១ កូរិនថូស 1
1
1សំបុត្រប៉ុលខ្ញុំ ជាអ្នកដែលព្រះយេស៊ូវគ្រីស្ទបានហៅមកធ្វើជាសាវករបស់ទ្រង់ តាមបំណងព្រះហឫទ័យព្រះ ព្រមទាំងសូស្ថេន ជាពួកបងប្អូន 2ផ្ញើមកពួកជំនុំនៃព្រះ នៅក្រុងកូរិនថូស ជាពួកអ្នកដែលបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទាំងហៅមកធ្វើជាពួកបរិសុទ្ធ ជាមួយនឹងអស់អ្នក នៅគ្រប់ទីកន្លែង ដែលអំពាវនាវដល់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា គឺនៃគេ នឹងយើងផង 3សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា នឹងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទផង។
4ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ អំពីដំណើរអ្នករាល់គ្នាជាដរាប ដោយព្រោះព្រះគុណនៃព្រះ ដែលបានផ្តល់មកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ 5ព្រោះអ្នករាល់គ្នាបានចំរើនឡើងគ្រប់ចំពូក ដោយសារទ្រង់ គឺក្នុងគ្រប់ទាំងពាក្យសំដី នឹងចំណេះទាំងអស់ដែរ 6តាមដែលសេចក្ដីបន្ទាល់ពីព្រះគ្រីស្ទបានបញ្ជាក់ក្នុងពួកអ្នករាល់គ្នា 7ដល់ម៉្លេះបានជាអ្នករាល់គ្នាមិនចាញ់គេ ខាងឯអំណោយទានណាមួយឡើយ ទាំងចាំទំរាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាលេចមកផង 8ដែលទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ដរាបដល់ចុងបំផុត ឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង 9ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់។
10ឥឡូវនេះ បងប្អូនអើយ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្ដីដដែលទាំងអស់គ្នា កុំឲ្យមានសេចក្ដីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ 11ឱបងប្អូនអើយ ពីព្រោះមានពួកអ្នកផ្ទះនាងខ្លូអេបានប្រាប់ខ្ញុំ ពីដំណើរអ្នករាល់គ្នាថា តែងតែមានសេចក្ដីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា 12គឺថា អ្នករាល់គ្នានិមួយៗប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ជារបស់អ័ប៉ុឡូស ជារបស់កេផាស ឬជារបស់ព្រះគ្រីស្ទ 13ដូច្នេះ តើព្រះគ្រីស្ទបានបាក់បែកឬអី តើប៉ុលត្រូវឆ្កាងជំនួសអ្នករាល់គ្នាឬអី តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជ ដោយនូវឈ្មោះប៉ុលឬអី 14ខ្ញុំអរព្រះគុណដល់ព្រះថា ខ្ញុំមិនបានធ្វើបុណ្យជ្រមុជឲ្យអ្នកណាមួយ ក្នុងពួកអ្នករាល់គ្នាទេ បានធ្វើឲ្យតែគ្រីសប៉ុល នឹងកៃយុសប៉ុណ្ណោះ 15ដើម្បីកុំឲ្យមានអ្នកណាប្រកាន់ថា ខ្ញុំបានធ្វើបុណ្យជ្រមុជដោយនូវឈ្មោះខ្ញុំនោះឡើយ 16ខ្ញុំក៏បានធ្វើបុណ្យជ្រមុជឲ្យពួកផ្ទះស្ទេផាន៉ាសដែរ តែឯមនុស្សឯទៀត ខ្ញុំមិនដឹងជាបានធ្វើបុណ្យជ្រមុជឲ្យអ្នកណាទេ 17ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើបុណ្យជ្រមុជទឹកទេ គឺឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ 18ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្ដីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ 19ព្រោះមានសេចក្ដីចែងទុកមកថា «អញនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយនឹងលើកចំណេះរបស់ពួកអ្នកដែលចេះ ចោលចេញ» 20តើអ្នកប្រាជ្ញនៅឯណា តើអាចារ្យនៅឯណា តើអ្នកដេញដោលនៃសម័យនេះនៅឯណា ព្រះទ្រង់បានធ្វើឲ្យប្រាជ្ញារបស់លោកីយនេះ ទៅជាសេចក្ដីល្ងង់ល្ងើវិញទេតើ 21ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះ ដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្ដីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ 22ពីព្រោះសាសន៍យូដា គេចង់ឃើញភស្តុតាង ហើយសាសន៍ក្រេក គេស្វែងរកប្រាជ្ញា 23តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា នឹងជាសេចក្ដីល្ងង់ល្ងើដល់សាសន៍ក្រេក 24តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា ហើយជាប្រាជ្ញារបស់ព្រះវិញ ដល់អស់អ្នកដែលទ្រង់ហៅ ទាំងសាសន៍យូដា ហើយនឹងសាសន៍ក្រេកផង 25ដ្បិតសេចក្ដីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្ដីកំសោយរបស់ព្រះ ក៏មានកំឡាំងលើសជាងមនុស្សដែរ។
26ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច នឹងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ 27ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយនេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្ដីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយនេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស 28ហើយទ្រង់បានរើសអ្នកទាបថោកនៅលោកីយនេះ នឹងពួកអ្នកដែលគេមើលងាយ ព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹងលើកចោលរបស់ដែលមានចេញ 29ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ 30តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ នឹងសេចក្ដីប្រោសលោះដល់យើងផង 31ដើម្បីឲ្យបានត្រូវនឹងសេចក្ដីដែលចែងទុកមកថា «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ»។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.