លោកុប្បត្តិ 2
2
1គឺយ៉ាងនេះឯងដែលបណ្ដាមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ត្រូវបានបង្កើតចប់សព្វគ្រប់។ 2នៅថ្ងៃទីប្រាំពីរ ព្រះបានបញ្ចប់កិច្ចការរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ ហើយនៅថ្ងៃទីប្រាំពីរនោះ ព្រះអង្គបានសម្រាកពីកិច្ចការទាំងអស់របស់ព្រះអង្គ ដែលព្រះអង្គបានធ្វើ។ 3ដូច្នេះ ព្រះបានប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាវិសុទ្ធ ដ្បិតនៅថ្ងៃនោះ ព្រះបានសម្រាកពីកិច្ចការទាំងអស់របស់ព្រះអង្គដែលព្រះអង្គបាននិម្មិតបង្កើត និងធ្វើ។
សួនអេដែន
4នេះជាដើមកំណើតរបស់បណ្ដាមេឃ និងផែនដី នៅគ្រាដែលត្រូវបាននិម្មិតបង្កើត គឺនៅថ្ងៃដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើតផែនដី និងបណ្ដាមេឃ 5នោះមិនទាន់មានគុម្ពោតណាមួយតាមទីវាលនៅលើផែនដីនៅឡើយទេ ហើយក៏មិនទាន់មានតិណជាតិណាមួយដុះឡើងតាមទីវាលនៅឡើយដែរ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះមិនបានបង្អុរភ្លៀងមកលើផែនដី ហើយក៏គ្មានមនុស្សភ្ជួររាស់ដីដែរ 6គឺមានអ័ព្ទឡើងពីដីមកស្រោចស្រពផ្ទៃផែនដីទាំងមូលវិញ។ 7ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត#2:7 មនុស្សក៏បានជាអ្នកមានជីវិត―ន័យត្រង់គឺ “មនុស្សក៏បានជាព្រលឹងមានជីវិត”។។
8បន្ទាប់មក ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនមួយនៅអេដែនដែលនៅទិសខាងកើត ហើយដាក់មនុស្សដែលព្រះអង្គបានសូនឲ្យនៅទីនោះ។ 9ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យដើមឈើគ្រប់ប្រភេទដែលមានរូបរាងទាក់ទាញ និងល្អសម្រាប់ជាអាហារ ដុះចេញពីដីមក។ មានដើមឈើនៃជីវិត និងដើមឈើដឹងល្អអាក្រក់ នៅកណ្ដាលសួននោះដែរ។
10មានទន្លេមួយហូរចេញពីអេដែនមកស្រោចស្រពសួននោះ ហើយពីទីនោះវាបែកជាបួនមុខ។ 11ទន្លេទីមួយឈ្មោះពិសុន ជាទន្លេដែលហូរព័ទ្ធជុំវិញដែនដីហាវីឡាទាំងមូល ជាកន្លែងដែលមានមាស 12ហើយមាសរបស់ស្រុកនោះល្អ ក៏មានជ័រប្ដេលាម និងត្បូងផ្កាយនៅទីនោះដែរ។ 13ទន្លេទីពីរឈ្មោះគីហុន ជាទន្លេដែលហូរព័ទ្ធជុំវិញដែនដីគូសទាំងមូល។ 14ទន្លេទីបីឈ្មោះទីគ្រីស ជាទន្លេដែលហូរនៅទិសខាងកើតអាស្ស៊ីរី ហើយទន្លេទីបួនគឺទន្លេអ៊ើប្រាត។
15ព្រះយេហូវ៉ាដ៏ជាព្រះបានយកមនុស្ស ហើយដាក់គេក្នុងសួនអេដែនឲ្យភ្ជួររាស់ និងថែសួននោះ។ 16ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់មនុស្សថា៖ “អ្នកអាចហូបពីដើមឈើទាំងអស់ក្នុងសួននេះដោយសេរីបាន 17លើកលែងតែពីដើមឈើដឹងល្អអាក្រក់ គឺកុំហូបពីវាឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកហូបពីវា អ្នកមុខជាស្លាប់មិនខាន”។ 18ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលទៀតថា៖ “មនុស្សនៅតែម្នាក់ឯងមិនល្អទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់សម្រាប់គេ ដែលសមនឹងគេ”។ 19ព្រះយេហូវ៉ាដ៏ជាព្រះបានសូនពីដីនូវសត្វព្រៃគ្រប់ប្រភេទនៃទីវាល និងបក្សាបក្សីគ្រប់ប្រភេទនៅលើអាកាស ហើយនាំមកឯមនុស្ស ដើម្បីឲ្យឃើញថាគាត់នឹងហៅពួកវាយ៉ាងដូចម្ដេច។ ដូច្នេះ អ្វីក៏ដោយដែលមនុស្សបានហៅសត្វមានជីវិត នោះក៏ទៅជាឈ្មោះរបស់វា។ 20មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកគ្រប់ប្រភេទ បក្សាបក្សីនៅលើអាកាស និងសត្វព្រៃគ្រប់ប្រភេទនៃទីវាល។ ប៉ុន្តែសម្រាប់អ័ដាម គាត់រកអ្នកជំនួយដែលសមនឹងគាត់មិនបានឡើយ។ 21ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យការលង់លក់ធ្លាក់មកលើមនុស្ស នោះគាត់ក៏ដេកលក់ រួចព្រះអង្គទ្រង់យកឆ្អឹងជំនីរមួយរបស់គាត់ចេញ ហើយភ្ជិតសាច់ជំនួសវាវិញ។ 22បន្ទាប់មក ព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើតមនុស្សស្រីម្នាក់ពីឆ្អឹងជំនីរដែលព្រះអង្គបានយកចេញពីមនុស្សនោះ ហើយនាំនាងមកឯមនុស្សនោះ។ 23មនុស្សនោះក៏និយាយថា៖ “លើកនេះ ទើបជាឆ្អឹងពីឆ្អឹងខ្ញុំ ជាសាច់ពីសាច់ខ្ញុំ! ម្នាក់នេះត្រូវហៅថា ‘ស្ត្រី’ ពីព្រោះនាងត្រូវបានយកចេញពីបុរស”។ 24ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។ 25កាលនោះ ពួកគេទាំងពីរនៅខ្លួនទទេ គឺមនុស្ស និងប្រពន្ធរបស់គាត់ ប៉ុន្តែពួកគេមិនអៀនខ្មាសឡើយ៕
Pilihan Saat Ini:
លោកុប្បត្តិ 2: GKHB
Sorotan
Berbagi
Salin
Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative