១ សាំយូអែល 11
11
1សម័យនោះ ណាហាស ជាសាសន៍អាំម៉ូន ក៏ឡើងមកបោះទ័ពទាស់នឹងក្រុងយ៉ាបេស-កាឡាត ឯពួកមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន គេនិយាយនឹងណាហាសថា ដូច្នេះសូមឲ្យតាំងសេចក្ដីសញ្ញានឹងយើងខ្ញុំចុះ នោះយើងខ្ញុំនឹងចំណុះចំពោះលោក 2តែណាហាសជាសាសន៍អាំម៉ូនឆ្លើយថា លុះត្រាតែឲ្យអញចាក់ភ្នែកខាងស្តាំរបស់ឯងរាល់គ្នាឲ្យខ្វាក់ នោះទើបអញនឹងព្រមតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ដើម្បីនឹងយកការនោះទុកសំរាប់ជាសេចក្ដីដំនៀលដល់សាសន៍អ៊ីស្រាអែល 3នោះពួកចាស់ទុំនៅក្រុងយ៉ាបេសក៏អង្វរថា សូមមេត្តាបង្អង់ឲ្យយើងខ្ញុំបាន៧ថ្ងៃសិន ដើម្បីនឹងចាត់គេឲ្យទៅប្រាប់គ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល រួចបើគ្មានអ្នកណានឹងមកជួយយើងខ្ញុំទេ នោះយើងខ្ញុំនឹងចេញមក ចុះចូលនឹងលោក 4ដូច្នេះ ពួកអ្នកទាំងនោះ ក៏មកថ្លែងប្រាប់ដល់បណ្តាមនុស្ស នៅត្រង់គីបៀរ ជាស្រុករបស់សូល ឲ្យស្តាប់ នោះគេឡើងសំឡេងយំគ្រប់គ្នា 5ខណនោះ សូលកំពុងតែកៀងហ្វូងគោមកពីវាល ក៏សួរថា តើមានកើតហេតុភេទអ្វី បានជាយំដូច្នេះ នោះគេជំរាបលោកតាមពាក្យនៃពួកមនុស្សនៅយ៉ាបេសសព្វគ្រប់។
6កាលលោកបានឮហើយ នោះព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើលោក បណ្តាលឡើងជាខ្លាំង ហើយសេចក្ដីកំហឹងរបស់លោកក៏ឆួលឆេះឡើង 7លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនឹងសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់ 8ឯសូលលោករាប់គេនៅត្រង់បេសេក នោះឃើញមានពួកកូនចៅអ៊ីស្រាអែលចំនួន៣សែននាក់ ហើយពួកយូដា៣ម៉ឺននាក់ 9រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា ថ្ងៃស្អែកនេះដល់ថ្ងៃពេញកំដៅ នោះអ្នករាល់គ្នានឹងបានរួចហើយ ពួកនោះក៏ទៅប្រាប់ដល់បណ្តាមនុស្សដែលនៅយ៉ាបេស ហើយគេកើតមានសេចក្ដីអំណរឡើងជាខ្លាំង 10ដូច្នេះពួកមនុស្សនៅយ៉ាបេស គេប្រាប់ដល់ពួកសាសន៍អាំម៉ូនថា ថ្ងៃស្អែកនេះយើងខ្ញុំនឹងចេញមកឯអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តនឹងយើងខ្ញុំតាមតែចិត្តចុះ 11លុះដល់ថ្ងៃស្អែកឡើង សូលលោករៀបពលទ័ពជា៣កង ចូលទៅដល់ទីបោះទ័ពរបស់គេនៅវេលាយាមព្រឹក ហើយវាយសាសន៍អាំម៉ូននោះ ដរាបដល់ថ្ងៃក្តៅ ឯពួកអ្នកដែលនៅសល់ ក៏ត្រូវខ្ចាត់ខ្ចាយទៅ ដល់ម៉្លេះបានជាគ្មាន២នាក់នៅជាមួយគ្នាឡើយ។
12ស្រេចហើយ បណ្តាជនគេជំរាបដល់សាំយូអែលថា អ្នកណាដែលថា តើត្រូវឲ្យសូលសោយរាជ្យលើយើងឬអី ចូរនាំអ្នកទាំងនោះមក ឲ្យយើងសំឡាប់ចោលចេញ 13តែសូលប្រកែកថា នៅថ្ងៃនេះមិនត្រូវឲ្យសំឡាប់អ្នកណាទេ ដ្បិតថ្ងៃនេះព្រះយេហូវ៉ាបានប្រោសឲ្យមានសេចក្ដីសង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល។
14នោះសាំយូអែលប្រាប់ដល់បណ្តាជនទាំងឡាយថា ចូរឲ្យយើងរាល់គ្នាទៅឯគីលកាល ដើម្បីនឹងតាំងនគរឡើងជាថ្មីទៀត 15ដូច្នេះគេក៏ទៅឯគីលកាលទាំងអស់គ្នា ហើយនៅទីនោះ គេតាំងសូលឡើងឲ្យធ្វើជាស្តេច នៅចំពោះព្រះយេហូវ៉ា រួចគេថ្វាយយញ្ញបូជា ជាដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ សូល នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានសេចក្ដីអំណរអរសប្បាយឡើងជាខ្លាំង។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.