២ របាក្សត្រ 18
18
1រីឯយ៉ូសាផាត ទ្រង់មានទ្រព្យសម្បត្តិ នឹងកិត្តិយសជាបរិបូរ ហើយទ្រង់ក៏ភ្ជាប់ពន្ធនឹងអ័ហាប់ 2លុះក្រោយមកពីរបីឆ្នាំ នោះទ្រង់យាងចុះទៅឯអ័ហាប់ នៅក្រុងសាម៉ារី ឯអ័ហាប់ក៏សំឡាប់ចៀមនឹងគោជាបរិបូរ ជប់លៀងទ្រង់ នឹងពួកអ្នកដែលតាមទ្រង់ទៅផង ក៏បបួលទ្រង់ ឲ្យឡើងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត 3អ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងយ៉ូសាផាត ជាស្តេចយូដាថា តើទ្រង់ចង់ទៅឯក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ នោះទ្រង់ទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ ហើយរាស្ត្ររបស់ទូលបង្គំ ក៏ដូចជារាស្ត្ររបស់ទ្រង់ដែរ យើងរាល់គ្នានឹងនៅជាមួយនឹងទ្រង់ ក្នុងចំបាំងនេះ។
4តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន 5ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរា បាន៤០០នាក់ មកសួរគេថា តើត្រូវឲ្យយើងចេញទៅច្បាំង នឹងក្រុងរ៉ាម៉ូត-កាឡាតឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ 6តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី 7ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានដែរ គឺមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់ជាដរាបវិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានបន្ទូលដូច្នេះឡើយ 8នោះស្តេចអ៊ីស្រាអែលទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកជាឆាប់ៗ 9ឯស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ជាស្តេចយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លានៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់ 10ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរី ដោយស្នែងនេះ ដរាបដល់គេវិនាសសូន្យទៅ 11ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
12រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់សុទ្ធតែទាយល្អ ដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះ ដោយពោលតែសេចក្ដីល្អដែរ 13តែមីកាយ៉ាឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះនៃខ្ញុំទ្រង់មានបន្ទូលមក នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះឯង 14រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជំនះចុះ ដ្បិតព្រះនឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ 15រួចស្តេចទ្រង់មានបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យបាននិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា 16គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលខ្ចាត់ខ្ចាយទៅ នៅលើភ្នំ ប្រៀបដូចជាហ្វូងចៀម ដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅឯផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ 17ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬអីថា វាមិនដែលទាយល្អពីទូលបង្គំឡើយ គឺទាយតែអាក្រក់ម្យ៉ាងប៉ុណ្ណោះ 18នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំនឹងខាងឆ្វេងផង 19ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអ្នកណានឹងចង់ទៅ បបួលឲ្យអ័ហាប់ ជាស្តេចអ៊ីស្រាអែល ឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ 20រួចមានវិញ្ញាណ១ចេញមក ឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា ចុះឯងនឹងធ្វើយ៉ាងណាទៅ 21វិញ្ញាណនោះទូលថា ទូលបង្គំនឹងទៅធ្វើជាវិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសំរេចបាន 22ដូច្នេះ មើលឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាទ្រង់បានមានបន្ទូល សំដែងពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណា។
23លំដាប់នោះ សេដេគា ជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ា សួរថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីអញ ទៅមានបន្ទូលនឹងឯងតាមផ្លូវណា 24នោះមីកាយ៉ាឆ្លើយថា ចាំមើល នៅថ្ងៃនោះ ឯងនឹងបានឃើញច្បាស់ ក្នុងកាលដែលឯងរត់ទៅ ពួននៅក្នុងបន្ទប់ខាងក្នុង 25ស្តេចអ៊ីស្រាអែលទ្រង់បង្គាប់ថា ចូរនាំយកមីកាយ៉ាទៅឯអាំម៉ូន ជាចៅហ្វាយទីក្រុង នឹងយ៉ូអាស ជាព្រះរាជបុត្រាវិញទៅ 26ហើយប្រាប់គេថា ស្តេចទ្រង់បង្គាប់ដូច្នេះ គឺឲ្យដាក់មនុស្សនេះនៅក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ទាល់តែដល់វេលាអញមកវិញ ដោយសុខសាន្ត 27មីកាយ៉ាទូលថា បើសិនណាជាទ្រង់ដែលយាងមកវិញដោយសុខសាន្តពិត នោះគឺព្រះយេហូវ៉ាមិនបានមានបន្ទូលដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
28ដូច្នេះ ស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត 29ឯស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ 30រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចំបាំងទ្រង់ថា កុំឲ្យតនឹងអ្នកណា ទោះតូចឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ 31ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏នឹកថា នេះជាស្តេចអ៊ីស្រាអែលហើយ គេក៏បែរទៅបំរុងតនឹងទ្រង់ តែយ៉ូសាផាតទ្រង់ស្រែកឡើង ហើយព្រះយេហូវ៉ាក៏ប្រោសជួយ បណ្តាលឲ្យគេថយចេញពីទ្រង់ទៅ 32កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ 33តែមានមនុស្សម្នាក់យឹតធ្នូបាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះនៃទ្រង់ ដូច្នេះ ទ្រង់មានបន្ទូលបង្គាប់ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថនាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់ 34នៅថ្ងៃនោះ ចំបាំងក៏កាន់តែខ្លាំងឡើង ប៉ុន្តែស្តេចអ៊ីស្រាអែលទ្រង់ផ្អែកអង្គ នៅក្នុងព្រះរាជរថទ្រង់ តស៊ូនឹងពួកស៊ីរី ដរាបដល់ល្ងាច លុះដល់ពេលប្រហែលជាថ្ងៃលិច នោះទ្រង់ក៏សុគតទៅ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 18: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.