យ៉ូហាន 8

8
1រីឯ​ព្រះយេស៊ូវ​យាង​ទៅ​ភ្នំ​ដើមអូលីវ​។
ស្ត្រីផិតក្បត់ត្រូវបានលើកលែងទោស
2ព្រលឹមឡើង ព្រះយេស៊ូវ​យាង​មក​ដល់​ព្រះវិហារ​ម្ដងទៀត ប្រជាជន​ទាំងមូល​ក៏​មករក​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​គង់ចុះ ហើយ​ចាប់ផ្ដើម​បង្រៀន​ពួកគេ​។
3ពេលនោះ ពួកគ្រូវិន័យ និងពួកផារិស៊ី​នាំ​ស្ត្រី​ម្នាក់​ដែល​គេ​ចាប់​បាន​ក្នុង​ការផិតក្បត់​មក ហើយ​ឲ្យ​នាង​ឈរ​នៅ​កណ្ដាលចំណោម 4រួច​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន នៅពេល​កំពុង​ប្រព្រឹត្តអំពើផិតក្បត់​។ 5តាម​ក្រឹត្យវិន័យ ម៉ូសេ​បាន​បង្គាប់​យើង​ឲ្យ​គប់ដុំថ្មសម្លាប់​ស្ត្រី​បែបនេះ​។ ដូច្នេះ តើ​លោក​ថា​ដូចម្ដេច​?”។ 6ពួកគេ​និយាយ​ល្បងល​ព្រះអង្គ​ដូច្នេះ ដើម្បីឲ្យ​បាន​រឿង#8:6 រឿង―ជាពាក្យជំនួយ។​ចោទប្រកាន់​ព្រះអង្គ​។
ប៉ុន្តែ​ព្រះយេស៊ូវ​វិញ ព្រះអង្គ​ឱនចុះ ហើយ​ចាប់ផ្ដើម​សរសេរ​នៅលើ​ដី​ដោយ​ព្រះអង្គុលី#8:6 ព្រះអង្គុលី―ពាក្យរាជសព្ទមានន័យថា “ម្រាមដៃ”។​។ 7នៅពេល​ពួកគេ​បន្ត​សួរ​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​ងើបឡើង ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរឲ្យ​អ្នក​ដែល​គ្មានបាប​ក្នុងចំណោម​អ្នករាល់គ្នា គប់​នាង​នឹង​ដុំថ្ម​មុនគេ​ចុះ​!”។
8រួច​ព្រះអង្គ​ទ្រង់​ឱន​ម្ដងទៀត ហើយ​សរសេរ​នៅលើ​ដី​។ 9ពួកគេ​ឮ​ដូច្នេះ#8:9 ឯកសារបុរាណខ្លះបន្ថែម “សតិសម្បជញ្ញៈបានចោទប្រកាន់ខ្លួនគេ”។ ក៏​ចេញទៅ​ម្នាក់ម្ដងៗ​ចាប់ពី​មនុស្ស​ចាស់ជាងគេ#8:9 ឯកសារបុរាណខ្លះបន្ថែម “រហូតដល់អ្នកក្រោយបង្អស់”។ ហើយ​សល់​តែ​ព្រះអង្គ និង​ស្ត្រី​ដែល​នៅ​កណ្ដាល​នោះ​ប៉ុណ្ណោះ​។ 10ព្រះយេស៊ូវ​ទ្រង់​ងើបឡើង ហើយ#8:10 ឯកសារបុរាណខ្លះបន្ថែម “ឃើញ​តែ​ស្ត្រី​នោះ”។​មានបន្ទូល​នឹង​នាង​ថា​៖“ស្ត្រី​អើយ តើ​ពួកគេ#8:10 ពួកគេ―ឯកសារបុរាណខ្លះថា “ពួក​ដែល​ចោទប្រកាន់​នាង”។នៅ​ឯណា​? គ្មានអ្នកណា​ផ្ដន្ទាទោស​នាង​ទេ​ឬ​?”។
11នាង​ទូលថា​៖ “គ្មានទេ ព្រះអម្ចាស់”។
ព្រះយេស៊ូវ​មានបន្ទូលថា​៖“ខ្ញុំ​ក៏មិន​ផ្ដន្ទាទោស​នាង​ដែរ​។ ចូរ​ទៅ​ចុះ ចាប់ពីឥឡូវនេះទៅ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ”។#8:11 ឯកសារបុរាណខ្លះគ្មាន 7:53-8:11។
ពន្លឺរបស់ពិភពលោក
12ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​សាជាថ្មី​ថា​៖“គឺ​ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក​។ អ្នក​ដែល​មកតាម​ខ្ញុំ មិន​ដើរ​ក្នុង​សេចក្ដីងងឹត​សោះឡើយ ប៉ុន្តែ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”។
13ពួកផារិស៊ី​និយាយថា​៖ “អ្នក​កំពុង​ធ្វើបន្ទាល់​អំពី​ខ្លួនអ្នក ពាក្យបន្ទាល់​របស់អ្នក​មិន​ពិត​ទេ”។
14ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ទោះបីជា​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ខ្លួនខ្ញុំ​ក៏ដោយ ក៏​ពាក្យបន្ទាល់​របស់ខ្ញុំ​គឺ​ពិត ពីព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ទីណា ហើយ​ទៅ​ទីណា រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​មិន​ដឹង​ថា ខ្ញុំ​មក​ពី​ទីណា ឬ​ទៅ​ទីណា​ទេ​។ 15អ្នករាល់គ្នា​វិនិច្ឆ័យ​តាម​សាច់ឈាម រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណាឡើយ​។ 16ប៉ុន្តែ​ទោះបើ​ខ្ញុំ​វិនិច្ឆ័យ​ក៏ដោយ ក៏​ការវិនិច្ឆ័យ​របស់ខ្ញុំ​គឺ​ពិត ពីព្រោះ​ខ្ញុំ​មិនមែន​នៅ​តែម្នាក់ឯង​ទេ គឺ​មាន​ខ្ញុំ និង​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។ 17សូម្បីតែ​នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា ក៏​មាន​សរសេរ​ទុកមក​ថា ពាក្យបន្ទាល់​របស់​មនុស្ស​ពីរ​នាក់​គឺ​ពិត​ហើយ​។ 18គឺ​ខ្ញុំ​ជា​អ្នក​ដែល​ធ្វើបន្ទាល់​អំពី​ខ្លួនខ្ញុំ ហើយ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ក៏​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ”។
19ពួកគេ​សួរ​ព្រះអង្គ​ថា​៖ “តើ​បិតា​របស់អ្នក​នៅ​ឯណា​?”។
ព្រះយេស៊ូវ​ទ្រង់​តបថា​៖“អ្នករាល់គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ ហើយក៏មិន​ស្គាល់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ​។ ប្រសិនបើ​អ្នករាល់គ្នា​បាន​ស្គាល់​ខ្ញុំ ម្ល៉េះសម​អ្នករាល់គ្នា​ក៏​បាន​ស្គាល់​ព្រះ​បិតា​របស់ខ្ញុំ​ដែរ”។ 20ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដី​ទាំងនេះ​នៅ​ទីដាក់តង្វាយ ពេល​ព្រះអង្គ​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ ប៉ុន្តែ​គ្មានអ្នកណា​ចាប់​ព្រះអង្គ​ទេ ពីព្រោះ​ពេលវេលា​របស់​ព្រះអង្គ​មិនទាន់​មក​ដល់​នៅឡើយ​។
ប្រាប់ជាមុនអំពីការចាកចេញរបស់ព្រះអង្គ
21បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“ខ្ញុំ​នឹង​ចាកចេញទៅ ហើយ​អ្នករាល់គ្នា​នឹង​រក​ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន​។ អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​ទៅ​បានឡើយ”។
22ពួកយូដា​ក៏​និយាយថា​៖ “គាត់​នឹង​សម្លាប់​ខ្លួន​ទេដឹង​? ពីព្រោះ​គាត់​ថា​:‘អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​ទៅ​បានឡើយ’”។
23ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នករាល់គ្នា​មក​ពី​ខាងក្រោម រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ពី​ខាងលើ​។ អ្នករាល់គ្នា​ជា​របស់​ពិភពលោកនេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិនមែន​ជា​របស់​ពិភពលោកនេះ​ទេ​។ 24ដូច្នេះ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា​: ‘អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន’។ ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​មិន​ជឿ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ​ទេ អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន ”។
25ពួកគេ​ក៏​សួរថា​៖ “តើ​អ្នក​ជា​នរណា​?”។
ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​តាំងពី​ដំបូង​មកម្ល៉េះ​។ 26ទាក់ទងនឹង​អ្នករាល់គ្នា ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ដែល​ត្រូវ​និយាយ និង​ត្រូវ​វិនិច្ឆ័យ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​គឺ​ពិតត្រង់ ហើយ​អ្វីៗដែល​ខ្ញុំ​ឮ​ពី​ព្រះអង្គ ខ្ញុំក៏​ប្រាប់​សេចក្ដីទាំងនោះ​ដល់​មនុស្សលោក”។
27ពួកគេ​មិន​យល់​ថា ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​អំពី​ព្រះ​បិតា​ទេ​។ 28ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ពេល​អ្នករាល់គ្នា​លើក​កូនមនុស្ស​ឡើង នោះ​អ្នករាល់គ្នា​នឹង​យល់​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ ហើយ​ខ្ញុំ​មិន​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីទាំងនេះ តាមដែល​ព្រះ​បិតា​បាន​បង្រៀន​ខ្ញុំ​។ 29ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក គង់នៅ​ជាមួយ​ខ្ញុំ ព្រះអង្គ#8:29 ព្រះអង្គ―ឯកសារបុរាណខ្លះថា “ព្រះបិតា”។មិន​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​ឡើយ ពីព្រោះ​ខ្ញុំ​ធ្វើ​អ្វី​ដែល​គាប់ព្រះហឫទ័យ​ព្រះអង្គ​ជានិច្ច”។
សេចក្ដីពិត និងសេរីភាព
30នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ មាន​មនុស្ស​ជាច្រើន​បាន​ជឿលើ​ព្រះអង្គ​។ 31បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកយូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ពាក្យ​របស់ខ្ញុំ អ្នករាល់គ្នា​ពិតជា​សិស្ស​របស់ខ្ញុំ​។ 32អ្នករាល់គ្នា​នឹង​ស្គាល់​សេចក្ដីពិត ហើយ​សេចក្ដីពិត​នឹង​រំដោះ​អ្នករាល់គ្នា​ឲ្យមានសេរីភាព”។
33ពួកគេ​ទូល​តបថា​៖ “យើងខ្ញុំ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ហើយ​មិនដែល​ធ្វើជាទាសករ​របស់​អ្នកណាទេ ម្ដេចក៏​លោក​និយាយ​ថា​: ‘អ្នករាល់គ្នា​នឹង​មាន​សេរីភាព’ ដូច្នេះ​?”។
34ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ប្រព្រឹត្តបាប ជា​ទាសករ​របស់​បាប​។ 35ទាសករ​មិន​រស់នៅ​ក្នុង​ផ្ទះ​ជារៀងរហូត​ទេ គឺ​កូន​វិញ ដែល​រស់នៅ​ជារៀងរហូត​។ 36ដូច្នេះ ប្រសិនបើ​ព្រះបុត្រា​បាន​រំដោះ​អ្នករាល់គ្នា​ឲ្យមានសេរីភាព អ្នករាល់គ្នា​ប្រាកដជា​នឹង​មាន​សេរីភាព​។ 37ខ្ញុំ​ដឹង​ហើយ​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​។ ប៉ុន្តែ​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ពីព្រោះ​ក្នុង​អ្នករាល់គ្នា គ្មាន​កន្លែង​សម្រាប់​ពាក្យ​របស់ខ្ញុំ​ឡើយ​។ 38ខ្ញុំ​និយាយ​អ្វីៗដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​ព្រះ​បិតា​របស់ខ្ញុំ#8:38 ឯកសារបុរាណខ្លះគ្មាន “របស់ខ្ញុំ”។រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ធ្វើ​អ្វីៗដែល​អ្នករាល់គ្នា​បាន​ឮ#8:38 ឮ―ឯកសារបុរាណខ្លះថា “ឃើញ”។ពី​ឪពុក​របស់អ្នករាល់គ្នា#8:38 ឯកសារបុរាណខ្លះគ្មាន “របស់អ្នករាល់គ្នា”។”។
39ពួកគេ​ទូល​តប​ថា​៖ “ឪពុក​របស់យើងខ្ញុំ​គឺ​អ័ប្រាហាំ​!”។
ព្រះយេស៊ូវ​មានបន្ទូលថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ជា​កូនចៅ​របស់​អ័ប្រាហាំ​មែន អ្នករាល់គ្នា​មុខជា​ធ្វើ​កិច្ចការ​ដែល​អ័ប្រាហាំ​បាន​ធ្វើ​នោះ​មិនខាន​។ 40ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ជា​អ្នក​ដែល​ប្រាប់​សេចក្ដីពិត​ដល់​អ្នករាល់គ្នា ជា​សេចក្ដីពិត​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ​។ អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។ 41អ្នករាល់គ្នា​កំពុង​ធ្វើ​កិច្ចការ​ដែល​ឪពុក​របស់អ្នករាល់គ្នា​បាន​ធ្វើ”។
ពួកគេ​ទូលថា​៖ “យើងខ្ញុំ​មិនមែន​កើតមក​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ យើងខ្ញុំ​មាន​ឪពុក​ម្នាក់ គឺ​ព្រះ”។
42ព្រះយេស៊ូវ​មានបន្ទូលថា​៖“ប្រសិនបើ​ព្រះ​ជា​ឪពុក​របស់អ្នករាល់គ្នា​មែន ម្ល៉េះសម​អ្នករាល់គ្នា​បាន​ស្រឡាញ់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ចេញ​ពី​ព្រះ ហើយក៏​មកដល់​ទីនេះ​។ ជាការពិត ខ្ញុំ​មិនមែន​មក​ដោយ​ខ្លួនខ្ញុំ​ទេ គឺ​ព្រះអង្គ​នោះ​បាន​ចាត់​ខ្ញុំ​ឲ្យមក​។ 43ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​យល់​សម្ដី​របស់ខ្ញុំ​? គឺដោយព្រោះ​អ្នករាល់គ្នា​មិនអាច​ស្ដាប់​ពាក្យ​របស់ខ្ញុំ​បាន​។ 44អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។ 45ប៉ុន្តែ​ដោយសារ​ខ្ញុំ​និយាយ​សេចក្ដីពិត អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ទេ​។ 46តើ​នរណា​ក្នុង​អ្នករាល់គ្នា​អាច​ថ្កោលទោស​ខ្ញុំ​អំពី​បាប​បាន​? ប្រសិនបើ​ខ្ញុំ​និយាយ​សេចក្ដីពិត ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​? 47អ្នក​ដែល​ជារបស់​ព្រះ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ​។ នេះជាហេតុដែល​អ្នករាល់គ្នា​មិន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ គឺ​ដោយសារ​អ្នករាល់គ្នា​មិនមែន​ជារបស់​ព្រះ”។
ព្រះយេស៊ូវ និងអ័ប្រាហាំ
48ពួកយូដា​តប​នឹង​ព្រះអង្គ​ថា៖ “ដែល​យើង​និយាយ​ថា អ្នក​ជា​ជនជាតិសាម៉ារី ហើយ​មានអារក្សចូល តើ​មិន​ត្រូវ​ទេ​ឬ​?”។
49ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ខ្ញុំ​គ្មានអារក្សចូល​ទេ​។ ខ្ញុំ​គោរព​ព្រះ​បិតា​របស់ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​បង្អាប់បង្អោន​ខ្ញុំ​។ 50ខ្ញុំ​មិន​ស្វែងរក​សិរីរុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ គឺ​មាន​ព្រះអង្គ​ដែល​ស្វែងរក និង​វិនិច្ឆ័យ​ឲ្យ​។ 51ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ឃើញ​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត”។
52ពួកយូដា​និយាយថា​៖ “ឥឡូវនេះ​យើង​ដឹង​ហើយ​ថា អ្នក​មានអារក្សចូល​មែន​។ អ័ប្រាហាំ និង​បណ្ដា​ព្យាការី​បាន​ស្លាប់​ហើយ ប៉ុន្តែ​អ្នក​ថា​:‘ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត’។ 53អ្នក​មិន​ធំជាង​អ័ប្រាហាំ​ដូនតា​របស់យើង​ទេ មែនទេ​? អ័ប្រាហាំ​បាន​ស្លាប់ ហើយ​បណ្ដា​ព្យាការី​ក៏​ស្លាប់​ដែរ​។ តើ​អ្នក​តាំងខ្លួន​ជា​នរណា​?”។
54ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រសិនបើ​ខ្ញុំ​លើកតម្កើងសិរីរុងរឿង​ឲ្យ​ខ្លួនខ្ញុំ សិរីរុងរឿង​របស់ខ្ញុំ​គ្មានតម្លៃទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ទេតើ ដែល​លើកតម្កើងសិរីរុងរឿង​ដល់​ខ្ញុំ ហើយជា​ព្រះអង្គ​ដែល​អ្នករាល់គ្នា​ថា​: ‘ជា​ព្រះ​នៃយើង’។ 55អ្នករាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះអង្គ​។ ប្រសិនបើ​ខ្ញុំ​ថា​ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ ខ្ញុំ​នឹង​ក្លាយជា​អ្នកភូតភរ​ដូច​អ្នករាល់គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ព្រះអង្គ ហើយ​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​។ 56អ័ប្រាហាំដូនតា​របស់អ្នករាល់គ្នា​បាន​ត្រេកអរ ដែល​លោក​នឹង​ឃើញ​ថ្ងៃ​របស់ខ្ញុំ​។ លោក​បាន​ឃើញ ហើយក៏​អរសប្បាយ”។
57ពួកយូដា​តប​នឹង​ព្រះអង្គ​ថា៖ “អ្នក​មិនទាន់​មាន​អាយុ​ហាសិប​ឆ្នាំ​ផង តើ​អ្នក​ធ្លាប់​ឃើញ​អ័ប្រាហាំ​ឬ​?#8:57 តើ​អ្នក​ធ្លាប់​ឃើញ​អ័ប្រាហាំ​ឬ?―ឯកសារបុរាណខ្លះថា “តើ​អ័ប្រាហាំធ្លាប់​ឃើញអ្នកឬ?”។”។
58ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មុន​អ័ប្រាហាំ​បាន​កើតមក គឺ​មាន​ខ្ញុំ​ហើយ”។
59ដូច្នេះ ពួកគេ​រើស​ដុំថ្ម​ដើម្បី​គប់​ព្រះអង្គ ប៉ុន្តែ​ព្រះយេស៊ូវ​ត្រូវបាន​បំបាំង​ព្រះកាយ ហើយ​យាង​ចេញ​ពី​ព្រះវិហារ#8:59 ឯកសារបុរាណខ្លះបន្ថែម “ដោយយាងកាត់កណ្ដាលពួកគេ”។​បាត់ទៅ​៕

انتخاب شده:

យ៉ូហាន 8: GKHB

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید