២ របាក្សត្រ 28

28
1កាល​អ័ហាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ តែ​ទ្រង់​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ដាវីឌ ជា​ឰយុកោ​ទ្រង់​ទេ 2គឺ​ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​វិញ ហើយ​បាន​សិត​ធ្វើ​រូប​ទុក​ជា​ព្រះ 3មួយ​ទៀត​ទ្រង់​បាន​ដុត​កំញាន នៅ​ច្រក​ភ្នំ​របស់​កូន​ហ៊ីនណំម ព្រម​ទាំង​ដុត​បុត្រ​ទ្រង់​ក្នុង​ភ្លើង តាម​ទំលាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ 4ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់នៅ​លើ​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង។
5ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ស្រុក​ស៊ីរី គេ​ក៏​វាយ​ពួក​ទ្រង់ ហើយ​ចាប់​យក​ជា​ច្រើននាំ​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​ដាម៉ាស ហើយ​ទ្រង់​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អ៊ីស្រាអែល​ដែរ ដែល​ស្តេច​នោះ​ក៏​វាយ​ពួក​ទ្រង់ ប្រហារ​សំឡាប់​មនុស្ស​យ៉ាង​សន្ធឹក 6ដ្បិត​ពេកា ជា​បុត្រា​រេម៉ាលា ទ្រង់​បាន​សំឡាប់​មនុស្ស ដែល​មាន​ចិត្ត​ក្លាហាន នៅ​ស្រុក​យូដា អស់​១​សែន​២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ 7ហើយ​ស៊ីកគ្រី ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ស្រុក​អេប្រា‌អិម ក៏​សំឡាប់​ម្អាសេយ៉ា ជា​បុត្រា​ស្តេច ហើយ​នឹង​អាស‌រី‌កាម ជា​ឧកញ៉ា​វាំង ព្រម​ទាំង​អែល‌កាណា ជា​ឧបរាជ​ស្តេច​ទៅ​ផង។
8ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ដឹក‌នាំ​ពួក​បង​ប្អូន​គេ​ទៅ​ជា​ឈ្លើយ​អស់​២​សែន​នាក់ មាន​ទាំង​ស្រីៗ នឹង​កូន​ប្រុស​កូន​ស្រី​របស់​គេ នឹង​របឹប​ជា​ច្រើន​ផង ទៅ​ឯ​ក្រុង​សា‌ម៉ា‌រី 9ប៉ុន្តែនៅ​ទី​នោះ​មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឈ្មោះ​អូដេឌ លោក​ចេញ​ទៅ​ជួប​នឹង​ពល‌ទ័ព ដែល​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី ពោល​ថា មើល ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា ទ្រង់​មាន​សេចក្ដី​ក្រោធ​ដល់​ពួក​យូដា បាន​ជា​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​គេ ដោយ​មោហោ​ចិត្ត ដែល​គរ​ឡើង​ដល់​ផ្ទៃ​មេឃ​ហើយ 10ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​បង្ក្រាប​ពួក​កូន​ចៅ​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ទុក​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា​ទៀត តែ​ឯ​អ្នក​រាល់​គ្នា តើ​មិន​មាន​អំពើ​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ​ទេ​ឬ​អី 11ដូច្នេះ ចូរ​ស្តាប់​ខ្ញុំ​ឥឡូវ​ចុះ ត្រូវ​បើក​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​មក​ជា​ឈ្លើយ​នេះ ត្រឡប់​ទៅ​វិញ​ទៅ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​ផង​ព្រះ‌យេហូវ៉ា បាន​គ្រប​លើ​អ្នក​រាល់​គ្នា​ហើយ 12ដូច្នេះ ពួក​មេ​ខ្លះ​ក្នុង​ពួក​អេប្រា‌អិម គឺ​អ័សារា ជា​កូន​យ៉ូហា‌ណាន បេរេគា ជា​កូន​មស៊ី‌លេម៉ូត យេហ៊ី‌សេគា ជា​កូន​សាលូម នឹង​អ័ម៉ាសា ជា​កូន​ហាឌ‌ឡាយ គេ​លើក​គ្នា​ទាស់​នឹង​ពួក​អ្នក​ដែល​មក​ពី​ច្បាំង​នោះ​ថា 13មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ពួក​ឈ្លើយ​ចូល​មក​ក្នុង​ស្រុក​នេះ​ទេ ដ្បិត​ឯង​រាល់​គ្នា​គិត​ធ្វើ​ការ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​បន្ថែម​ការ​នេះ​មក​លើ​អំពើ​បាប នឹង​ការ​រំលង​របស់​យើង​រាល់​គ្នា​ទៀត ដ្បិត​ទោស​របស់​យើង​ធ្ងន់​ណាស់​ហើយ ក៏​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​សហ័ស​គ្រប​លើ​ពួក​អ៊ីស្រាអែល​ដែរ 14ដូច្នេះពួក​ទាហាន​ក៏​លះ‌បង់​ឈ្លើយ​ទាំង​នោះ នឹង​របឹប​ចោល​នៅ​មុខ​ពួក​ចៅហ្វាយ នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា 15ឯ​ពួក​អ្នក​ដែល​ចេញ​ឈ្មោះ​ហើយ គេ​ក្រោក​ឡើង​នាំ​ពួក​ឈ្លើយ​មក រួច​រើ​យក​សំលៀក‌បំពាក់​ពី​ក្នុង​របឹប​នោះ ចែក​ដល់​អស់​អ្នក​ណា​ដែល​អាក្រាត ឲ្យ​គេ​ស្លៀក‌ពាក់ ព្រម​ទាំង​ឲ្យ​មាន​ស្បែក​ជើង​ពាក់​ផង រួច​ចែក​អាហារ​ដល់​គេ​ឲ្យ​បរិភោគ ក៏​ចាក់​ប្រេង​លាប​ឲ្យ​ផង ឯ​អស់​អ្នក​ណា​ដែល​មាន​កំឡាំង​តិច នោះ​គេ​បញ្ជិះ​លើ​សត្វ​លា បញ្ជូន​ត្រឡប់​ទៅ​ឯ​ពួក​បង​ប្អូន​គេ ត្រឹម​ក្រុង​យេរីខូរ ជា​ទី​ក្រុង​ដើម​លម៉ើរ​ទៅ រួច​គេ​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី​វិញ។
16នៅ​គ្រា​នោះ ស្តេច​អ័ហាស​ទ្រង់​ចាត់​សារ​ទៅ សូម​ឲ្យ​ពួក​ស្តេច​ស្រុក​អាសស៊ើរ​មក​ជួយ 17ពី​ព្រោះ​ពួក​អេដំម​បាន​មក​វាយ​ស្រុក​យូដា​ម្តង​ទៀត ព្រម​ទាំង​នាំ​មនុស្ស​ទៅ​ជា​ឈ្លើយ​ផង 18ឯ​ពួក​ភីលីស្ទីន​គេ​ក៏​បាន​លុក‌លុយ​ចូល​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​ទំនាប ហើយ​នឹង​ប៉ែក​ស្រុក​យូដា​ខាង​ត្បូង គេ​វាយ​យក​បាន​ក្រុង​បេត-សេមែស ក្រុង​អាយ៉ា‌ឡូន ក្រុង​កេដេរ៉ូត ក្រុង​សូគរ នឹង​តំបន់​នៅ​ជុំវិញ​ក្រុង​ធីបណា នឹង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​គីមសូរ នឹង​តំបន់​នៅ​ជុំវិញ​ផង រួច​គេ​ក៏​អាស្រ័យ​នៅ​ទី​ក្រុង​ទាំង​នោះ 19ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​នាំ​ឲ្យ​ពួក​យូដា​បាន​ទាប​ថោក​ដោយ​ព្រោះ​អ័ហាស ស្តេច​សាសន៍​អ៊ីស្រាអែល ពី​ព្រោះ​ស្តេច​បាន​នាំ​ឲ្យ​ពួក​យូដា លែង​មាន​សេចក្ដី​ទប់​ចិត្ត​ខ្លាច​បាប ហើយ​បាន​ប្រព្រឹត្ត​រំលង​ល្មើស​យ៉ាង​ធំ ចំពោះ​ព្រះ‌យេហូវ៉ា 20គ្រា​នោះ ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ​ក៏​មក​ឯ​ទ្រង់ តែ​មិន​បាន​ជួយ​ចំរើន​កំឡាំង​ទ្រង់​ទេ គឺ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​សេចក្ដី​លំបាក​វិញ 21ដ្បិត​អ័ហាស​បាន​បែង​យក​ចំណែក ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពី​ព្រះ‌រាជ‌ដំណាក់ ហើយ​ពី​ពួក​ចៅហ្វាយ ទៅ​ថ្វាយ​ដល់​ស្តេច​អាសស៊ើរ តែ​ការ​នោះ​ក៏​មិន​បាន​ជួយ​ដល់​ទ្រង់​ដែរ។
22ហើយ​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា នោះ​ស្តេច គឺ​អ័ហាស​នេះ​ឯង ទ្រង់​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ថែម​ទៀត 23គឺ​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា ដល់​អស់​ទាំង​ព្រះ​នៃ​ពួក​ក្រុង​ដាម៉ាស ដែល​គេ​បាន​វាយ​ទ្រង់ ដោយ​នឹក​ថា ដោយ​ព្រោះ​ព្រះ​នៃ​ពួក​ស្តេច​ស៊ីរី​បាន​ជួយ​គេ នោះ​យើង​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​បាន​ជួយ​ខាង​យើង ប៉ុន្តែព្រះ​ទាំង​នោះ​ជា​ហេតុ​នាំ​ឲ្យ​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​រួញ​ថយ​វិញ 24អ័ហាស​ក៏​ប្រមូល​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​កាត់​ផ្តាច់​ជា​ដុំៗ ទ្រង់​ក៏​បិទ​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចោល ហើយ​ធ្វើ​អាសនា​សំរាប់​ទ្រង់ នៅ​គ្រប់​ទី​កៀន​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ 25ឯ​នៅ​គ្រប់​ទាំង​ទី​ក្រុង​ស្រុក​យូដា ទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់ សំរាប់​នឹង​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ទ្រង់​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់ មាន​សេចក្ដី​ក្រោធ 26រីឯ​ដំណើរ​ឯ​ទៀត​ពី​ទ្រង់ នឹង​គ្រប់​ទាំង​អំពើ​ដែល​ទ្រង់​ប្រព្រឹត្ត ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​យូដា នឹង​អ៊ីស្រាអែល​ហើយ 27អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ទី​ក្រុង គឺ​ក្នុង​ក្រុង​យេរូ‌សាឡិម តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រាអែល​ទេ រួច​ហេសេគា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

ទើបបានជ្រើសរើសហើយ៖

២ របាក្សត្រ 28: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល