២ កូរិន‌ថូស 11

11
1ឱ​បើ​សិន​ណា​ជា​អ្នក​រាល់​គ្នា​នឹង​ទ្រាំ‌ទ្រ ចំពោះ​សេចក្ដី​ចំកួត​របស់​ខ្ញុំ​បន្តិច​ទៅ​អេះ សូម​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​នឹង​ខ្ញុំ​ចុះ 2ពី​ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ ដ្បិត​ខ្ញុំ​បាន​បំរុង​អ្នក​រាល់​គ្នា​ទុក ឲ្យ​មាន​ប្ដី​តែ​១ ទុក​ដូច​ជា​ក្រមុំ​បរិសុទ្ធ គឺ​ដើម្បី​នឹង​ថ្វាយ​ទៅ​ព្រះ‌គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ 3តែ​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្ដី​ទៀង​ត្រង់​ខាង​ឯ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយ‌កល​យ៉ាង​នោះ​ដែរ 4ពី​ព្រោះ​បើ​សិន​ជា​មាន​អ្នក​ណា​មក ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ​១​ទៀត ដែល​យើង​ខ្ញុំ​មិន​បាន​ប្រកាស​ប្រាប់ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​ផ្សេង​ទៀត ដែល​មិន​បាន​ទទួល​ពី​ដើម ឬ​ដំណឹង​ណា​ផ្សេង​ទៀត ដែល​មិន​ទទួល​កាល​ពី​មុន នោះ​អ្នក​រាល់​គ្នា​នឹង​ទ្រាំ‌ទ្រ​វិញ​ជា​មិន​ខាន 5ខ្ញុំ​ស្មាន​ថា ខ្លួន​ខ្ញុំ​មិន​ចាញ់​ពួក​សាវក​យ៉ាង​ធំ​នោះ ក្នុង​ការ​អ្វី​សោះ​ឡើយ 6ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ប៉ិន​ប៉ាវ​ខាង​ឯ​ពាក្យ​សំដី​ក៏​មែន ប៉ុន្តែ​ខ្ញុំ​មិន​មែន​ខ្សត់​ខ្សោយ​ខាង​ឯ​ចំណេះ​ទេ ហើយ​ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​ខ្ញុំ​បាន​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ច្បាស់​គ្រប់​ជំពូក​ដែរ 7កាល​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​មក​អ្នក​រាល់​គ្នា​ទទេ ទាំង​បន្ទាប​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ថ្កើង​ឡើង នោះ​តើ​ឈ្មោះ​ថា​ខ្ញុំ​បាន​ធ្វើ​បាប​ឬ​អី 8ខ្ញុំ​បាន​បង្អត់​ពួក​ជំនុំ​ឯ​ទៀត ដោយ​ទទួល​ឈ្នួល​ពី​គេ ដើម្បី​នឹង​យក​មក​បំរើ​អ្នក​រាល់​គ្នា​វិញ 9ហើយ​កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា បើ​កាល​ណា​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​កើត​ទុក្ខ​ទេ ដ្បិត​ពួក​បង​ប្អូន ដែល​មក​ពី​ស្រុក​ម៉ាសេដូន បាន​ជួយ​បំពេញ​សេចក្ដី​ដែល​ខ្ញុំ​ខ្វះ​នោះ​ហើយ ខ្ញុំ​មិន​ដែល​ឲ្យ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ពី​ព្រោះ​ខ្ញុំ ក្នុង​ការ​អ្វី​សោះ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​ដែរ 10ខ្ញុំ​ប្រាប់​ដោយ​នូវ​សេចក្ដី​ពិត​របស់​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្ដី​អំនួត​នេះ​ពី​ខ្ញុំ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ 11ចុះ​តើ​ដោយ​ហេតុ​អ្វី ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ​អី នោះ​ព្រះ‌អង្គ​ទ្រង់​ជ្រាប​ហើយ 12តែ​ការ​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​នឹង​ចេះ​តែ​ធ្វើ​ទៅ ដើម្បី​នឹង​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​រក​រឿង ប្រយោជន៍​ឲ្យ​គេ​បាន​ដូច​ជា​យើង​ខ្ញុំ ក្នុង​ការ​អ្វី​ដែល​គេ​អួត​ខ្លួន​នោះ​ដែរ 13ដ្បិត​មនុស្ស​យ៉ាង​នោះ​ជា​សាវក​ក្លែង‌ក្លាយ​ជា​អ្នក​ឆ‌បោក ដែល​ក្លែង​ខ្លួន​ធ្វើ​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ទេ 14ហើយ​សេចក្ដី​នោះ​មិន​ជា​អស្ចារ្យ​ឡើយ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ 15ដូច្នេះ បើ​អ្នក​បំរើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​សេចក្ដី​សុចរិត​វិញ នោះ​មិន​មែន​ជា​ការ​ធំ​អ្វី​ទេ ឯ​ចុង​បំផុត​របស់​គេ នឹង​បាន​ត្រូវ​តាម​អំពើ​ដែល​គេ​ធ្វើ​ដែរ។
16ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យ​អ្នក​ណា​រាប់​ខ្ញុំ​ទុក​ដូច​ជា​ល្ងង់​ខ្លៅ​ឡើយ តែ​បើ​រាប់​ទុក​ជា​ល្ងង់​ខ្លៅ​មែន នោះ​ត្រូវ​ទទួល​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ​ដែរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​ខ្លួន​បន្តិច 17សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​នេះ មិន​មែន​ប្រាប់​តាម​ព្រះ‌អម្ចាស់​ទេ គឺ​ប្រាប់​បែប​ដូច​ជា​ល្ងង់​ខ្លៅ​វិញ ដោយ​ស្មាន​ថា ខ្ញុំ​មាន​កន្លែង​អួត​ខ្លួន​បាន​ខ្លះ 18ដ្បិត​ដែល​មាន​មនុស្ស​ជា​ច្រើន​អួត​ខ្លួន​ខាង​សាច់​ឈាម នោះ​ខ្ញុំ​នឹង​អួត​ដែរ 19ព្រោះ​អ្នក​រាល់​គ្នា​ដែល​មាន​ប្រាជ្ញា នោះ​ចេះ​តែ​ទ្រាំ‌ទ្រ​នឹង​មនុស្ស​ល្ងង់​ខ្លៅ ដោយ​ស្ម័គ្រ​ពី​ចិត្ត​វិញ 20ពី​ព្រោះ​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​នឹង​ការ​ដែល​គេ​ចាប់​អ្នក​ប្រើ ឬ​ស៊ី​សាច់​អ្នក ឬ​ដណ្តើម​យក​អ្វី​ពី​អ្នក ឬ​បើ​អ្នក​ណា​ដំកើង​ខ្លួន​លើ​អ្នក ឬ​បើ​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​នោះ​ផង 21ខ្ញុំ​និយាយ​បែប​ជា​បន្ទាប​ខ្លួន ទុក​ដូច​ជា​យើង​ខ្ញុំ​ខ្សោយ​មែន ប៉ុន្តែ ក្នុង​ការ​អ្វី​ដែល​អ្នក​ណា​ហ៊ាន នោះ​ខ្ញុំ​ក៏​ហ៊ាន​ដែរ ខ្ញុំ​និយាយ​នេះ​ដោយ​សេចក្ដី​ល្ងង់​ខ្លៅ 22តើ​គេ​ជា​ពួក​ហេព្រើរ​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​សាសន៍​អ៊ីស្រាអែល​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ឬ​អី ខ្ញុំ​ក៏​ដែរ 23គេ​ជា​អ្នក​បំរើ​ព្រះ‌គ្រីស្ទ​ឬ​អី (ខ្ញុំ​និយាយ​បែប​ដូច​ជា​វង្វេង​ស្មារតី​ហើយ) ខ្ញុំ​ក៏​លើស​ជាង​គេ​ទៅ​ទៀត ក្នុង​ការ​នឿយ‌ហត់​លើស​ជាង​គេ ដោយ​ត្រូវ​រំពាត់​ហួស​ល្បត់ ទាំង​ត្រូវ​ជាប់​គុក​ច្រើន​ជាង​គេ ក៏​ដល់​នូវ​ភាព​ជិត​ស្លាប់​ជា​ញឹក‌ញយ 24ប្រាំ​ដង​ហើយ សាសន៍​យូដា​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​១ 25គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់ 26ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្ដី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរ​ប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទី​ក្រុង ក្នុង​ទី​រហោ‌ស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បង​ប្អូន​ក្លែង‌ក្លាយ​ដែរ 27ត្រូវ​នឿយ‌ហត់ ហើយ​លំបាក ត្រូវ​ចាំ​យាម​ជា​ញយ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​ជា​ញឹក‌ញយ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ផង 28ក្រៅ​ពី​ការ​ខាង​សាច់​ឈាម​ទាំង​នោះ ក៏​មាន​សេចក្ដី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​ប្រជ្រៀត​មក​លើ​ខ្ញុំ រាល់​តែ​ថ្ងៃ​ជានិច្ច​ថែម​ទៀត 29តើ​អ្នក​ឯ​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​បាន​ខ្សោយ​ផង តើ​អ្នក​ឯ​ណា​អាក់‌អន់​ចិត្ត ហើយ​ខ្ញុំ​មិន​ឈឺ‌ឆ្អាល​ផង 30បើ​សិន​ជា​គួរ​នឹង​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​វិញ 31ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ដែល​មាន​ព្រះ‌ពរ​អស់​‌កល្ប​ជានិច្ច ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​កុហក​ទេ 32នៅ​ក្រុង​ដាម៉ាស ចៅហ្វាយ​ស្រុក​នៃ​ស្តេច​អើរេតាស បាន​ឲ្យ​គេ​ចាំ​យាម​ទី​ក្រុង ដោយ​ចង់​ចាប់​ខ្ញុំ 33ប៉ុន្តែ មាន​គេ​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ សំរូត​ចុះ តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​លោក​ចេញ។

ទើបបានជ្រើសរើសហើយ៖

២ កូរិន‌ថូស 11: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល