យ៉ូហាន 17

17
1កាល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះ‌នេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ដំកើង​ទ្រង់​ដែរ 2ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា​ដែរ 3នេះ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង 4ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​ប្រគល់​មក​ឲ្យ​ធ្វើ 5ឥឡូវ​នេះ ឱ​ព្រះវរ‌បិតា​អើយ សូម​ដំកើង​ទូលបង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី‌ល្អ​ដែល​ទូលបង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ​មិន​ទាន់​បាន​កើត​នៅ​ឡើយ។
6ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ អំពី​មនុស្ស​លោក នោះ​ទូលបង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ អ្នក​ទាំង​នោះ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​គេ​មក​ទូលបង្គំ គេ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់ 7ឥឡូវ​នេះ គេ​ដឹង​ថា គ្រប់​ទាំង​អស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​សុទ្ធ​តែ​កើត​ពី​ទ្រង់​មក 8ដ្បិត​អស់​ទាំង​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូលបង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន 9ទូលបង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់ 10(របស់​ទូលបង្គំ​ទាំង​អស់​ជា​របស់​ផង​ទ្រង់ ហើយ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ផង​ទូលបង្គំ​ដែរ) ទូលបង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ 11អ្នក​ទាំង​នេះ​នៅ​ក្នុង​លោកីយ តែ​ទូលបង្គំ​មិន​នៅ​ក្នុង​លោកីយ​ទៀត​ទេ ទូលបង្គំ​នឹង​ទៅ​ឯ​ទ្រង់ ឱ​ព្រះវរ‌បិតា​ដ៏​បរិសុទ្ធ​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​សូម​ទ្រង់​រក្សា​គេ​ដោយ​ព្រះ‌នាម​ទ្រង់​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​១ ដូច​ជា​យើង​ដែរ 12កាល​ទូលបង្គំ​នៅ​ក្នុង​លោកីយ​ជា​មួយ​នឹង​គេ នោះ​ទូលបង្គំ​បាន​រក្សា​គេ ដោយ​ព្រះ‌នាម​ទ្រង់​ដែរ ទូលបង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ 13ឥឡូវ​នេះ ទូលបង្គំ​ទៅ​ឯ​ទ្រង់ តែ​ទូលបង្គំ​ថ្លែង​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​លោកីយ ដើម្បី​ឲ្យ​គេ​បាន​សេចក្ដី​អំណរ​របស់​ទូលបង្គំ ឲ្យ​នៅ​ពោរ‌ពេញ​ក្នុង​ខ្លួន​គេ 14ទូលបង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ​ទេ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ 15ទូលបង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ 16គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ 17សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ទ្រង់ 18ទូលបង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ ដូច​ជា​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​មក​ក្នុង​លោកីយ​ដែរ 19ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​ដែរ។
20ទូលបង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយ‌សារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ 21ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរ‌បិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ប្រយោជន៍​ឲ្យ​លោកីយ​បាន​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​ពិត 22ឯ​សិរី‌ល្អ​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ 23គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូលបង្គំ​ដែរ។
24ឱ​ព្រះវរ‌បិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី‌ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូលបង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ​រៀង​មក 25ឱ​ព្រះវរ‌បិតា​ដ៏​សុចរិត​អើយ លោកីយ​មិន​ស្គាល់​ទ្រង់​ទេ តែ​ទូលបង្គំ​ស្គាល់​ទ្រង់ ហើយ​ពួក​អ្នក​នេះ​ក៏​ដឹង​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​ដែរ 26ទូលបង្គំ​បាន​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ ក៏​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់ ដែល​ទ្រង់​ស្រឡាញ់​ដល់​ទូលបង្គំ បាន​នៅ​ក្នុង​គេ ហើយ​ឲ្យ​ទូលបង្គំ​នៅ​ក្នុង​គេ​ដែរ។

ハイライト

シェア

コピー

None

すべてのデバイスで、ハイライト箇所を保存したいですか? サインアップまたはサインインしてください。