Matthew 2

2
1 កាល​ព្រះយេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ ស្រុក​យូដា​ នៅក្នុង​រាជ្យ​ស្ដេច​ហេរ៉ូឌ​ នោះ​មាន​ពួក​តារាវិទូ​ពី​ទិស​ខាង​កើត​បាន​ចូល​មក​ដល់​ក្រុង​យេរូសាឡិម​
2 សួរ​គេ​ថា៖​ «តើ​ព្រះអង្គ​ដែល​ប្រសូត​មក​ជា​ស្ដេច​ជនជាតិ​យូដា​នោះ​ នៅ​ឯណា?​ ដ្បិត​យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​នៅ​ទិស​ខាង​កើត​ ហើយ​យើង​មក​ដើម្បី​ថ្វាយ​បង្គំ​ព្រះអង្គ»។​
3 ពេល​ឮ​ដូច្នេះ​ ស្ដេច​ហេរ៉ូឌ​ និង​មនុស្ស​ទាំងអស់​នៅក្នុង​ក្រុង​យេរូសាឡិម​ ក៏​ព្រួយ​ចិត្ត​ជាមួយ​ស្ដេច​ដែរ។​
4 ពេល​កោះប្រជុំ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ទាំងអស់​របស់​ប្រជាជន​ ស្ដេច​បាន​សួរ​ពួកគេ​ពី​កន្លែង​ដែល​ព្រះគ្រិស្ដ​ប្រសូត​
5 គេ​ទូល​ស្ដេច​ថា៖​ «នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​ ដ្បិត​ដូច​បាន​ចែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា​
6 នែ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​អើយ​ ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​ស្រុក​យូដា​ អ្នក​មិន​អន់​ជាង​គេ​ឡើយ​ ព្រោះ​នឹង​មាន​អ្នក​គ្រប់គ្រង​ម្នាក់​ចេញពី​អ្នក​មក​ ហើយ​គ្រប់គ្រង​លើ​អ៊ីស្រាអែល​ជា​ប្រជាជន​យើង‍»‍។​
7 បន្ទាប់​មក​ ស្ដេច​ហេរ៉ូឌ​បាន​ហៅ​ពួក​តារាវិទូ​មក​ជា​សម្ងាត់​ ដើម្បី​សួរ​បញ្ជាក់​គេ​ពី​ពេល​វេលា​ដែល​ផ្កាយ​រះ​ឡើង‍។​
8 ពេល​ចាត់​ពួក​តារាវិទូ​ទាំងនោះ​ទៅ​ភូមិ​បេថ្លេហិម​ ស្ដេច​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​សាក​សួរ​ពី​បុត្រ​តូច​នោះ​ឲ្យ​បាន​ច្បាស់​ ពេល​អ្នក​រាល់គ្នា​រក​ឃើញ​ហើយ​ សូម​ប្រាប់​ខ្ញុំ​ផង​ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ»​
9 ដូច្នេះ​ គេ​ក៏​ស្ដាប់​តាម​ស្ដេច​ ហើយ​ចេញ​ទៅ​ ឯ​ផ្កាយ​ដែល​គេ​ឃើញ​នៅ​ទិស​ខាង​កើត​នោះ​បាន​នាំ​មុខ​ពួកគេ​ រហូត​មក​ដល់​កន្លែង​ដែល​បុត្រ​តូច​នៅ​ ហើយ​ក៏​ឈប់​នៅ​ចំ​ពី​លើ​នោះ​
10 កាល​បាន​ឃើញ​ផ្កាយ​នោះ​ ពួកគេ​មាន​សេចក្ដី​ត្រេកអរ​ និង​រីករាយ​ជា​ខ្លាំង​
11 ពេល​ចូល​មក​ក្នុង​ផ្ទះ​ ពួកគេ​ក៏​ឃើញ​បុត្រ​តូច​នៅ​ជាមួយ​នាង​ម៉ារា​ជា​ម្ដាយ​ ពួកគេ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ ព្រម​ទាំង​បើក​យក​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ថ្វាយ​ដល់​ព្រះអង្គ​ជា​តង្វាយ​ មាន​មាស កំញ៉ាន​ និង​ជ័រ​ក្រអូប។​
12 រួច​ពួកគេ​ក៏​វិល​ត្រលប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​ ព្រោះ​ពួកគេ​បាន​ទទួល​ការ​ព្រមាន​ក្នុង​យល់សប្ដិ​ មិន​ឲ្យ​​ត្រលប់​ទៅ​ឯ​ស្ដេច​ហេរ៉ូឌ​វិញ។​
13 ពេល​ពួក​តារាវិទូ​ចេញ​ផុត​ នោះ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​ ដោយ​និយាយ​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ​ ហើយ​នៅ​ទីនោះ​រហូត​ដល់​ខ្ញុំ​ប្រាប់​អ្នក​ម្ដង​ទៀត​ ដ្បិត​ស្ដេច​ហេរ៉ូឌ​រក​សម្លាប់​បុត្រ​តូច​នេះ​ហើយ»​
14 ដូច្នេះ​ គាត់​ក៏​ក្រោក​ឡើង​ នាំ​បុត្រ​តូច​ និង​ម្ដាយ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីព្ទ​ទាំង​យប់​
15 ហើយ​បាន​នៅ​ទីនោះ​ រហូត​ដល់​ស្ដេច​ហេរ៉ូឌ​ស្លាប់​ ដើម្បី​សម្រេច​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «យើង​បាន​ហៅ​កូន​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។​
16 បន្ទាប់​ពី​ស្ដេច​ហេរ៉ូឌ​ដឹង​ថា​ចាញ់​បោក​ពួក​តារាវិទូ​ ក៏​ខឹង​យ៉ាង​ខ្លាំង​ រួច​បាន​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុស​ទាំងអស់​ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​ ទាំង​នៅក្នុង​ភូមិ​បេថ្លេហិម​ និង​នៅ​ក្បែរ​ភូមិ​នោះ​ យោង​តាម​ពេល​វេលា​ដែល​ស្ដេច​បាន​សួរ​បញ្ជាក់​ពួក​តារាវិទូ។​
17 ការ​នោះ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​តាម​រយៈ​លោក​យេរេមា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា៖​
18 «គេ​ឮ​សំឡេង​នៅ​ភូមិ​រ៉ាម៉ា​ ជា​ការ​ទ្រហោ​យំ​ និង​ការ​កាន់​ទុក្ខ​សោកសៅ​ ឯ​នាង​រ៉ាជែល​ទ្រហោ​យំ​ដោយ​ព្រោះ​កូន​ឥត​ក្សាន្ត​ចិត្ត​សោះ​ ដ្បិត​កូន​របស់​នាង​បាន​ស្លាប់​អស់​ហើយ»។​
19 ពេល​ស្ដេច​ហេរ៉ូឌ​ស្លាប់​ហើយ​ ទេវតា​របស់​ព្រះអម្ចាស់​ក៏​លេច​មក​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​នៅ​ស្រុក​អេស៊ីព្ទ​
20 ដោយ​ប្រាប់​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​ ព្រោះ​អ្នក​ដែល​រក​សម្លាប់​បុត្រ​តូច​នេះ​បាន​ស្លាប់​ហើយ‍»‍។​
21 ដូច្នេះ​គាត់​បាន​ក្រោក​ឡើង​ នាំ​បុត្រ​តូច​ និង​ម្ដាយ​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល​វិញ​
22 ប៉ុន្ដែ​ ពេល​គាត់​ឮ​ថា​ស្ដេច​អើខេឡោស​សោយរាជ្យ​នៅ​ស្រុក​យូដា​បន្ត​ពី​ហេរ៉ូឌ​ជា​បិតា​នោះ​ គាត់​មិន​ហ៊ាន​ទៅ​ទីនោះ​ទេ​ ហើយ​ដោយ​មាន​ការ​ព្រមាន​នៅក្នុង​យល់សប្ដិ​ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​កាលីឡេ​វិញ​
23 ពេល​មក​ដល់​ គាត់​បាន​តាំង​លំនៅ​ក្នុង​ក្រុង​មួយ​ឈ្មោះ​ណាសារ៉ែត​ ការ​នោះ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «គេ​នឹង​ហៅ​ព្រះអង្គ​ថា​អ្នក​ក្រុង​ណាសារ៉ែត»។​

اکنون انتخاب شده:

Matthew 2: KCB

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید