យ៉ូហាន 16

16
1ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ឡើយ 2គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ 3គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​គេ​មិន​ស្គាល់​ព្រះវរ‌បិតា​ឬ​ខ្ញុំ​ទេ 4តែ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​ថា ខ្ញុំ​ប្រាប់​ហើយ ខ្ញុំ​មិន​បាន​ប្រាប់​កាល​ពី​ដើម​ទេ ពី​ព្រោះ​ខ្ញុំ​កំពុង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ 5តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា នោះ​ទេ 6ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ 7ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក 8កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្ដី​សុចរិត ហើយ​ពី​សេចក្ដី​ជំនុំ‌ជំរះ 9គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ 10ពី​សេចក្ដី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ 11នឹង​ពី​សេចក្ដី​ជំនុំ‌ជំរះ ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកីយ​នេះ​ត្រូវ​ទោស​ហើយ។
12ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ 13កាល​ណា​ព្រះ‌អង្គ​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​បន្ទូល ចំពោះ​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ហើយ​នឹង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក 14ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា 15គ្រប់​ទាំង​អស់​ដែល​ព្រះវរ‌បិតា​មាន នោះ​ជា​របស់​ផង​ខ្ញុំ​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។
16នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា 17ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច 18ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​ថា «នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ 19ព្រះ‌យេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី 20ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្ដី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្ដី​អំណរ​ទៅ​វិញ 21ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សំរាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្ដី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក 22ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្ដី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ 23នៅ​ថ្ងៃ​នោះ​អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះវរ‌បិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ 24តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ពិត 25ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះវរ‌បិតា​យ៉ាង​ច្បាស់‌លាស់​វិញ 26នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សូម​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរ‌បិតា ជំនួស​អ្នក​រាល់​គ្នា​នោះ​ទេ 27ដ្បិត​ព្រះវរ‌បិតា ទ្រង់​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​ជឿ​ថា ខ្ញុំ​បាន​ចេញ​ពី​ព្រះ​មក 28ខ្ញុំ​បាន​ចេញ​ពី​ព្រះវរ‌បិតា​មក​មែន ហើយ​បាន​មក​ក្នុង​លោកីយ ក៏​នឹង​ចេញ​ពី​លោកីយ ទៅ​ឯ​ព្រះវរ‌បិតា​វិញ​ទៀត។
29ពួក​សិស្ស​ទូល​ទ្រង់​ថា ហ្ន៏ ម្តង​ណេះ​ទ្រង់​មាន​បន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ 30ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សួរ​ទ្រង់​ទេ ដោយ​ហេតុ​នេះ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​ចេញ​ពី​ព្រះ​មក​មែន 31ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជឿ​ហើយ​ឬ 32មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯក‌ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯក‌ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ 33ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ‌សាន្ត ដោយ‌សារ​ខ្ញុំ នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ។

ハイライト

シェア

コピー

None

すべてのデバイスで、ハイライト箇所を保存したいですか? サインアップまたはサインインしてください。