២ របាក្សត្រ 11
11
1រីឯកាលរេហូបោម ទ្រង់មកដល់យេរូសាឡិមហើយ នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ នឹងពូជអំបូរបេនយ៉ាមីនផង រួមទាំងអស់បាន១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចំបាំង ដើម្បីលើកទៅច្បាំង នឹងពួកអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកវិញ 2ប៉ុន្តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់សេម៉ាយ៉ា ជាអ្នកសំណប់របស់ព្រះថា 3ចូរទៅប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ហើយដល់សាសន៍អ៊ីស្រាអែល នៅខែត្រយូដា នឹងបេនយ៉ាមីនទាំងអស់ថា 4ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កុំឲ្យឯងរាល់គ្នាឡើងទៅច្បាំងនឹងពួកបងប្អូនឯងឡើយ ចូរវិលទៅឯទីលំនៅឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺគេវិលត្រឡប់ពីផ្លូវ ដែលគេឡើងទៅទាស់នឹងយេរ៉ូបោមនោះទៅវិញ។
5ដូច្នេះ ស្តេចរេហូបោមទ្រង់គង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សំរាប់ការពារស្រុក 6ទ្រង់សង់ក្រុងបេថ្លេហិម អេថាម ត្កូអា 7បេត-ស៊ើរ សូគរ អាឌូឡាម 8កាថ ម៉ារីសា ស៊ីភ 9អាដូរែម ឡាគីស អាសេកា 10សូរ៉ាស់ អាយ៉ាឡូន នឹងហេប្រុន ដែលនៅស្រុកយូដា នឹងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់ 11ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង នឹងស្រាទំពាំងបាយជូរផង 12ហើយនៅគ្រប់ទាំងទីក្រុង ទ្រង់បានបំរុងទុកខែល នឹងលំពែង ឲ្យទីក្រុងទាំងនោះបានមានកំឡាំងក្រៃលែង ឯស្រុកយូដា នឹងស្រុកបេនយ៉ាមីន នោះជារបស់ផងទ្រង់។
13ឯពួកសង្ឃ នឹងពួកលេវី ដែលនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល គេក៏ចេញពីស្រុករបស់ខ្លួនមូលមកឯទ្រង់ទាំងអស់ 14ពួកលេវីគេលះចោលទីលំនៅ នឹងកេរ្តិ៍អាកររបស់គេ មូលមកនៅស្រុកយូដា នឹងក្រុងយេរូសាឡិមទាំងអស់ ពីព្រោះយេរ៉ូបោម នឹងកូនចៅទ្រង់ បានបោះបង់ចោលគេចេញ មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទេ 15ហើយក៏តាំងពួកអ្នកដទៃឡើងជាសង្ឃវិញ សំរាប់អស់ទាំងទីខ្ពស់ រូបពពែឈ្មោល នឹងកូនគោ ដែលទ្រង់បានធ្វើ 16ឯពួកអ្នកនៅអស់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល គឺជាអ្នកដែលតាំងចិត្តរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះក៏តាមពួកលេវីនោះ មកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ 17យ៉ាងនោះគេបានចំរើនកំឡាំងដល់រាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម ជាបុត្រសាឡូម៉ូនមានកំឡាំងនៅអស់៣ឆ្នាំ ដ្បិតក្នុងរវាង៣ឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ដាវីឌ នឹងសាឡូម៉ូន។
18ឯរេហូបោមទ្រង់យកភរិយា គឺនាងម៉ាហាឡាត់ជាបុត្រីនៃយេរីម៉ូតពូជពង្សដាវីឌ នឹងនៃអ័ប៊ីហែល ជាបុត្រីអេលាប ដែលជាបុត្រអ៊ីសាយ 19ព្រះនាងនោះបង្កើតបានបុត្រាថ្វាយទ្រង់ គឺយេអ៊ូស សេម៉ារីយ៉ា នឹងសាហាំ 20បន្ទាប់នឹងនាងនោះ ទ្រង់ក៏យកនាងម្អាកា ជាបុត្រីអាប់សាឡំម នាងនោះបង្កើតអ័ប៊ីយ៉ា អ័ថាយ ស៊ីសា នឹងសឡូមិតថ្វាយទ្រង់ 21រេហូបោមទ្រង់ស្រឡាញ់នាងម្អាកា ជាបុត្រីអាប់សាឡំម លើសជាងអស់ទាំងភរិយា នឹងពួកអ្នកម្នាងរបស់ទ្រង់ (ដ្បិតទ្រង់បានយកភរិយា១៨ នឹងអ្នកម្នាង៦០ ក៏បង្កើតបានបុត្រា២៨អង្គ នឹងបុត្រី៦០អង្គ) 22រេហូបោមទ្រង់តាំងអ័ប៊ីយ៉ា ជាបុត្រានៃនាងម្អាកាទុកជាបុត្រធំ គឺជាប្រធានក្នុងពួកបងប្អូនទាំងប៉ុន្មាន ដើម្បីតាំងឡើងជាស្តេច 23ទ្រង់ក៏ធ្វើដោយឆ្លាត គឺបានចាត់អស់ទាំងបុត្រានៃទ្រង់ ឲ្យទៅនៅគ្រប់ក្នុងស្រុកយូដា នឹងស្រុកបេនយ៉ាមីន ក្នុងអស់ទាំងទីក្រុងមានបន្ទាយ ក៏ប្រទានឲ្យមានស្បៀងអាហារជាបរិបូរ ហើយរកប្រពន្ធជាច្រើន ឲ្យដល់បុត្រទាំងនោះដែរ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.