២ របាក្សត្រ 6
6
1ខណនោះ សាឡូម៉ូនពោលថា ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា ទ្រង់នឹងគង់នៅក្នុងងងឹតយ៉ាងក្រាស់ 2តែទូលបង្គំបានស្អាងព្រះវិហារនេះ ទុកជាទីលំនៅថ្វាយទ្រង់វិញ គឺជាកន្លែងសំរាប់ឲ្យទ្រង់គង់នៅអស់កល្បជានិច្ច 3រួចស្តេចទ្រង់បែរព្រះភក្ត្រមក ឲ្យពរដល់ពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ហើយពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏ឈរឡើង 4នោះទ្រង់មានបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលទ្រង់បានមានបន្ទូលនឹងដាវីឌ ជាបិតាយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចសេចក្ដីនោះ ដោយសារព្រះហស្តទ្រង់ ដោយបន្ទូលថា 5ចាប់តាំងពីថ្ងៃដែលអញបាននាំរាស្ត្រអញ ចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាទីសំរាប់ស្អាងព្រះវិហារ ឲ្យឈ្មោះអញបាននៅទីនោះឡើយ ក៏មិនបានរើសមនុស្សណាមួយ ឲ្យបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្រអញដែរ 6តែឥឡូវនេះវិញ អញបានរើសក្រុងយេរូសាឡិម ដើម្បីឲ្យឈ្មោះអញបាននៅទីនោះ ហើយអញបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញ 7ឯដាវីឌជាបិតាយើង ទ្រង់បានប្រាថ្នាក្នុងព្រះទ័យ ចង់ស្អាងព្រះវិហារសំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែរ 8តែព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងបានប្រាថ្នានៅក្នុងចិត្ត ចង់ស្អាងព្រះវិហារសំរាប់ឈ្មោះអញ នោះក៏ល្អហើយ ដោយកើតមានគំនិតយ៉ាងដូច្នោះ 9ប៉ុន្តែឯងមិនត្រូវស្អាងព្រះវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតវិញ កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញ 10ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេចតាមព្រះបន្ទូលដែលទ្រង់មានបន្ទូលនោះហើយ ដ្បិតយើងបានកើតឡើងជំនួសដាវីឌ ជាបិតា ហើយក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យាទុក ហើយយើងបានស្អាងព្រះវិហារនេះ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល 11យើងក៏បានដាក់ហឹប ដែលក្នុងហឹបនោះមានសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាសញ្ញាដែលទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល។
12សាឡូម៉ូនទ្រង់ឈរនៅចំពោះអាសនា នៃព្រះយេហូវ៉ា នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ក៏លើកព្រះហស្តប្រទូលឡើង 13(ដ្បិតទ្រង់បានធ្វើទីថ្កល់ពីលង្ហិន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ នឹងកំពស់៣ហត្ថ ដាក់នៅកណ្តាលទីលាន ហើយទ្រង់ឈរនៅលើទីនោះ ក៏លុតព្រះជង្ឃ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ លើកព្រះហស្តប្រទូលឡើងទៅលើមេឃ) 14ទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅលើមេឃឬនៅផែនដីក្តី ទ្រង់កាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរសដល់ពួកអ្នកបំរើទ្រង់ ដែលដើរនៅចំពោះទ្រង់ដោយចិត្តស្មោះត្រង់ 15ទ្រង់បានរក្សាសេចក្ដីសន្យា ដែលទ្រង់បានមានបន្ទូលនឹងអ្នកបំរើទ្រង់ គឺនឹងដាវីឌ ជាបិតាទូលបង្គំ ទ្រង់បានមានបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយសំរេចសេចក្ដីនោះ ដោយព្រះហស្តទ្រង់ ដូចជាមានមកសព្វថ្ងៃនេះ 16ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្ដី ដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបំរើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងប្រុងប្រយ័តនឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រិត្យវិន័យរបស់អញ ដូចជាឯងបានដើរនៅមុខអញដែរ 17ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលដែលទ្រង់បានមានបន្ទូលនឹងដាវីឌ ជាអ្នកបំរើទ្រង់ចុះ។
18យីអើ តើព្រះនឹងគង់នៅជាមួយនឹងមនុស្ស នៅលើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃនឹងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអំបាលម៉ានទៅទៀត 19ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យ ដែលទូលបង្គំជាអ្នកបំរើទ្រង់អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក នឹងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលដល់ទ្រង់ផង 20ប្រយោជន៍ឲ្យព្រះនេត្រទ្រង់បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលទ្រង់បានមានបន្ទូលហើយថា ទ្រង់នឹងតាំងព្រះនាមទ្រង់នៅទីនោះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំនឹងទូលដំរង់មកឯទីនេះ 21ហើយកាលណាទូលបង្គំ នឹងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ អធិស្ឋានមកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅនៃទ្រង់ លុះកាលទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
22បើសិនជាអ្នកណាធ្វើបាប ទាស់នឹងអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនានៃទ្រង់ក្នុងព្រះវិហារនេះ 23នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសំរេចការដោយជំនុំជំរះពួកបាវបំរើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទំលាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសំរេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងគេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
24បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកវិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយនឹងអធិស្ឋានទូលអង្វរនៅចំពោះទ្រង់ក្នុងព្រះវិហារនេះ 25នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ នឹងអត់ទោសចំពោះអំពើបាបរបស់ពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ផង រួចសូមនាំគេត្រឡប់មក នៅក្នុងស្រុក ដែលទ្រង់បានប្រទានដល់គេ នឹងពួកឰយុកោគេវិញ។
26បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានដំរង់មកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ 27នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាប របស់ពួកអ្នកបំរើទ្រង់ គឺជាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យគេដឹងផ្លូវល្អណា ដែលត្រូវដើរ រួចសូមបង្អុរភ្លៀង ឲ្យមកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ទុកជាមរដកផង។
28បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយស្កកស្រូវ ក្រាចាប់ កណ្តូបឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយមកក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ 29នោះទោះបើមនុស្សណា ឬបណ្តាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដែលស្គាល់សេចក្ដីវេទនា នឹងសេចក្ដីទុកលំបាក នៅក្នុងចិត្តខ្លួន គេលើកដៃប្រទូលដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ 30នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសងដល់គ្រប់គ្នា តាមអំពើប្រព្រឹត្តរបស់គេ តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែមួយដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់) 31ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់ ប្រយោជន៍ឲ្យបានដើរតាមផ្លូវទ្រង់ នៅអស់១ជីវិតដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកឰយុកោយើងខ្ញុំរាល់គ្នា។
32មួយទៀតត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេមកពីស្រុកឆ្ងាយ ដោយព្រោះព្រះនាមទ្រង់ដ៏ជាធំ នឹងព្រះហស្តដ៏មានឥទ្ធិឫទ្ធិ ហើយព្រះពាហុលើកសំរេចរបស់ទ្រង់ កាលណាគេអធិស្ឋានដំរង់មកឯព្រះវិហារនេះ 33នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ហើយធ្វើសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ផង ដើម្បីឲ្យគ្រប់ទាំងសាសន៍ នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ហើយកោតខ្លាចដល់ទ្រង់ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់ពិត។
34បើសិនជារាស្ត្ររបស់ទ្រង់ចេញទៅ ច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ទ្រង់ ទាំងបែរមកឯទីក្រុងនេះដែលទ្រង់បានរើស នឹងព្រះវិហារនេះដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់ 35នោះសូមទ្រង់ប្រោសស្តាប់ ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចតាមសេចក្ដីត្រឹមត្រូវឲ្យគេផង។
36បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សឯណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយឬជិតក្តី 37នោះបើគេនឹកចាំនៅក្នុងស្រុក ដែលបានដឹកនាំគេទៅជាឈ្លើយនោះ ហើយបែរត្រឡប់មកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់នៅក្នុងស្រុក ដែលគេនៅជាឈ្លើយនោះថា យើងខ្ញុំបានធ្វើបាប ព្រមទាំងប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់ 38បើសិនជាគេវិលត្រឡប់មកឯទ្រង់ អស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុកដែលគេនៅជាឈ្លើយ គឺក្នុងស្រុកដែលខ្មាំងសត្រូវបានដឹកនាំទៅនោះ ហើយគេអធិស្ឋានដំរង់មកឯស្រុកនេះ ដែលទ្រង់បានប្រទានដល់ពួកឰយុកោគេ នឹងទីក្រុងនេះដែលទ្រង់បានរើស ហើយព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់ 39នោះសូមទ្រង់ប្រោសស្តាប់ ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចសេចក្ដីត្រឹមត្រូវឲ្យគេផង ហើយអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់នោះ។
40ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមឲ្យព្រះនេត្រទ្រង់បាននៅតែបើក ហើយព្រះកាណ៌ទ្រង់ផ្ទៀងស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ 41ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមទ្រង់ឈរឡើង យាងចូលទៅឯទីសំរាករបស់ទ្រង់ឥឡូវ ព្រមទាំងហឹបរបស់ឥទ្ធានុភាពរបស់ទ្រង់ផង ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យពួកសង្ឃនៃទ្រង់បានប្រដាប់ខ្លួន ដោយសេចក្ដីសង្គ្រោះ ហើយឲ្យពួកបរិសុទ្ធរបស់ទ្រង់បានរីករាយសប្បាយ ដោយសេចក្ដីល្អ 42ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមកុំបំបែរមុខនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងចេញឡើយ សូមនឹកចាំពីសេចក្ដីសប្បុរស ដែលទ្រង់បានប្រោសដល់ដាវីឌជាអ្នកបំរើទ្រង់ផង។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.