១ កូរិន‌ថូស 11

11
1ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ‌គ្រីស្ទ​ដែរ។
2បង​ប្អូន​អើយ ខ្ញុំ​សរសើរ​ដល់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ខ្ញុំ ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កាន់​តាម​សេចក្ដី ដែល​ខ្ញុំ​បាន​បង្វឹក​បង្រៀន​ផង 3តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌គ្រីស្ទ​ជា​សិរសា​នៃ​បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ 4បុរស​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ​ទាំង​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​សិរសា​ខ្លួន 5ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ ដោយ​មាន​ក្បាល​ទទេ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​ក្បាល​ខ្លួន​វិញ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​ដូច​ជា​បាន​កោរ​សក់​ចេញ​ដែរ 6បើ​ស្ត្រី​ណា​មិន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ត្រូវ​កាត់​សក់​ចេញ តែ​បើ​ពួក​ស្រីៗ​អៀន‌ខ្មាស​ចំពោះ​ការ​កាត់ ឬ​កោរ​សក់ នោះ​ត្រូវ​តែ​មាន​អ្វី​ពាក់​វិញ 7ផ្នែក​ខាង​ពួក​បុរស​វិញ នោះ​មិន​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​ទេ ពី​ព្រោះ​ខ្លួន​ជា​គំរូ ហើយ​ជា​សិរី‌ល្អ​នៃ​ព្រះ តែ​ស្ត្រី​ជា​សិរី‌ល្អ​ដល់​បុរស​វិញ 8ដ្បិត​បុរស​ដើម​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​មក​ទេ គឺ​ស្ត្រី​បាន​ចេញ​មក​ពី​បុរស​នោះ​វិញ 9ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សំរាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សំរាប់​បុរស​វិញ 10ហេតុ​នោះ​ត្រូវ​ឲ្យ​ពួក​ស្ត្រី​មាន​ទី​សំគាល់​ពី​អំណាច​របស់​ប្ដី នៅ​លើ​ក្បាល​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា 11ប៉ុន្តែ ក្នុង​ព្រះ‌អម្ចាស់ នោះ​បុរស​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ 12ដ្បិត​បុរស​កើត​មក​ដោយ‌សារ​ស្ត្រី ដូច​ជា​ស្ត្រី​ដើម​បាន​កើត​មក​ពី​បុរស​នោះ​ដែរ តែ​គ្រប់​របស់​ទាំង​អស់​សំរេច​កើត​មក​អំពី​ព្រះ​វិញ 13ចូរ​ពិចារណា​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​មើល តើ​គួរ​គប្បី​ឲ្យ​ស្ត្រី​អធិស្ឋាន​ដល់​ព្រះ ដោយ​ឥត​មាន​ពាក់​អី​លើ​ក្បាល​ឬ​ទេ 14តើ​ធម្មតា​លោក​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​អី​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន 15តែ​បើ​ស្ត្រី​ទុក​សក់​វែង នោះ​ឯង​ជា​សេចក្ដី​លំអ​ដល់​នាង​វិញ ដ្បិត​សក់​វែង​នោះ ទ្រង់​បាន​ប្រទាន​មក​នាង ទុក​ជា​ប្រដាប់​សំរាប់​ទទូរ 16ប៉ុន្តែ បើ​មាន​អ្នក​ណា​ចង់​ជជែក​ពី​សេចក្ដី​នេះ នោះ​យើង​រាល់​គ្នា​គ្មាន​ទំលាប់​យ៉ាង​នោះ​ទេ ហើយ​ពួក​ជំនុំ​នៃ​ព្រះ​ក៏​គ្មាន​ដែរ។
17ខាង​ឯ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​មក​ក្រោយ​នេះ ខ្ញុំ​មិន​សរសើរ​ដល់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ដែល​អ្នក​រាល់​គ្នា​ប្រជុំ​គ្នា នោះ​មិន​មែន​ឲ្យ​បាន​ល្អ​ឡើង​ទេ គឺ​ឲ្យ​បាន​អាក្រក់​ជាង​ទៅ​វិញ 18ព្រោះ​មុន​ដំបូង​ខ្ញុំ​ឮ​ថា កាល​ណា​អ្នក​រាល់​គ្នា​មូល​មក​ក្នុង​ពួក​ជំនុំ នោះ​តែង​មាន​ការ​បែក‌ខ្ញែក​គ្នា​ទៅ ហើយ​ខ្ញុំ​ក៏​បាន​ជឿ​ខ្លះ​ដែរ 19ពី​ព្រោះ​ត្រូវ​តែ​មាន​បក្ស‌ពួក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​ខ្ជាប់‌ខ្ជួន​បាន​សំដែង​មក​ឲ្យ​ស្គាល់​ច្បាស់ 20ដូច្នេះ ដែល​ប្រជុំ​គ្នា​នៅ​ទី​ណា​មួយ នោះ​មិន​មែន​ប្រជុំ ដើម្បី​នឹង​បរិភោគ​លៀង​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ទេ 21ដ្បិត​កាល​បរិភោគ នោះ​គ្រប់​គ្នា​ខំ​បរិភោគ​ម្ហូប​របស់​ខ្លួន​ឲ្យ​តែ​ឆ្អែត​មុន​គេ​ទៅ បាន​ជា​មាន​មួយ​នៅ​ឃ្លាន ហើយ​មួយ​ទៀត​ស្រវឹង 22ចុះ​តើ​អ្នក​រាល់​គ្នា​គ្មាន​ផ្ទះ សំរាប់​ជា​ទី​ឲ្យ​បាន​បរិភោគ​អាហារ​ទេ​ឬ​អី ឬ​តើ​អ្នក​មើល‌ងាយ​ដល់​ពួក​ជំនុំ​នៃ​ព្រះ ហើយ​ចង់​ធ្វើ​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ មាន​សេចក្ដី​ខ្មាស​ឬ​អី តើ​គួរ​ឲ្យ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច គួរ​ឲ្យ​សរសើរ​ឬ ខ្ញុំ​មិន​សរសើរ​ទេ។
23ដ្បិត​ឯ​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក គឺ​ថា​នៅ​ពេល​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន នោះ​ទ្រង់​បាន​យក​នំបុ័ង 24លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ក៏​កាច់​នំបុ័ង​ដោយ​បន្ទូល​ថា «ចូរ​យក​ពិសា​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​ត្រូវ​កាច់​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​កិច្ច​នេះ ទុក​ជា​សេចក្ដី​រំឭក​ពី​ខ្ញុំ​ចុះ» 25លុះ​ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​ក៏​យក​ពែង​បែប​ដូច្នោះ​ដែរ ដោយ​បន្ទូល​ថា «ពែង​នេះ​ជា​សញ្ញា​ថ្មី ដោយ​នូវ​ឈាម​ខ្ញុំ ចូរ​ធ្វើ​ដូច្នេះ​រាល់​វេលា​ណា​ដែល​ផឹក ទុក​ជា​សេចក្ដី​រំឭក​ដល់​ខ្ញុំ» 26ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្ដី​សុគត​របស់​ផង​ព្រះ‌អម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក 27បាន​ជា​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ ឬ​ផឹក​ពី​ពែង​នៃ​ព្រះ‌អម្ចាស់​បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ចំពោះ​រូប​អង្គ ហើយ​នឹង​ព្រះ‌លោហិត​នៃ​ព្រះ‌អម្ចាស់ 28ត្រូវ​ឲ្យ​មនុស្ស​ល្បង​ខ្លួន​ឯង​មើល រួច​សឹម​បរិភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ​ចុះ 29ដ្បិត​អ្នក​ណា​ដែល​បរិភោគ​បែប​មិន​គួរ​សម អ្នក​នោះ​ឈ្មោះ​ថា​បរិភោគ​ជា​សេចក្ដី​ជំនុំ‌ជំរះ​ដល់​ខ្លួន​វិញ ដោយ​ព្រោះ​មិន​ពិចារណា​ឃើញ​រូប​អង្គ​នៃ​ព្រះ‌អម្ចាស់​ទេ 30គឺ​ដោយ​ហេតុ​នោះ​បាន​ជា​មាន​អ្នក​រាល់​គ្នា​ជា​ច្រើន ទៅ​ជា​ខ្សោយ ហើយ​ឈឺ ក៏​មាន​គ្នា​ជា​ច្រើន​ដេក​លក់​ទៅ​ហើយ​ដែរ 31បើ​សិន​ជា​យើង​រាល់​គ្នា​ពិចារណា​មើល​ក្នុង​ខ្លួន​យើង នោះ​យើង​មិន​ត្រូវ​ជាប់​ជំនុំ‌ជំរះ​ទេ 32តែ​កាល​ណា​យើង​រាល់​គ្នា​ត្រូវ​ជាប់​ជំនុំ‌ជំរះ នោះ​ព្រះ‌អម្ចាស់​ទ្រង់​វាយ‌ផ្ចាល​យើង​វិញ ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជា​មួយ​នឹង​លោកីយ​ឡើយ 33ដូច្នេះ បង​ប្អូន​អើយ កាល​ណា​ប្រជុំ​គ្នា ដើម្បី​នឹង​បរិភោគ នោះ​ត្រូវ​បង្អង់​ចាំ​គ្នា​ផង 34បើ​សិន​ជា​អ្នក​ណា​ឃ្លាន ឲ្យ​អ្នក​នោះ​បរិភោគ​នៅ​ឯ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រជុំ​ទៅ នាំ​ឲ្យ​ជាប់​មាន​ទោស​ឡើយ ឯ​ការ​ឯ​ទៀត ដល់​កាល​ណា​ខ្ញុំ​មក នោះ​ខ្ញុំ​នឹង​សំរេច​គ្រប់​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 11: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល