១ ថែស្សាឡូនីច 5
5
1បងប្អូនអើយ ឯត្រង់ពេលវេលា នោះមិនបាច់ឲ្យខ្ញុំសរសេរប្រាប់មកអ្នករាល់គ្នាទេ 2ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់ 3ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ 4តែបងប្អូនអើយ អ្នករាល់គ្នាមិនមែននៅក្នុងសេចក្ដីងងឹត ឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ 5អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិនមែនជាពួកនៃយប់ ឬនៃសេចក្ដីងងឹតឡើយ 6ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ 7ដ្បិតពួកអ្នកដែលដេកលក់ នោះគេតែងដេកនៅពេលយប់ ហើយពួកអ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ 8តែយើងដែលជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងប្រដាប់កាយដោយសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ទុកជាប្រដាប់បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ ទុកជាមួកសឹក 9ដ្បិតព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង 10ដើម្បីឲ្យយើងរាល់គ្នាបានរស់នៅជាមួយនឹងទ្រង់ ទោះបើចាំយាមឬដេកលក់ក្តី 11ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។
12តែបងប្អូនអើយ យើងខ្ញុំអង្វរអ្នករាល់គ្នាថា ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ 13ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ ចូរនៅជាមួយគ្នាដោយមេត្រីចុះ 14បងប្អូនអើយ យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោស ដល់ពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ នឹងអត់ឱនចំពោះមនុស្សទាំងអស់ 15ចូរប្រយ័ត កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ 16ចូរអរសប្បាយជានិច្ច 17ចូរអធិស្ឋានឥតឈប់ឈរ 18ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ 19កុំឲ្យពន្លត់ព្រះវិញ្ញាណ 20កុំឲ្យមើលងាយការអធិប្បាយឡើយ 21ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ 22ចូរចៀសចេញពីសេចក្ដីអាក្រក់គ្រប់យ៉ាង។
23សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឹងនឹងវិញ្ញាណ ហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក 24ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ។
25បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង 26សូមជំរាបសួរដល់ពួកបងប្អូនទាំងអស់ ដោយថើបបរិសុទ្ធដែរ 27ខ្ញុំផ្តាំមកអ្នករាល់គ្នាដោយព្រះអម្ចាស់ថា សូមអានមើលសំបុត្រនេះ ឲ្យពួកបងប្អូនបរិសុទ្ធគ្រប់គ្នាស្តាប់ផង 28សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚
ទើបបានជ្រើសរើសហើយ៖
១ ថែស្សាឡូនីច 5: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.