យ៉ូហាន ពាក្យលំនាំ
ពាក្យលំនាំ
លោកយ៉ូហានជា«សិស្សដែលព្រះយេស៊ូស្រឡាញ់» ជាកូនរបស់លោកសេបេដេ និងជាប្អូនរបស់លោកយ៉ាកុប។ លោកបានរៀបរៀងកណ្ឌគម្ពីរនេះក្នុងគ.ស.៩០-៩៥។
គោលបំណងរបស់លោកយ៉ូហាន
លោកមានបំណងបកស្រាយអត្ថន័យដ៏លាក់កំបាំងអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះយេស៊ូបានធ្វើ ដើម្បីពង្រឹងជំនឿរបស់គ្រិស្តបរិស័ទ។ លោករ៉ាយរ៉ាប់តែព្រឹត្តិការណ៍ខ្លះដែលជាទីសម្គាល់ បង្ហាញអំពីឋានៈរបស់ព្រះយេស៊ូជាព្រះគ្រិស្ត និងជាព្រះបុត្រារបស់ព្រះជាម្ចាស់។
ពាក្យពេចន៍
លោកយ៉ូហានបានពន្យល់អត្ថន័យនៃជីវប្រវត្តិព្រះយេស៊ូ ដោយប្រើពាក្យពេចន៍ដកស្រង់ពីព្រះគម្ពីរសម្ពន្ធមេត្រីចាស់ និងទស្សនវិជ្ជាក្រិកជំនាន់នោះ។ ឧបមាថា:
ព្រះបន្ទូល គឺព្រះយេស៊ូ។ ព្រះអង្គជាព្រះបុត្រារបស់ព្រះបិតា ទ្រង់បានបង្កើតអ្វីៗទាំងអស់ ទ្រង់ជ្រាបព្រះតម្រិះរបស់ព្រះបិតាសព្វគ្រប់ ហើយទ្រង់ប្រសូតមកជាមនុស្ស ដើម្បីបង្ហាញឲ្យមនុស្សយើងស្គាល់ព្រះបិតា។
ព្រះនាម សំដៅទៅលើឫទ្ធានុភាព និងអំណាចរបស់ព្រះជាម្ចាស់។
សិរីរុងរឿង គឺព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា។ លោកយ៉ូហានមានបំណងពន្យល់ថា ព្រះយេស៊ូបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតាគ្រប់ពេលវេលា ជាពិសេស នៅពេលព្រះអង្គសោយទិវង្គត។
ពេលកំណត់ ជាពេលដែលព្រះយេស៊ូសម្តែងសិរីរុងរឿង គឺពេលព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង។
ជីវិត ឬជីវិតអស់កល្បជានិច្ច គឺព្រះជន្មរបស់ព្រះបិតាផ្ទាល់ ដែលព្រះយេស៊ូប្រោសប្រទានឲ្យអស់អ្នកជឿសង្ឃឹមលើព្រះអង្គ។ លោកយ៉ូហានប្រើពាក្យ«ជីវិត» មានន័យប្រហាក់ប្រហែលនឹងពាក្យ«ព្រះរាជ្យ»ដែលលោកម៉ាថាយលោកម៉ាកុស និងលោកលូកានិយមប្រើ។
សេចក្ដីពិត ឬសេចក្ដីពិតប្រាកដតែមួយ គឺព្រះជាម្ចាស់ដែលមានព្រះជន្មដ៏ពេញលក្ខណៈ។ ព្រះយេស៊ូសម្តែងសេចក្ដីពិតឲ្យមនុស្សលោកស្គាល់ គឺព្រះអង្គសម្តែងឲ្យស្គាល់ព្រះបិតា។ អ្នកជឿទទួលសេចក្ដីទាំងប៉ុន្មានដែលព្រះយេស៊ូសម្តែងប្រាប់ ហើយចូលរួមជាមួយព្រះអង្គ។
រីឯហេតុទាំងប៉ុន្មានដែលបណ្ដាលឲ្យមនុស្សឃ្លាតចាកពីព្រះជាម្ចាស់ លោកយ៉ូហានហៅថាសេចក្ដីភូតភរ ឬសេចក្ដីកុហក។ ដូច្នេះ មារសាតាំងជាមេភូតភរ ឬអ្នកសម្លាប់ ព្រោះវានាំមនុស្សឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដែលជាប្រភពនៃជីវិត និងជាសេចក្ដីពិត។
បន្ទាល់ គឺអ្នកផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកស្គាល់ហេតុការណ៍ដែលកើតមានមក និងពន្យល់អត្ថន័យផង។ ព្រះបិតា ព្រះវិញ្ញាណ លោកយ៉ូហានបាទីស្ដ សាវ័កយ៉ូហាន ពួកសិស្ស និងកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើសុទ្ធតែជាបន្ទាល់ បញ្ជាក់អំពីឋានៈរបស់ព្រះយេស៊ូ។
ពន្លឺ និងសេចក្ដីងងឹត ពន្លឺ គឺព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រិស្ត។ រីឯសេចក្ដីងងឹតសំដៅទៅលើអំពើបាប ឬចិត្តអាក្រក់ ដែលបណ្ដាលឲ្យមនុស្សវៀរចាកឆ្ងាយពីព្រះជាម្ចាស់ ពុំអាចទទួលព្រះជន្មរបស់ព្រះអង្គ។
ពិភពលោក មនុស្សលោក ឬលោក ពាក្យនេះមានអត្ថន័យផ្សេងៗ ជួនកាលមានន័យថាមនុស្សដែលរស់នៅលើផែនដីនេះ ជួនកាលសំដៅទៅលើសេចក្ដីអាក្រក់គ្រប់បែបយ៉ាងដែលមាននៅក្នុងចិត្តគំនិតមនុស្ស ជាពិសេសចិត្តរឹងរូសរបស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះគ្រិស្ត។
ស្គាល់ មានន័យថាជឿផង ស្រឡាញ់ផង។
«ដំណឹងល្អតែងដោយលោកយ៉ូហាន» ស្រួលអានតែមានអត្ថន័យជ្រៅជាងគេ។ ត្រូវអានមួយៗជាច្រើនដង ដោយរិះគិតពិចារណា ជាពិសេសត្រូវទូលអង្វរព្រះវិញ្ញាណ សូមទ្រង់បំភ្លឺចិត្តគំនិតឲ្យយល់។ «ព្រះវិញ្ញាណណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក» (១៦.១៣)។
គម្រោងគម្ពីរយ៉ូហាន
• បុរេកថា (១.១-១៨)។
• លោកយ៉ូហានបាទីស្ដ និងសិស្សដើមដំបូងបង្អស់របស់ព្រះយេស៊ូ (១.១៩-៥១)។
• ព្រះយេស៊ូបំពេញព្រះបរមកិច្ចរបស់ព្រះអង្គក្នុងចំណោមប្រជាជន (២.១-១២.៥០)។
• ព្រះយេស៊ូនៅក្រុងយេរូសាឡឹម និងភូមិជុំវិញ (១៣.១-១៩.៤២)។
• ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យពួកសិស្សឃើញ (២០.១-៣១)។
• អវសានកថា: ព្រះយេស៊ូមកជួបពួកសិស្សនៅស្រុកកាលីឡេ (២១.១-៣៥)។
اکنون انتخاب شده:
យ៉ូហាន ពាក្យលំនាំ: គខប
هایلایت
به اشتراک گذاشتن
کپی

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Khmer Standard Version © 2005 United Bible Societies.