រួចគាត់ឲ្យពរដល់យ៉ូសែបថា សូមឲ្យព្រះដែលអ័ប្រាហាំជាជីតា នឹងអ៊ីសាកជាឪពុកអញ បានដើរនៅចំពោះទ្រង់ ជាព្រះដែលបានចិញ្ចឹមអញគ្រប់១ជីវិតដរាបដល់សព្វថ្ងៃនេះ គឺជាទេវតា ដែលបានជួយឲ្យអញរួច ពីគ្រប់ទាំងសេចក្ដីអាក្រក់ សូមទ្រង់ប្រទានពរដល់ក្មេងទាំង២នេះ ហើយឲ្យវាបានហៅតាមឈ្មោះអញ តាមឈ្មោះអ័ប្រាហាំជាជីតា នឹងអ៊ីសាកជាឪពុកអញ សូមឲ្យវាបានចំរើនឡើង មានគ្នាសន្ធឹកនៅលើផែនដី