២ របាក្សត្រ 24

24
1កាល​យ៉ូអាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម ជា​ស៊ីបយ៉ា ជា​អ្នក​ក្រុង​បៀរ-សេបា 2យ៉ូអាស​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គ្រប់​១​ជីវិត​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ 3យេហូ‌យ៉ាដា​ក៏​រក​បាន​នាង​២​នាក់​ថ្វាយ​ទ្រង់​ជា​ភរិយា ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី។
4ក្រោយ​នោះ​មក យ៉ូអាស​ទ្រង់​មាន​ព្រះ‌ទ័យ​នឹក​ចង់​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ដូច​ដើម 5ទ្រង់​ក៏​ប្រមូល​ពួក​សង្ឃ នឹង​ពួក​លេវី​មក​បង្គាប់​ថា ចូរ​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា រៃ​ប្រាក់​ពី​ពួក​អ៊ីស្រាអែល​ទាំង​អស់​រាល់​តែ​ឆ្នាំ ដើម្បី​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ប្រឹង‌ប្រែង​ឡើង​ផង ប៉ុន្តែពួក​លេវី​មិន​បាន​ប្រឹង‌ប្រែង​ឡើយ 6ដូច្នេះ ស្តេច​ទ្រង់​ហៅ​យេហូ‌យ៉ាដា​ដ៏​ជា​សំដេច​សង្ឃ​មក​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​លោក​មិន​បង្ខំ​ឲ្យ​ពួក​លេវី​ទៅ​ហូត​ពន្ធ​ពី​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​បង្គាប់ ទុក​សំរាប់​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​ដូច្នេះ 7ដ្បិត​ពួក​បុត្រ​របស់​នាង​អ័ថា‌លា ជា​ស្រី​ដ៏​អាក្រក់​នោះ បាន​បំបាក់​បំបែក​ព្រះ‌វិហារ​នៃ​ព្រះ​ហើយ ព្រម​ទាំង​យក​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ថ្វាយ​ដល់​ព្រះ‌បាល​វិញ។
8ដូច្នេះ ស្តេច​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​ធ្វើ​ហឹប​១​ដាក់​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា 9រួច​ប្រកាស​ប្រាប់​នៅ​គ្រប់​ក្នុង​ស្រុក​យូដា នឹង​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​យក​ពន្ធ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ បាន​បង្គាប់​ដល់​ពួក​អ៊ីស្រាអែល នៅ​ទី​រហោ‌ស្ថាន​ដែរ 10នោះ​ពួក​អ្នក​ដែល​ជា​ប្រធាន នឹង​បណ្តាជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ ហើយ​យក​ប្រាក់​មក​ដាក់​ក្នុង​ហឹប ដរាប​ដល់​បាន​គ្រប់ 11វេលា​ណា​ដែល​ពួក​លេវី​ឃើញ​មាន​ប្រាក់​ច្រើន​ហើយ នោះ​ក៏​នាំ​យក​ហឹប​ចូល​ទៅ​ឯ​ពួក​ភ្នាក់‌ងារ​របស់​ស្តេច ហើយ​ស្មៀន​ហ្លួង នឹង​អ្នក​ដំណាង​សំដេច​សង្ឃ ក៏​ចូល​មក​ចាក់​ចេញ​យក​ប្រាក់​ទៅ​ទុក រួច​គេ​យក​ហឹប​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ គេ​ធ្វើ​ដូច្នោះ​រាល់​តែ​ថ្ងៃ ហើយ​បាន​ប្រាក់​ជា​បរិបូរ 12ស្តេច នឹង​យេហូ‌យ៉ាដា ក៏​ប្រគល់​ប្រាក់​នោះ ឲ្យ​ដល់​ពួក​អ្នក​ដែល​ត្រួត​មើល​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​ក៏​ជួល​ជាង​ដាប់​ថ្ម នឹង​ជាង​ឈើ ឲ្យ​រៀបចំ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី ព្រម​ទាំង​ពួក​ជាង​ដែក ជាង​លង្ហិន ឲ្យ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ 13ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ក៏​ធ្វើ​ការ​ទៅ ហើយ​ការ​ជួស‌ជុល​ក៏​ចំរើន​ឡើង ដោយ‌សារ​ដៃ​គេ គេ​បាន​រៀបចំ​ព្រះ‌វិហារ​នៃ​ព្រះ​តាម​សណ្ឋាន​ដើម​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ជាង​ទៅ​ទៀត 14កាល​គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ នោះ​ក៏​យក​ប្រាក់​ដែល​សល់​នៅ ទៅ​ថ្វាយ​ដល់​ស្តេច នឹង​យេហូ‌យ៉ាដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សំរាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​ដង្វាយ ព្រម​ទាំង​កូន​ចាន នឹង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាសនឹង​ប្រាក់ រួច​ការ​ថ្វាយ​ដង្វាយ​ដុត នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជានិច្ចគ្រប់​១​ជីវិត​របស់​យេហូ‌យ៉ាដា។
15តែ​យេហូ‌យ៉ាដា លោក​កាន់​តែ​ចាស់​ទៅ លោក​បាន​ស្កប់​ចិត្ត​នឹង​អាយុ​លោក ហើយ​ក៏​ស្លាប់​ទៅ កាល​លោក​ស្លាប់ នោះ​មាន​អាយុ​១៣០​ឆ្នាំ​ហើយ 16គេ​បញ្ចុះ​សព​លោក នៅ​ជា​មួយ​នឹង​ពួក​ស្តេច នៅ​ក្នុង​ក្រុង​ដាវីឌ ពី​ព្រោះ​លោក​បាន​ធ្វើ​ល្អ ក្នុង​សាសន៍​អ៊ីស្រាអែល ហើយ​ចំពោះ​ព្រះ នឹង​ព្រះ‌វិហារ​ទ្រង់​ផង 17រីឯ​កាល​យេហូ‌យ៉ាដា​បាន​ស្លាប់​ទៅ​ហើយ នោះ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ស្រុក​យូដា គេ​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ស្តេច ហើយ​ទ្រង់​ក៏​ស្តាប់​តាម​គេ 18ដូច្នេះ គេ​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ទៅ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ នឹង​អ្នក‌តា​វិញ ហើយ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ការ​កំហុស​ដែល​គេ​ប្រព្រឹត្ត​នោះ 19ប៉ុន្តែទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។
20គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​មក​សណ្ឋិត​លើ​សាការី ជា​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​ឈរ​នៅ​មុខ​បណ្តាជន​ពោល​ថា ព្រះ‌ទ្រង់​មាន​បន្ទូល​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា រំលង​អស់​ទាំង​ក្រិត្យ‌ក្រម នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ ធ្វើ​យ៉ាង​នោះ​មិន​ចំរើន​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ចេញ បាន​ជា​ទ្រង់ក៏​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ 21តែ​គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​ចោល​លោក​នឹង​ថ្ម នៅ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច 22គឺ​យ៉ាង​នោះ​ដែល​ស្តេច​យ៉ូអាស​បាន​រមឹល‌គុណ​របស់​យេហូ‌យ៉ាដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សំឡាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ​នោះ​ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​មើល ហើយ​សំរេច​តាម​យុត្តិ‌ធម៌​ចុះ។
23ដល់​ចុង​ឆ្នាំ​នោះ​ឯង នោះ​កង‌ទ័ព​សាសន៍​ស៊ីរី គេ​ឡើង​មក​ច្បាំង​នឹង​ទ្រង់ គេ​លុក​ចូល​មក​ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ក៏​បំផ្លាញ​ពួក​ដែល​ជា​ប្រធាន ក្នុង​បណ្តាជន​ទាំង​អស់​ទៅ ហើយ​អស់​ទាំង​របឹប​ដែល​គេ​ចាប់​បាន​នោះគេ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​ក្រុង​ដាម៉ាស 24ពួក​ពល‌ទ័ព​ស៊ីរី​បាន​មក​មាន​គ្នា​តែ​បន្តិច​ទេ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពល‌ទ័ព​យ៉ាង​សន្ធឹក ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ដោយ​ព្រោះ​ពួក​ខាង​យ៉ូអាស​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ខ្លួន​ហើយ គឺ​យ៉ាង​នោះ​ដែល​បាន​សំរេច​ទោស​ដល់​យ៉ូអាស។
25កាល​ពួក​ស៊ីរី​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ទុក​ទ្រង់​ឲ្យ​នៅ​ទាំង​ឈឺ​ខ្លាំង នោះ​ពួក​មហា‌តលិក​ទ្រង់​មាន​គំនិត​គិត​ក្បត់​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឈាម​នៃ​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ក៏​ធ្វើ​គុត​ទ្រង់​ដែល​កំពុង​ផ្ទំ​លើ​បន្ទំ​ទី គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ 26ឯ​ពួក​អ្នក​ដែល​គិត​ក្បត់​ចំពោះ​ទ្រង់​នោះ គឺ​សាបាឌ ជា​កូន​នាង​ស៊ីមាត សាសន៍​អាំម៉ូន​១ នឹង​យ៉ូសា‌បាឌ ជា​កូន​នាង​ស៊ីមរីត សាសន៍​ម៉ូអាប់​១ 27រីឯ​ដំណើរ​ពី​ពួក​ព្រះ‌រាជ‌បុត្រា​ទ្រង់ នឹង​បន្ទុក​យ៉ាង​ធ្ងន់​ដែល​បាន​ពោល​ពី​ទ្រង់ ព្រម​ទាំង​ការ​តាំង​ព្រះ‌វិហារ​នៃ​ព្រះ​ឡើង​ជា​ថ្មី​ផង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ ពី​ពួក​ស្តេច​ហើយ រួច​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

ទើបបានជ្រើសរើសហើយ៖

២ របាក្សត្រ 24: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល