១ កូរិនថូស 15
15
1បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង 2អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែងប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត 3ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ 4ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ 5ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ 6ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ 7ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវកទាំងអស់គ្នាឃើញដែរ 8រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ 9ដ្បិតក្នុងបណ្តាពួកសាវក នោះខ្ញុំជាអ្នកតូចជាងគេ មិនគួរនឹងហៅខ្ញុំជាសាវកផងទេ ពីព្រោះខ្ញុំបានបៀតបៀនដល់ពួកជំនុំនៃព្រះ 10ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ 11ដូច្នេះ ទោះបើជាខ្ញុំ ឬអ្នកទាំងនោះក្តី គង់តែយើងផ្សាយដំណឹងបែបយ៉ាងនោះ ក៏យ៉ាងនោះឯង ដែលអ្នករាល់គ្នាបានជឿដែរ។
12បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឲ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ 13បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ 14ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ 15ឈ្មោះថាយើងខ្ញុំជាស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ ដ្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថា ទ្រង់បានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញហើយ តែបើពួកស្លាប់មិនរស់ឡើងវិញមែន នោះប្រាកដជាទ្រង់មិនបានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញពិត 16ដ្បិតបើសិនជាពួកស្លាប់មិនរស់ឡើងទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងដែរ 17ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្ដីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ 18ហើយអស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ 19បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត។
20តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ 21ដ្បិតដែលសេចក្ដីស្លាប់បានមកដោយសារមនុស្ស នោះសេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ 22ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ 23តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក 24គ្រានោះបានដល់ចុងបំផុតហើយ ជាវេលាដែលទ្រង់នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ ក្រោយដែលទ្រង់បានទំលាក់អស់ទាំងរាជ្យ នឹងអំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ 25ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យ ទាស់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់ 26ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់ 27ពីព្រោះទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទទ្រង់ហើយ តែដែលថា បានបង្ក្រាបគ្រប់ទាំងអស់ នោះច្បាស់ជាមិននិយាយពីព្រះ ដែលបង្ក្រាបគ្រប់របស់ទាំងអស់ នៅក្រោមទ្រង់នោះទេ 28ហើយកាលណាទ្រង់បានបង្ក្រាបគ្រប់របស់ទាំងអស់នៅក្រោមទ្រង់ នោះព្រះរាជបុត្រានោះឯង ក៏នឹងត្រូវក្រាបក្រោមព្រះ ដែលបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមទ្រង់ដែរ ដើម្បីឲ្យព្រះបានធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់។
29ពុំនោះ ពួកអ្នកដែលទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់ នឹងធ្វើដូចម្តេច បើសិនជាពួកស្លាប់មិនរស់ឡើងវិញទេ នោះតើហេតុអ្វីបានជាគេទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់ធ្វើអី 30ហេតុអ្វីបានជាយើងមានសេចក្ដីអន្តរាយរាល់ពេលរាល់វេលាដែរ 31ខ្ញុំស្បថដោយនូវសេចក្ដីអំនួត ដែលខ្ញុំអួតពីអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាថា ខ្ញុំស្លាប់រាល់តែថ្ងៃ 32បើសិនជាខ្ញុំបានតយុទ្ធនឹងសត្វព្រៃ នៅក្រុងអេភេសូរ តាមរបៀបជាមនុស្ស នោះតើមានប្រយោជន៍អ្វីដល់ខ្ញុំ បើសិនណាជាមនុស្សស្លាប់មិនរស់ឡើងវិញមែន នោះចូរយើងស៊ីផឹកទៅចុះ ដ្បិតស្អែកយើងត្រូវស្លាប់ហើយ 33កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ 34ចូរភ្ញាក់ដឹងខ្លួនឡើងខាងឯសេចក្ដីសុចរិតចុះ កុំឲ្យធ្វើបាបឡើយ ដ្បិតអ្នករាល់គ្នាខ្លះមិនស្គាល់ព្រះទេ ខ្ញុំថាដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាស។
35មុខជានឹងមានអ្នកណាមួយសួរថា ឯពួកមនុស្សស្លាប់ នឹងរស់ឡើងវិញយ៉ាងណា តើមកវិញមានរូបកាយដូចម្តេច 36ឱមនុស្សកំឡៅអើយ គ្រាប់ពូជដែលអ្នកព្រោះទៅ បើមិនងាប់ នោះមិនពន្លកដុះឡើងទេ 37ហើយគ្រាប់ដែលអ្នកព្រោះនោះ មិនមែនដូចជាដើមដែលពន្លកឡើងនោះដែរ គឺជាគ្រាប់សុទ្ធ ដូចជាគ្រាប់ស្រូវ ឬពូជណាទៀតក្តី 38តែព្រះទ្រង់ប្រទានឲ្យមានដើមទីទៃពីគ្នារៀងរាល់ពូជ តាមព្រះហឫទ័យទ្រង់ 39គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ គឺមាន១របស់មនុស្ស ១របស់សត្វ ១របស់ត្រី ហើយ១របស់សត្វហើរ 40ក៏មានរូបកាយសំរាប់ស្ថានសួគ៌ ហើយមានរូបកាយសំរាប់ផែនដីដែរ តែសិរីរបស់រូបកាយនៅស្ថានសួគ៌ នឹងរបស់រូបកាយនៅផែនដីនោះទីទៃពីគ្នា 41ឯព្រះអាទិត្យ នោះមានរស្មីម្យ៉ាងទៅ ព្រះចន្ទក៏មានរស្មីម្យ៉ាងទៅ ហើយផ្កាយក៏មានរស្មីម្យ៉ាងទៅ សូម្បីតែផ្កាយទាំងប៉ុន្មានសោត ក៏មានរស្មីខុសពីគ្នាដែរ 42សេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ នោះក៏បែបដូច្នោះដែរ គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយឡើយ 43បានកប់ទៅ ទាំងមានសេចក្ដីអាប់ឱន តែរស់ឡើងវិញ ទាំងមានសិរីល្អ បានកប់ទៅ ទាំងមានសេចក្ដីកំសោយ តែរស់ឡើងវិញ ទាំងមានព្រះចេស្តា 44បានកប់ទៅ ជារូបកាយ ខាងសាច់ឈាម តែរស់ឡើង ជារូបកាយខាងវិញ្ញាណវិញ បើមានរូបកាយ ខាងសាច់ឈាម នោះក៏មានរូបកាយ ខាងវិញ្ញាណដែរ 45ដូចជាសេចក្ដីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ 46ឯវិញ្ញាណមិនមែនកើតមុនទេ គឺជារូបសាច់ទេតើ រួចទើបមានវិញ្ញាណជាខាងក្រោយ 47មនុស្សមុនដំបូងកើតមកពីដី គឺធ្វើមកពីធូលីដី តែមនុស្សទី២ ជាព្រះអម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញ 48ឯមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដី ក៏យ៉ាងនោះដែរ ហើយព្រះអម្ចាស់ ដែលយាងមកពីស្ថានសួគ៌ ជាយ៉ាងណា ពួកស្ថានសួគ៌ក៏យ៉ាងនោះដែរ 49យើងក៏នឹងមានរូបរាងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌ ដូចជាយើងមានរូបរាងរបស់មនុស្ស ដែលធ្វើពីធូលីមកដែរ 50បងប្អូនអើយ សេចក្ដីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមពុំអាចនឹងគ្រងនគរព្រះជាមរដកបានឡើយ ហើយសេចក្ដីពុករលួយក៏ពុំអាចនឹងគ្រងសេចក្ដី ដែលមិនចេះពុករលួយបានដែរ។
51នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ 52តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ 53ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញដែរ 54កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ» 55«ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» 56រីឯទ្រនិចនៃសេចក្ដីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យ 57តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង 58បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 15: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.