បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅរបស់អ្នករាល់គ្នាសួរឪពុកថា “តើថ្មទាំងនេះមានន័យដូចម្ដេច?”។ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅ អំពីគ្រាដែលប្រជាជនអ៊ីស្រាអែលបានដើរឆ្លងបាតទន្លេយ័រដាន់នេះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាឆ្លងផុត ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យសមុទ្រកក់ រីងស្ងួតនៅចំពោះមុខយើង រហូតទាល់តែយើងឆ្លងផុតដែរ។