២ របាក្សត្រ 16
16
1កាលដល់ឆ្នាំទី៣៦ ក្នុងរាជ្យអេសា នោះប្អាសា ជាស្តេចអ៊ីស្រាអែល ក៏ឡើងមកទាស់នឹងពួកយូដា ទ្រង់សង់ក្រុងរ៉ាម៉ា ដើម្បីឃាត់មិនឲ្យអ្នកណាចេញចូលទៅឯអេសា ជាស្តេចយូដាឡើយ 2ដូច្នេះ អេសាទ្រង់យកប្រាក់នឹងមាស ចេញពីឃ្លាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នឹងពីក្នុងព្រះរាជដំណាក់ ផ្ញើទៅឯបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ដែលនៅឯក្រុងដាម៉ាស ដោយបន្ទូលថា 3ទូលបង្គំ នឹងទ្រង់បានចុះសញ្ញានឹងគ្នាហើយ ដូចជាបិតាទូលបង្គំ នឹងព្រះបិតានៃទ្រង់ដែរ ឥឡូវនេះ មើល ទូលបង្គំផ្ញើប្រាក់នឹងមាសមកថ្វាយទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សញ្ញាដែលទ្រង់បានតាំងនឹងប្អាសា ជាស្តេចពួកអ៊ីស្រាអែលចេញ ដើម្បីឲ្យគេថយចេញពីទូលបង្គំទៅ 4បេន-ហាដាឌ់ក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកមេលើពលទ័ពរបស់ទ្រង់ ឲ្យទៅច្បាំងនឹងអស់ទាំងទីក្រុងនៃពួកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ នឹងក្រុងអេបិល-ម៉ែម ព្រមទាំងទីក្រុងដែលសំរាប់ជាឃ្លាំងទាំងប៉ុន្មាន នៅក្នុងស្រុកណែបថាលីផង 5លុះកាលប្អាសាបានឮហើយ នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ឈប់ចោលការទាំងនោះទៅ 6រួចស្តេចអេសាទ្រង់នាំពួកយូដាទាំងអស់ចេញទៅ យកថ្មនឹងឈើទាំងប៉ុន្មានពីរ៉ាម៉ា ដែលប្អាសាកំពុងតែសង់ទីក្រុងនោះទៅសង់ក្រុងកេបា នឹងមីសប៉ាវិញ។
7នៅវេលានោះ ហាណានី ជាអ្នកមើលឆុត លោកមកឯអេសា ជាស្តេចយូដាទូលថា ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្តាប់ព្រះហស្តទ្រង់ហើយ 8ឯពួកសាសន៍អេធីអូពី នឹងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចំបាំង នឹងពលសេះសន្ធឹកទេឬអី ប៉ុន្តែដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តព្រះករុណាវិញ 9ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់ហើយ ដ្បិតពីនេះទៅមុខ នឹងចេះតែមានចំបាំងជានិច្ច 10នោះអេសាមានសេចក្ដីក្រេវក្រោធនឹងអ្នកមើលឆុត ហើយទ្រង់ចាប់ដាក់គុក ពីព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ អេសាក៏សង្កត់សង្កិនរាស្ត្រខ្លះដែរ។
11ហើយមើល ដំណើរទាំងប៉ុន្មានពីអេសា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅ ដែលថ្លែងពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ 12រីឯក្នុងឆ្នាំទី៣៩នៃរាជ្យអេសា នោះទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទ មានអាការៈដ៏ធ្ងន់ ប៉ុន្តែក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានរកពឹងដល់ពួកគ្រូពេទ្យវិញ 13អេសាក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ គឺបានសុគតនៅឆ្នាំទី៤១ ក្នុងរាជ្យរបស់ទ្រង់ 14គេបញ្ចុះសព នៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏ដំកល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការយ៉ាងធំ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 16: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.