២ កូរិន‌ថូស 6

6
1ហើយ​ដែល​យើង​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ បាន​ជា​យើង​ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទទួល​ព្រះ‌គុណ​របស់​ព្រះ ដោយ​បែប​ឥត​ប្រយោជន៍​ឡើយ 2ដ្បិត​ទ្រង់​មាន​បន្ទូល​ថា «នៅ​វេលា​ដែល​គាប់​ចិត្ត​ដល់​អញ នោះ​អញ​បាន​ស្តាប់​ឯង ហើយ​ក្នុង​ថ្ងៃ​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង» មើល ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់ មើល ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ 3យើង​ខ្ញុំ​ក៏​មិន​បង្អាក់‌បង្អន់​ចិត្ត​ដល់​អ្នក​ណា​ក្នុង​កិច្ច‌ការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ថ្កោល​ទោស​ចំពោះ​ការ‌ងារ​នេះ 4ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​យើង​ខ្ញុំ​ខំ​ផ្ទុក‌ផ្តាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ គឺ​ក្នុង​ការ​ទ្រាំ‌ទ្រ​ជា​ច្រើន ក្នុង​ការ​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត‌ចង្អល់ 5កាល​គេ​វាយ ដាក់​គុក កើត​វឹកវរ ក្នុង​ការ​នឿយ‌ហត់ ចាំ​យាម តម​អត់ 6ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្ដី​ស្រឡាញ់​ស្មោះ‌ត្រង់ 7ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​សុចរិត ទាំង​ស្តាំ​ទាំង​ឆ្វេង 8ដោយ​មាន​កេរ្តិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់‌ឱន ដោយ​គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្តី ទុក​ដូច​ជា​មនុស្ស​កំភូត តែ​ពិត​ត្រង់​ទេ 9ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់​យើង​ខ្ញុំ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​វិញ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល យើង​ខ្ញុំ​រស់​ទេ ដូច​ជា​ត្រូវ​វាយ‌ផ្ចាល តែ​មិន​បាន​ដល់​ស្លាប់​ទេ 10ដូច​ជា​មាន​សេចក្ដី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​តែ​ចំរើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។
11ឱ​ពួក​កូរិន‌ថូស​អើយ មាត់​យើង​ខ្ញុំ​បើក​ចំពោះ​អ្នក​រាល់​គ្នា​ហើយ ចិត្ត​យើង​ខ្ញុំ​បាន​ទូលាយ​ឡើង 12អ្នក​រាល់​គ្នា​មិន​ចង្អៀត​ក្នុង​យើង​ខ្ញុំ​ទេ គឺ​ចង្អៀត​តែ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​វិញ 13ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​ដល់​កូន​ថា ចូរ​សង​ដូច​គ្នា​វិញ ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​ដូច្នោះ​ដែរ។
14កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ នឹង​ងងឹត លាយ‌ឡំ​គ្នា​ដូច​ម្តេច​បាន 15តើ​ព្រះ‌គ្រីស្ទ នឹង​អារក្ស​បេ‌លាល​ត្រូវ​អ្វី​នឹង​គ្នា ឬ​អ្នក​ជឿ​មាន​ចំណែក​អ្វី​នឹង​អ្នក​ដែល​មិន​ជឿ 16តើ​វិហារ​នៃ​ព្រះ​សំណំ​អ្វី​នឹង​រូប​ព្រះ ដ្បិត​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ជា​ព្រះ​ទ្រង់​មាន​បន្ទូល​ថា «អញ​នឹង​នៅ​ក្នុង​គេ ហើយ​នឹង​ដើរ​ជា​មួយ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ» 17ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ‌ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោក‌គ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា 18អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​ដល់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត»។

ទើបបានជ្រើសរើសហើយ៖

២ កូរិន‌ថូស 6: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល