Matthew 9

9
1 កាល​យាង​ចុះ​ទូក​រួច​ហើយ​ ព្រះអង្គ​ក៏​ឆ្លង​ទៅ​ដល់​ក្រុង​របស់​ព្រះអង្គ។​
2 មើល៍​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ជើង​ម្នាក់​ ដេក​លើ​គ្រែ​ មក​រក​ព្រះអង្គ​ ពេល​ព្រះយេស៊ូ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃ​ជើង​នោះ​ថា៖​ «ចូរ​មាន​ទឹក​ចិត្ដឡើង​ កូន​អើយ!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ»។​
3 ឯ​ពួក​គ្រូវិន័យ​ខ្លះ​បាន​និយាយ​គ្នា​ថា៖​ «មើល៍!​ មនុស្ស​នេះ​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ហើយ»​
4 កាល​ព្រះអង្គ​ដឹង​ពី​គំនិត​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «ហេតុអ្វី​អ្នក​រាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ដ​ដូច្នេះ?​
5 ដ្បិត​ការ​ដែល​និយាយ​ថា​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើកលែង​ទោស​ហើយ​ និង​ការ​ដែល​និយាយ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ​ តើ​មួយ​ណា​ស្រួល​និយាយ​ជាង?​
6 ប៉ុន្ដែ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើកលែង​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។​ បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃ​ជើង​ថា៖​ «ចូរ​ក្រោក​ឡើង​ យក​គ្រែ​ស្នែង​របស់​អ្នក​ ទៅ​ផ្ទះ​ចុះ»​
7 គាត់​ក្រោក​ឡើង​ ហើយ​ទៅ​ផ្ទះ​របស់​គាត់​វិញ។​
8 កាល​បណ្ដាជន​ឃើញ​ការ​នេះ​ ក៏​កោត​ខ្លាច​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​សិទ្ធិ​អំណាច​បែប​នេះ​ដល់​មនុស្ស។​
9 កាល​ព្រះយេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ ព្រះអង្គ​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ ម៉ាថាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធ​ដារ​ ហើយ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ដើរ​តាម​ព្រះអង្គ។​
10 ក្រោយ​មក​ ពេល​ព្រះអង្គ​ចូល​រួម​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​លោក​ម៉ាថាយ​ ក៏​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ជា​ច្រើន​បាន​មក​ចូល​រួម​បរិភោគ​អាហារ​ជាមួយ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ។​
11 ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​បែប​នេះ​ ក៏​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់គ្នា​បរិភោគ​ជាមួយ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​
12 ពេល​ព្រះអង្គ​ស្ដាប់​ឮ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវការ​គ្រូពេទ្យ​ទេ​ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវការ។​
13 ចូរ​ទៅ​ស្វែង​យល់​ពី​បទគម្ពីរ​ដែល​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?​ ព្រោះ​ខ្ញុំ​មិន​បាន​មក​ ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​
14 បន្ទាប់​មក​ សិស្ស​របស់​លោក​យ៉ូហាន​បាន​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «ហេតុ​អ្វី​ក៏​យើង​ខ្ញុំ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​តម​អាហារ​ជា​ញឹកញាប់​ តែ​សិស្ស​របស់​លោក​មិន​តម​អាហារ​ដូច្នេះ?»​
15 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​ភ្ញៀវ​អាច​កាន់ទុក្ខ​បាន​ដែរ​ឬ​ទេ​ នៅ​ពេល​កូន​កំលោះ​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ?​ ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ ពេល​នោះ​ពួកគេ​នឹង​តម​អាហារ។​
16 ព្រោះ​គ្មាន​នរណា​យក​បំណះ​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ទេ​ ដ្បិត​បំណះ​ក្រណាត់​ថ្មី​នឹង​ទាញ​សម្លៀក​បំពាក់​ចាស់​នោះ​ ហើយ​បែរ​ជា​ធ្វើ​ឲ្យ​រហែក​លើស​មុន​ទៅ​ទៀត​
17 ក៏​គ្មាន​នរណា​ច្រក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ​ បើ​ធ្វើ​ដូច្នេះ​ ថង់​ស្បែក​ចាស់​នឹង​ធ្លាយ​ ហើយ​ស្រា​ក៏​ហូរ​ចេញ​មក​ ឯ​ថង់​ស្បែក​ក៏​ខូច​ខាត​ទៀត​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​ នោះ​ទើប​អាច​នៅ​គង់វង្ស​បាន​ទាំង​ពីរ»។​
18 ពេល​ព្រះអង្គ​មាន​បន្ទូល​ពី​សេចក្តី​ទាំង​នេះ​ ស្រាប់តែ​ប្រធាន​សាលា​ប្រជុំ​ម្នាក់​បាន​មក​ថ្វាយបង្គំ​ព្រះអង្គ​ ទូល​ថា៖​ «កូន​ស្រី​ខ្ញុំ​ទើប​តែ​ស្លាប់​ ដូច្នេះ​សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង​ឲ្យ​រស់​ឡើង​វិញ​ផង»។​
19 ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ក្រោក​ឡើង​ទៅ​តាម​គាត់។​
20 មាន​ស្ដ្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​ គាត់​បាន​ចូល​មក​ជិត​ពី​ខាង​ក្រោយ​ ហើយ​ពាល់​រំយោល​អាវ​របស់​ព្រះអង្គ​
21 ដ្បិត​ស្ដ្រី​នោះ​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​របស់​លោក​ នោះ​ខ្ញុំ​នឹង​ជា​សះស្បើយ​មិន​ខាន»។​
22 ព្រះយេស៊ូ​ក៏​ងាក​មើល​ស្ដ្រី​នោះ​ ហើយ​មាន​បន្ទូល​ថា៖​ «កូន​ស្រី​អើយ!​ ចូរ​រីករាយ​ឡើង​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។​ ស្ដ្រី​នោះ​ក៏​ជា​សះស្បើយ​នៅ​វេលា​នោះ​ឯង។​
23 កាល​ព្រះយេស៊ូ​យាង​ចូល​ក្នុង​ផ្ទះ​របស់​ប្រធាន​សាលា​ប្រជុំ​ ក៏​មើល​ឃើញ​អ្នក​ផ្លុំ​ខ្លុយ​ និង​បណ្ដាជន​កំពុង​ច្របូក​ច្របល់។​
24 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចេញ​ទៅ​ ក្មេង​ស្រី​នេះ​មិន​ទាន់​ស្លាប់​ទេ​ គឺ​នាង​កំពុង​ដេក​លក់​ទេ​តើ»​ ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ។​
25 ពេល​បណ្ដេញ​បណ្ដាជន​ទៅ​ក្រៅ​អស់​ហើយ​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេង​ស្រី​នោះ​ ហើយ​នាង​ក៏​ក្រោក​ឡើង។​
26 ដំណឹង​នេះ​បាន​ឮ​សុស​សាយ​ពាស​ពេញ​តំបន់​នោះ។​
27 កាល​ព្រះយេស៊ូ​យាង​ចេញ​ឆ្ងាយ​ពី​ទីនោះ​ មាន​បុរស​ខ្វាក់​ភ្នែក​ពីរ​នាក់​ដើរ​តាម​ព្រះអង្គ​ ទាំង​ស្រែក​ថា៖​ «ឱ​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ដល់​យើង​ខ្ញុំ​ផង»។​
28 ពេល​យាង​ចូល​ដល់​ក្នុង​ផ្ទះ​ បុរស​ខ្វាក់​ភ្នែក​ទាំង​ពីរ​នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ ហើយ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ដែរ​ឬទេ?»​ ពួកគេ​ទូល​ថា៖​ «បាទ​ លោក​ម្ចាស់»​
29 បន្ទាប់​មក​ ព្រះអង្គ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ​ ដោយ​មាន​បន្ទូល​ថា៖​ «សូម​ឲ្យបាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ទាំង​ពីរ​ចុះ»​
30 ភ្នែក​របស់​ពួកគេ​ក៏​ភ្លឺ​ឡើង​ រួច​ព្រះយេស៊ូ​មាន​បន្ទូល​ហាម​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​ថា៖​ «ចូរ​ប្រយ័ត្ន!​ កុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឲ្យ​សោះ»​
31 ប៉ុន្ដែ​ពេល​អ្នក​ទាំង​ពីរ​នោះ​ចេញ​ទៅ​ ក៏​ផ្សព្វ​ផ្សាយ​ប្រាប់​គេ​ពី​ព្រះអង្គ​ពាស​ពេញ​តំបន់​នោះ​ទាំង​មូល។​
32 ពេល​អ្នក​ទាំង​ពីរ​នោះ​កំពុង​ចេញទៅ​ មើល៍​ មាន​គេ​នាំ​យក​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះអង្គ​
33 ព្រះអង្គ​ក៏​បណ្ដេញ​អារក្ស​នោះ​ចេញ​ ឯ​មនុស្ស​គ​ក៏​អាច​និយាយ​បាន​វិញ​ ហើយ​បណ្ដាជន​ក៏​នឹក​អស្ចារ្យ​ដោយ​និយាយ​ថា៖​ «នៅ​អ៊ីស្រាអែល​ ពុំ​ដែល​កើត​មាន​ហេតុ​ការណ៍​ដូច្នេះ​សោះ»​
34 ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​និយាយ​ថា៖​ «ម្នាក់​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេអារក្ស​ទេ»។​
35 ព្រះយេស៊ូ​យាង​ទៅ​គ្រប់​ក្រុង​ និង​ភូមិ​ទាំង​អស់​ បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ហើយ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​ ព្រម​ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​ឲ្យ​បាន​ជា។​
36 ពេល​ឃើញ​បណ្ដាជន​ ព្រះអង្គ​អាណិត​អាសូរ​ពួកគេ​ពន់​ពេក​ ព្រោះ​ពួកគេ​ខ្ចាត់​ព្រាត់​ និង​ល្វើយ​ ដូច​ជា​ចៀម​គ្មាន​អ្នក​គង្វាល។​
37 បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ចម្រូត​ធំ​ណាស់​ ប៉ុន្ដែ​ពួក​អ្នក​ច្រូត​មាន​តិច​
38 ដូច្នេះ​ ចូរ​ទូល​សុំ​ព្រះអម្ចាស់​នៃ​ចម្រូត​ ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះអង្គ»។​

Jelenleg kiválasztva:

Matthew 9: KCB

Kiemelés

Megosztás

Másolás

None

Szeretnéd, hogy a kiemeléseid minden eszközödön megjelenjenek? Regisztrálj vagy jelentkezz be