១ កូរិនថូស 9
9
1តើខ្ញុំមិនមែនជាសាវកទេឬអី តើខ្ញុំមិនមែនជាអ្នកមានសេរីភាពទេឬអី តើខ្ញុំមិនបានឃើញព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេឬអី តើអ្នករាល់គ្នាមិនមែនជាស្នាដៃ ដែលខ្ញុំធ្វើក្នុងព្រះអម្ចាស់ទេឬអី 2បើខ្ញុំមិនមែនជាសាវកដល់មនុស្សឯទៀត ក៏គង់តែជាសាវកដល់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នាជាភស្តុតាង ពីការងារជាសាវករបស់ខ្ញុំក្នុងព្រះអម្ចាស់ 3ឯសេចក្ដីដោះសារបស់ខ្ញុំនៅមុខពួកអ្នកដែលចោទប្រកាន់ខ្ញុំ 4នោះគឺថា តើយើងខ្ញុំគ្មានច្បាប់នឹងទទួលទានទេឬអី 5តើគ្មានច្បាប់នឹងនាំសិស្សស្រីម្នាក់ ជាប្រពន្ធយើងខ្ញុំ ទៅជាមួយ ដូចជាសាវកឯទៀត នឹងបងប្អូនព្រះអម្ចាស់ ហើយកេផាសដែរទេឬអី 6ឬមួយ តើមានតែខ្ញុំ នឹងបាណាបាស ដែលគ្មានច្បាប់នឹងលែងធ្វើការរកស៊ីឬអី 7ចុះតើដែលមានអ្នកណាធ្វើជាទាហាន ហើយចាយតែប្រាក់ខ្លួនឯងឬទេ តើដែលមានអ្នកណាដាំចំការទំពាំងបាយជូរ រួចមិនបរិភោគផលពីចំការនោះ ឬដែលមានអ្នកណាឃ្វាលហ្វូងសត្វ ឥតផឹកទឹកដោះវាឬទេ 8ដែលខ្ញុំនិយាយសេចក្ដីទាំងនេះ នោះតើតាមតែរបៀបមនុស្សប៉ុណ្ណោះ ឯក្រិត្យវិន័យ តើមិនថាដូច្នេះដែរទេឬ 9ដ្បិតមានសេចក្ដីចែងទុកមក ក្នុងក្រិត្យវិន័យលោកម៉ូសេថា «កុំឲ្យឃ្លុំមាត់របស់គោ ដែលបញ្ជាន់ស្រូវឡើយ» នោះតើព្រះទ្រង់គិតដល់គោតែប៉ុណ្ណោះ 10ឬទ្រង់មានបន្ទូលដូច្នោះចំពោះដល់យើងរាល់គ្នាដែរ គឺដោយព្រោះតែយើងរាល់គ្នាហើយ បានជាសេចក្ដីនោះបានចែងទុកមក ដើម្បីឲ្យអ្នកណាដែលភ្ជួររាស់ បានភ្ជួររាស់ដោយសង្ឃឹម ហើយអ្នកណាដែលបញ្ជាន់ដោយសង្ឃឹម នោះនឹងបានតាមសេចក្ដីសង្ឃឹមនោះឯង 11បើសិនជាយើងខ្ញុំបានសាបព្រោះរបស់ខាងព្រលឹងវិញ្ញាណ នៅក្នុងពួកអ្នករាល់គ្នា ហើយច្រូតបានរបស់អ្នករាល់គ្នាខាងសាច់ឈាមវិញ នោះតើច្រើនហួសពេកឬអី 12បើអ្នកឯទៀតមានអំណាចនោះលើអ្នករាល់គ្នា នោះតើយើងខ្ញុំមិនត្រូវមានលើសជាងគេទៅទៀតទេឬអី ប៉ុន្តែ យើងខ្ញុំមិនបានប្រើអំណាចនោះទេ យើងខ្ញុំបានទ្រទ្រង់ទាំងអស់វិញ ដើម្បីមិនឲ្យដំណឹងល្អនៃព្រះគ្រីស្ទត្រូវបង្អាក់ឡើយ 13តើមិនដឹងទេឬអី ថាពួកអ្នកដែលធ្វើការព្រះ គេបរិភោគដោយសារព្រះវិហារ ហើយពួកអ្នកដែលបំរើអាសនា ក៏បានចំណែកពីអាសនាដែរ។
14ព្រះអម្ចាស់ទ្រង់ក៏បង្គាប់ ឲ្យពួកអ្នកដែលផ្សាយដំណឹងល្អ បានរស់ដោយសារដំណឹងល្អដូច្នោះដែរ 15តែខ្ញុំមិនបានប្រើអំណាចណា១នេះទេ ខ្ញុំក៏មិនបានសរសេរសេចក្ដីទាំងនេះ ដោយប្រាថ្នាចង់ឲ្យគេប្រព្រឹត្តយ៉ាងនោះដល់ខ្លួនខ្ញុំដែរ ខ្ញុំស៊ូតែស្លាប់វិញ ជាជាងឲ្យសេចក្ដីអំនួតរបស់ខ្ញុំនេះត្រូវវិនាស 16ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ 17បើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំបានរង្វាន់ តែបើធ្វើទាំងទើសទ័ល នោះគង់តែមានការងារចែកចាយផ្ញើទុកនឹងខ្ញុំដែរ 18ដូច្នេះ តើរង្វាន់ខ្ញុំជាយ៉ាងណា គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ដោយឥតយកថ្លៃប៉ុណ្ណោះ ដើម្បីកុំឲ្យខ្ញុំបានប្រើអំណាចខ្លួន ក្នុងដំណឹងល្អហួសល្បត់ឡើយ 19ដ្បិតទោះបើខ្ញុំមិនជាប់បំរើអ្នកណាសោះក៏ដោយ គង់តែខ្ញុំបានត្រឡប់ទៅជាអ្នកបំរើដល់មនុស្សទាំងអស់វិញ ដើម្បីឲ្យបានមនុស្សជាច្រើនទៅទៀត 20ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា ដើម្បីឲ្យបានពួកយូដា ហើយដូចជានៅក្រោមបន្ទុកក្រិត្យវិន័យ ដល់ពួកអ្នកដែលនៅក្រោមបន្ទុកក្រិត្យវិន័យ (តែខ្ញុំមិនមែននៅក្រោមបន្ទុកក្រិត្យវិន័យទេ) ដើម្បីឲ្យបានពួកអ្នក ដែលនៅក្នុងបន្ទុកក្រិត្យវិន័យ 21ហើយដូចជាឥតក្រិត្យវិន័យដល់ពួកអ្នកដែលគ្មានក្រិត្យវិន័យ (មិនមែនថាខ្ញុំឥតក្រិត្យវិន័យរបស់ព្រះទេ គឺខ្ញុំនៅក្នុងក្រិត្យវិន័យព្រះគ្រីស្ទវិញ) ដើម្បីឲ្យបានពួកអ្នកដែលគ្មានក្រិត្យវិន័យដែរ 22ខ្ញុំបានត្រឡប់ដូចជាខ្សោយដល់ពួកអ្នកកំសោយ ដើម្បីឲ្យបានពួកកំសោយ គឺបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះឯង 23ខ្ញុំធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ ដើម្បីឲ្យខ្ញុំបានចំណែកជាមួយគ្នាក្នុងដំណឹងល្អ។
24តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ 25ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ 26បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ 27គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 9: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.