១ ថែស្សា‌ឡូ‌នីច 5

5
1បង​ប្អូន​អើយ ឯ​ត្រង់​ពេល​វេលា នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​មក​អ្នក​រាល់​គ្នា​ទេ 2ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់ 3ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន‌វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ 4តែ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​មែន​នៅ​ក្នុង​សេចក្ដី​ងងឹត ឲ្យ​ថ្ងៃ​នោះ​បាន​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ 5អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​ពួក​នៃ​ពន្លឺ ហើយ​ជា​ពួក​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​នៃ​យប់ ឬ​នៃ​សេចក្ដី​ងងឹត​ឡើយ 6ដូច្នេះ ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ 7ដ្បិត​ពួក​អ្នក​ដែល​ដេក​លក់ នោះ​គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​ពួក​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ 8តែ​យើង​ដែល​ជា​ពួក​នៃ​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ហើយ​សេចក្ដី​សង្ឃឹម​របស់​ផង​សេចក្ដី​សង្គ្រោះ ទុក​ជា​មួក​សឹក 9ដ្បិត​ព្រះ‌ទ្រង់​មិន​បាន​ដំរូវ​យើង ទុក​សំរាប់​សេចក្ដី​ក្រោធ​ទេ គឺ​សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​សុគត​ជំនួស​យើង 10ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ទោះ​បើ​ចាំ​យាម​ឬ​ដេក​លក់​ក្តី 11ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ។
12តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​អង្វរ​អ្នក​រាល់​គ្នា​ថា ចូរ​ចំណាំ​ឲ្យ​ស្គាល់​ពួក​អ្នក​ដែល​ខំ​ធ្វើ​កិច្ច‌ការ​ក្នុង​ពួក​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ហើយ​នឹង​ពួក​អ្នក​ដែល​ទូន្មាន​ដែរ 13ដើម្បី​ឲ្យ​បាន​រាប់​អាន​ជា​ខ្លាំង ចំពោះ​ពួក​អ្នក​យ៉ាង​នោះ ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ព្រោះ​ការ​ដែល​គេ​ធ្វើ ចូរ​នៅ​ជា​មួយ​គ្នា​ដោយ​មេត្រី​ចុះ 14បង​ប្អូន​អើយ យើង​ខ្ញុំ​ទូន្មាន​ឲ្យ​អ្នក​រាល់​គ្នា​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​សណ្តាប់‌ធ្នាប់ ហើយ​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់ 15ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំង‌ឡាយ​ដែរ 16ចូរ​អរ​សប្បាយ​ជានិច្ច 17ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ 18ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ 19កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ 20កុំ​ឲ្យ​មើល‌ងាយ​ការ​អធិប្បាយ​ឡើយ 21ចូរ​ល​មើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម‌ត្រូវ 22ចូរ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង។
23សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប‌កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅ‌ហ្មង ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក 24ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការ​នោះ។
25បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង 26សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ថើប​បរិសុទ្ធ​ដែរ 27ខ្ញុំ​ផ្តាំ​មក​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌អម្ចាស់​ថា សូម​អាន​មើល​សំបុត្រ​នេះ ឲ្យ​ពួក​បង​ប្អូន​បរិសុទ្ធ​គ្រប់​គ្នា​ស្តាប់​ផង 28សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

១ ថែស្សា‌ឡូ‌នីច 5: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល