្រៃ​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វស្រុក​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វលូនវារ​គ្រប់ប្រភេទ​ដែល​លូនវារ​លើ​ដី​តាម​ពូជ​របស់វា ព្រមទាំង​បក្សាបក្សី​គ្រប់ប្រភេទ​តាម​ពូជ​របស់វា គឺ​សត្វស្លាប​គ្រប់ប្រភេទ​ទាំងអស់ នៅជាមួយ​ពួកគេ​ដែរ​។ 15ដូច្នេះ សត្វទាំងនោះ​បាន​មក​ឯ​ណូអេ​ក្នុង​ទូកធំ​ទាំងគូៗ ពី​អស់ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​។ 16សត្វដែល​មក​នោះ ក៏​ចូលទៅ​ទាំង​ឈ្មោល​ទាំង​ញី​នៃ​គ្រប់ទាំង​សាច់ ដូចដែល​ព្រះ​បាន​បង្គាប់​ណូអេ រួច​ព្រះយេហូវ៉ា​ក៏​បិទ​ឲ្យ​គាត់​នៅខាងក្នុង​។
17ទឹកជំនន់​មាន​លើ​ផែនដី​រយៈពេល​សែសិប​ថ្ងៃ​។ ទឹក​បាន​កើនឡើង ហើយ​លើក​ទូកធំ ទូកធំ​ក៏​ឡើង​ផុតពី​ដី​។ 18ទឹក​ជន់ឡើង ហើយ​កើនឡើង​យ៉ាងខ្លាំង​លើ​ផែនដី ទូកធំ​ក៏​អណ្ដែត​លើ​ផ្ទៃ​ទឹក​។ 19ទឹក​បាន​ជន់ឡើង​កាន់តែខ្លាំងឡើងៗ​នៅលើ​ផែនដី ហើយ​គ្របលើ​អស់ទាំង​ភ្នំ​ខ្ពស់​នៅក្រោម​មេឃ​ទាំងមូល​។ 20ទឹក​បាន​ជន់ឡើង ១៥ ហត្ថ#7:20 ១៥ ហត្ថ​―ស្មើនឹង 7 ម៉ែត្រ។ 1 ហត្ថ​=46 សង់ទីម៉ែត្រ។​ពី​លើ​ភ្នំខ្ពស់ទាំងនោះ ហើយ​ភ្នំ​នានា​ក៏​ត្រូវបាន​គ្របបាំង​។ 21អស់ទាំង​សាច់​ដែល​រវើក​លើ​ផែនដី ក៏​ដាច់ដង្ហើម គឺ​បក្សាបក្សី សត្វស្រុក សត្វព្រៃ សត្វលូនវារ​គ្រប់ប្រភេទ​ដែល​ពពាក់ពពូន​លើ​ផែនដី និង​មនុស្ស​ទាំងអស់​។ 22អ្វីៗ​ទាំងអស់​ដែល​មាន​ខ្យល់​ដង្ហើម​ជីវិត​តាម​រន្ធច្រមុះ គឺ​អ្វីៗ​ទាំងអស់​ដែល​នៅលើ​ដីគោក​បាន​ស្លាប់​។ 23គឺយ៉ាងនេះឯង​ដែល​ព្រះអង្គ​បាន​លុប​អស់ទាំង​អ្វីៗដែលមានជីវិត​នៅលើ​ផ្ទៃ​ផែនដី​ចេញ ចាប់ពី​មនុស្ស រហូតដល់​សត្វស្រុក សត្វលូនវារ និង​បក្សាបក្សីនៅលើអាកាស​។ ពួកវា​ត្រូវបាន​លុបចេញ​ពី​ផែនដី ហើយ​សល់​តែ​ណូអេ និង​អ្នកដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​ប៉ុណ្ណោះ​។ 24ទឹក​ក៏​ជន់ឡើង​លើ​ផែនដី រយៈពេល​មួយរយហាសិប​ថ្ងៃ​៕

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید