យ៉ូហាន 5
5
1ក្រោយនោះមក មានបុណ្យ១របស់សាសន៍យូដា ហើយព្រះយេស៊ូវ ទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម 2រីឯនៅក្រុងយេរូសាឡិម ជិតទ្វារចៀម នោះមានស្រះ១ ដែលភាសាហេព្រើរហៅថា បេថែសដា មានសាលាសំណាក់៥ 3មានមនុស្សសន្ធឹកដេកនៅក្នុងសាលាទាំងនោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត គេរង់ចាំទឹកកំរើកឡើង 4ដ្បិតចួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ 5នៅទីនោះ មានមនុស្សម្នាក់ដែលឈឺ៣៨ឆ្នាំមកហើយ 6កាលព្រះយេស៊ូវឃើញគាត់ដេកនៅ ហើយបានជ្រាបថា គាត់នៅយ៉ាងនោះជាយូរមកហើយ នោះទ្រង់មានបន្ទូលថា តើអ្នកចង់បានជាឬទេ 7អ្នកជំងឺនោះទូលឆ្លើយថា លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ 8ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ 9ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក 10ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ 11គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ចូរយកគ្រែឯងដើរទៅ 12នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ 13តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ 14ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្ដីអាក្រក់ជាងនេះទៅទៀត 15មនុស្សនោះក៏ចេញទៅប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ ដែលប្រោសឲ្យខ្លួនបានជា 16ហេតុនោះបានជាពួកសាសន៍យូដា គេបៀតបៀនដល់ព្រះយេស៊ូវ ហើយរកសំឡាប់ទ្រង់ ដោយព្រោះទ្រង់ធ្វើការនោះ នៅថ្ងៃឈប់សំរាក 17ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលទៅគេថា ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ 18ដោយហេតុពាក្យនោះ បានជាពួកសាសន៍យូដា គេរកសំឡាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សំរាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង។
19ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ 20ពីព្រោះព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញ ឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ ទ្រង់នឹងបង្ហាញឲ្យឃើញការធំ លើសជាងការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីអស្ចារ្យ 21ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ 22ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ 23ដើម្បីឲ្យមនុស្សទាំងអស់បានគោរពប្រតិបត្តិដល់ព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិដល់ព្រះវរបិតាដែរ អ្នកណាដែលមិនគោរពប្រតិបត្តិដល់ព្រះរាជបុត្រា នោះក៏មិនគោរពប្រតិបត្តិដល់ព្រះវរបិតា ដែលចាត់ឲ្យទ្រង់មកដែរ។
24ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្ដីស្លាប់ ទៅដល់ជីវិតវិញ 25ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងមានពេលវេលាមក ក៏មកដល់ហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រានៃព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់វិញ 26ពីព្រោះដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ 27ហើយបានប្រទានអំណាចមកទ្រង់ ឲ្យជំនុំជំរះផង ពីព្រោះទ្រង់ជាកូនមនុស្ស 28កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក 29គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស 30ខ្ញុំពុំអាចនឹងធ្វើការអ្វី ដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជំរះតាមដែលខ្ញុំឮ ហើយសេចក្ដីជំនុំជំរះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក។
31បើសិនជាខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្ដីបន្ទាល់របស់ខ្ញុំមិនពិតទេ 32មានម្នាក់ទៀតដែលធ្វើបន្ទាល់ពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្ដីបន្ទាល់ ដែលអ្នកនោះធ្វើពីខ្ញុំក៏ពិតប្រាកដមែន 33អ្នករាល់គ្នាបានចាត់គេ ឲ្យទៅឯលោកយ៉ូហាន លោកក៏ធ្វើបន្ទាល់តាមសេចក្ដីពិត 34ប៉ុន្តែ សេចក្ដីបន្ទាល់ដែលខ្ញុំទទួល នោះមិនមែនមកពីមនុស្សទេ ខ្ញុំគ្រាន់តែនិយាយសេចក្ដីទាំងនេះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានសង្គ្រោះប៉ុណ្ណោះ 35ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត ឲ្យបានអរសប្បាយក្នុងពន្លឺរបស់លោក ក្នុង១គ្រានោះដែរ 36ប៉ុន្តែ ខ្ញុំមានទីបន្ទាល់វិសេសជាងទីបន្ទាល់របស់លោកយ៉ូហានទៅទៀត ពីព្រោះការទាំងប៉ុន្មាន ដែលព្រះវរបិតាបានប្រគល់មកឲ្យខ្ញុំធ្វើបង្ហើយ គឺការដែលខ្ញុំធ្វើទាំងប៉ុន្មាននេះឯង នោះបានធ្វើបន្ទាល់ពីខ្ញុំហើយ ថាព្រះវរបិតាបានចាត់ឲ្យខ្ញុំមក 37ឯព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ អ្នករាល់គ្នាមិនដែលឮសំឡេងទ្រង់ឡើយ ក៏មិនដែលឃើញរូបអង្គទ្រង់ផង 38អ្នករាល់គ្នាគ្មានព្រះបន្ទូលទ្រង់នៅក្នុងខ្លួនសោះ ពីព្រោះអ្នករាល់គ្នាមិនជឿដល់ព្រះអង្គ ដែលទ្រង់ចាត់ឲ្យមកនេះ 39អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ 40តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ។
41ខ្ញុំមិនទទួលកិត្តិសព្ទអំពីមនុស្សទេ 42ខ្ញុំស្គាល់អ្នករាល់គ្នាហើយ ថាគ្មានសេចក្ដីស្រឡាញ់របស់ព្រះ នៅក្នុងខ្លួនអ្នករាល់គ្នាសោះ 43ខ្ញុំបានមកដោយនូវព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ បើសិនជាមានអ្នកណាទៀតមក ដោយនូវឈ្មោះរបស់ខ្លួនគេ នោះអ្នករាល់គ្នានឹងទទួលអ្នកនោះវិញ 44ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ ដែលមកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ 45កុំឲ្យស្មានថា ខ្ញុំនឹងប្តឹងដល់ព្រះវរបិតា ពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺជាលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម 46បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ 47ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្ដី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន។
© BFBS/UBS 1954, 1962. All Rights Reserved.