១ ពេត្រុស 5

5
1ឯ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ ដែល​ជា​អ្នក​ចាស់‌ទុំ​ដែរ ហើយ​ជា​ស្មរ​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី‌ល្អ​ដែល​ត្រូវ​លេច​មក ខ្ញុំ​សូម​ទូន្មាន​ថា 2ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ ទាំង​គ្រប់‌គ្រង ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ 3មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់​ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ 4រួច​កាល​ណា​មេ​ពួក​អ្នក​គង្វាល​បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​ស្រពោន​ឡើយ។
5ឯ​អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង នោះ​ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់‌ទុំ​ដែរ ហើយ​ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ព្រះ‌ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្តល់​ព្រះ‌គុណ​ដល់​ពួក​រាប​សា​វិញ 6ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់ 7ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។
8ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន 9ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំ‌មួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ 10រីឯ​ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ក្នុង​ខណ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច 11សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា​នៅ​អស់​‌កល្ប​ជានិច្ច ជា​រៀង​រាប​ត​ទៅ អាម៉ែន។
12ខ្ញុំ​បាន​សរសេរ​យ៉ាង​ខ្លី ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​ស៊ីលវ៉ាន ដែល​ខ្ញុំ​រាប់​ទុក​ជា​បង​ប្អូន​ស្មោះ‌ត្រង់​ពិត ដើម្បី​នឹង​ទូន្មាន ហើយ​ធ្វើ​បន្ទាល់​ថា ព្រះ‌គុណ​នៃ​ព្រះ​ដែល​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម នោះ​ជា​ព្រះ‌គុណ​ពិត​ប្រាកដ​ហើយ 13ពួក​ជំនុំ​នៅ​ក្រុង​បាប៊ីឡូន ដែល​ទ្រង់​បាន​រើស​តាំង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ព្រម​ទាំង​អ្នក​ម៉ាកុស ជា​កូន​ខ្ញុំ​ផង គេ​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា 14សូម​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​ដ៏​កើត​អំពី​ចិត្ត​ស្រឡាញ់ សូម​ឲ្យ​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ចុះ។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

១ ពេត្រុស 5: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល