លូកា 21

21
តង្វាយ​របស់ស្ដ្រី​មេម៉ាយ
1នៅពេល​ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រមើល ក៏​ទត​ឃើញ​ពួក​អ្នកមាន​កំពុង​ដាក់​តង្វាយ​របស់​ខ្លួន​ទៅក្នុង​ហិបតង្វាយ 2ព្រមទាំង​ទត​ឃើញ​ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់​កំពុង​ដាក់​កាក់​ឡិបតា#21:2 ឡិបតា―លុយកាក់ធ្វើពីទង់ដែងរបស់ក្រិក។ 1ឡិបតា=1/128នៃថ្លៃឈ្នួល1ថ្ងៃ។​ពីរ​ទៅ​ក្នុង​ហិបនោះ​ដែរ 3ព្រះអង្គ​ក៏​មានបន្ទូលថា​៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា ស្ត្រីមេម៉ាយ​ក្រីក្រ​ម្នាក់នេះ​បាន​ដាក់​ច្រើនជាង​មនុស្ស​គ្រប់គ្នា​។ 4ដ្បិត​ពួកគេ​ទាំងអស់​នេះ បាន​ដាក់​ពី​សំណល់​របស់​ខ្លួន​ជា​តង្វាយ#21:4 ឯកសារបុរាណខ្លះបន្ថែម “ដល់ព្រះ”។រីឯ​ស្ត្រីមេម៉ាយនេះ​វិញ នាង​បាន​ដាក់​អ្វីដែល​នាង​មាន ពី​ភាពក្រខ្សត់​របស់​នាង គឺ​បា្រក់ចិញ្ចឹមជីវិត​ទាំងអស់​របស់​នាង”។
ប្រាប់ជាមុនអំពីការបំផ្លាញព្រះវិហារ
5មាន​អ្នកខ្លះ​កំពុង​និយាយ​អំពី​ព្រះវិហារ​ថា​បាន​តុបតែង​ដោយ​ថ្ម​ដ៏ល្អប្រណិត និង​ដោយ​តង្វាយញែកជាវិសុទ្ធសម្រាប់ព្រះ​។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖ 6“អ្វីៗ​ទាំងនេះ​ដែល​អ្នករាល់គ្នា​ឃើញ នឹង​មាន​ថ្ងៃ​មកដល់ ដែល​គ្មាន​ថ្ម​ណាមួយ​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។
ទីសម្គាល់នៃគ្រាចុងក្រោយ
7ពួកគេ​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “លោកគ្រូ តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​ទីសម្គាល់​អ្វី នៅពេល​ការទាំងនេះ​រៀបនឹង​កើតឡើង​?”។
8ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​គេ​បោកបញ្ឆោត​អ្នករាល់គ្នា​ឡើយ ដ្បិត​មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយថា​: ‘គឺ​ខ្ញុំ​ហ្នឹងហើយ ជាព្រះអង្គនោះ#21:8 គឺ​ខ្ញុំហ្នឹងហើយ ជា​ព្រះអង្គ​នោះ―ន័យត្រង់គឺ “គឺ​ខ្ញុំ”។’ ឬ ‘ពេលកំណត់​ជិតដល់​ហើយ’។ កុំ​ទៅតាម​ពួកគេ​ឡើយ​។ 9កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និងចលាចល កុំ​តក់ស្លុត​ឡើយ ដ្បិត​ការទាំងនេះ​ត្រូវតែ​កើតឡើង​ជាមុន ប៉ុន្តែ​មិនមែន​ជា​ទីបញ្ចប់​ភ្លាម​ទេ”។
10បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយទៀត 11ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​ទាំង​រញ្ជួយផែនដី​យ៉ាងខ្លាំង ទុរ្ភិក្ស និង​ជំងឺរាតត្បាត ព្រមទាំង​នឹង​មាន​ហេតុការណ៍ដ៏រន្ធត់ និង​ទីសម្គាល់​ដ៏ធំ​ពី​លើមេឃ​ផង​។ 12ប៉ុន្តែ​មុន​ការ​ទាំងអស់​នេះ គេ​នឹង​លូក​ដៃ​ចាប់​អ្នករាល់គ្នា បៀតបៀន​អ្នករាល់គ្នា ហើយ​ប្រគល់​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ និង​គុក​។ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅមុខ​ស្ដេច និង​អភិបាល​ដោយសារតែ​នាម​របស់ខ្ញុំ​។ 13ការនោះ​នឹង​ត្រឡប់ជា​ឱកាស​ឲ្យ​អ្នករាល់គ្នា​ធ្វើបន្ទាល់​។ 14ដូច្នេះ ចូរ​អ្នករាល់គ្នា​តាំងចិត្ត កុំឲ្យ​គិតទុកមុន​ដើម្បី​ឆ្លើយការពារខ្លួន​ឡើយ 15ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មាន​ថ្វីមាត់ និង​ប្រាជ្ញា ដែល​គូវិវាទ​ទាំងអស់​របស់​អ្នករាល់គ្នា​មិនអាច​តតាំង ឬជំទាស់​បានឡើយ​។ 16សូម្បីតែ​ឪពុកម្ដាយ បងប្អូន សាច់ញាតិ និង​មិត្តភក្ដិ​ក៏​នឹង​ក្បត់​អ្នករាល់គ្នា​ដែរ ពួកគេ​នឹង​ធ្វើឲ្យ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ត្រូវគេសម្លាប់​។ 17អ្នករាល់គ្នា​នឹង​ត្រូវ​មនុស្ស​ទាំងអស់​ស្អប់​ដោយសារតែ​នាម​របស់ខ្ញុំ 18ប៉ុន្តែ​សូម្បីតែ​សក់​មួយ​សរសៃ​លើ​ក្បាល​របស់អ្នករាល់គ្នា​ក៏​មិន​វិនាស​សោះឡើយ​។ 19អ្នករាល់គ្នា​នឹង​ទទួលបាន​ជីវិត#21:19 ជីវិត​―ឬ “ព្រលឹង”។របស់ខ្លួន ដោយ​ការស៊ូទ្រាំ​របស់អ្នករាល់គ្នា​។#21:19 អ្នក​រាល់គ្នានឹង​ទទួលបាន​ជីវិតរបស់ខ្លួន ដោយ​ការស៊ូទ្រាំ​របស់អ្នករាល់គ្នា​―ឬ “ចូរអ្នករាល់គ្នាទទួលជីវិតរបស់ខ្លួន ដោយការស៊ូទ្រាំរបស់អ្នករាល់គ្នាចុះ”។
ការបំផ្លាញយេរូសាឡិម
20 “កាលណា​អ្នករាល់គ្នា​ឃើញ​យេរូសាឡិម​ត្រូវ​កងទ័ព​ឡោមព័ទ្ធ ពេលនោះ​ចូរ​ដឹង​ថា​ការហិនវិនាស​របស់​ទីក្រុងនោះ​ជិតដល់​ហើយ​។ 21ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ ចូរឲ្យ​អ្នក​ដែល​នៅ​កណ្ដាល​ទីក្រុង#21:21 ទីក្រុង―ន័យត្រង់គឺ “នាង”; សំដៅទៅលើ “យេរូសាឡិម”។ចាកចេញ​ពីទីនោះ​ទៅ ហើយ​កុំឲ្យ​អ្នក​ដែល​នៅ​វាលស្រែ​ចូលទៅ​ក្នុង​ទីក្រុង​ឡើយ 22ដ្បិត​គ្រា​នោះ​ជា​គ្រា​នៃ​ការដាក់ទោសសងសឹក ដើម្បីឲ្យ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​ត្រូវបាន​បំពេញឲ្យសម្រេច​។ 23នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន ដ្បិត​នឹង​មាន​ទុក្ខលំបាក​យ៉ាងខ្លាំង​នៅលើ​ផែនដី​នេះ ហើយ​នឹង​មាន​ព្រះពិរោធ​ស្ថិតនៅលើ​ប្រជាជន​នេះ​។ 24គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។
ការយាងមកវិញរបស់កូនមនុស្ស
25 “នឹង​មាន​ទីសម្គាល់​នៅក្នុង​ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយ​នៅលើ​ផែនដី​ក៏​នឹង​មាន​ការថប់បារម្ភ​ក្នុង​បណ្ដា​ប្រជាជាតិ ដោយសារតែ​ការវល់គំនិត​ចំពោះ​សូរសន្ធឹក​របស់​សមុទ្រ និង​រលក​។ 26មនុស្ស​នឹង​បាត់ស្មារតី​ដោយ​ការភិតភ័យ និងការគិតស្មាន​អំពី​អ្វី​ដែល​នឹង​កើតមានដល់​ពិភពលោក ដ្បិត​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក​។ 27ពេលនោះ គេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។ 28នៅពេល​ការទាំងនេះ​ចាប់ផ្ដើម​កើតឡើង ចូរ​ងើបត្រង់ ហើយ​ងើយ​ក្បាល​របស់អ្នករាល់គ្នា​ឡើង ពីព្រោះ​សេចក្ដីប្រោសលោះ​របស់អ្នករាល់គ្នា​មកជិតដល់​ហើយ”។
ពាក្យឧបមាអំពីដើមល្វា
29ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖“ចូរ​មើល​ដើមល្វា និង​អស់ទាំង​ដើមឈើ​ចុះ​។ 30កាលណា​វា​លាស់​ស្លឹក#21:30 ស្លឹក―ជាពាក្យជំនួយ។អ្នករាល់គ្នា​ក៏​ឃើញ​ដោយ​ខ្លួនឯង ហើយ​ដឹង​ថា​ជិតដល់​រដូវក្ដៅ​ហើយ​។ 31អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ កាលណា​អ្នករាល់គ្នា​ឃើញ​ការទាំងនេះ​កើតឡើង ចូរ​ដឹង​ថា​អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ​។ 32ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ជំនាន់​នេះ​មិន​ផុតទៅ​ឡើយ ទាល់តែ​ការ​ទាំងអស់​នេះ​បាន​កើតឡើង​។ 33ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។
ចូរប្រយ័ត្នប្រយែងជានិច្ច
34 “ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ # 21:34 ការស៊ីផឹកហួសប្រមាណ​―ឬ “អំពើ​អបាយមុខ”។ ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច 35ដូចជា​អន្ទាក់​។ ដ្បិត​ថ្ងៃនោះ​នឹង​មក​លើ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ 36ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុត#21:36 អាចគេច​ផុត​―ឯកសារបុរាណខ្លះថា “ត្រូវបានចាត់ទុកថាស័ក្ដិសមនឹងគេច​ផុត”។​ពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។
37នៅ​ពេលថ្ងៃ ព្រះយេស៊ូវ​ទ្រង់​បង្រៀន​នៅក្នុង​ព្រះវិហារ ហើយ​នៅ​ពេលយប់ ព្រះអង្គ​ក៏​យាង​ចេញទៅ​ស្នាក់​នៅលើ​ភ្នំ​ដែល​គេ​ហៅថា “ភ្នំដើមអូលីវ”។ 38ប្រជាជន​ទាំងមូល​មក​រក​ព្រះយេស៊ូវ​នៅក្នុង​ព្រះវិហារ​តាំងពីព្រលឹម ដើម្បី​ស្ដាប់​ព្រះអង្គ​៕

اکنون انتخاب شده:

លូកា 21: GKHB

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید