២ ពេត្រុស 2:11-20

២ ពេត្រុស 2:11-20 ពគប

ដែល​ពួក​ទេវតា​ដ៏​មាន​កំឡាំង មាន​ឫទ្ធិ​លើស​ជាង​គេ​ទៅ​ទៀត ក៏​មិន​ហ៊ាន​ប្រមាថ​ដល់​ពួក​នោះ នៅ​ចំពោះ​ព្រះ‌អម្ចាស់​ឡើយ តែ​ដោយ​ព្រោះ​គេ​ជេរ​ប្រមាថ​ដល់​ការ​ដែល​គេ​មិន​ស្គាល់ នោះ​គេ​នឹង​ត្រូវ​វិនាស​បាត់​ក្នុង​ការ​ខូច​អាក្រក់​របស់​គេ​អស់​រលីង ដូច​ជា​សត្វ​តិរច្ឆាន ដែល​កើត​មក​សំរាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​កាប់​សំឡាប់​ប៉ុណ្ណោះ​ដែរ គេ​ហៀប​នឹង​ទទួល​រង្វាន់​នៃ​ការ​ទុច្ចរិត គេ​ជា​ពួក​អ្នក​ដែល​រាប់​ការ​ស្រើប‌ស្រាល​នៅ​ពេល​ថ្ងៃ ទុក​ជា​ការ​ត្រេក‌អរ​សប្បាយ គេ​ជា​ស្នាម​ប្រឡាក់ ហើយ​ជា​សេចក្ដី​ស្មោក‌គ្រោក គេ​ត្រេក‌អរ​ដោយ​សេចក្ដី​បញ្ឆោត​របស់​ខ្លួន ក្នុង​ពេល​កំពុង​ដែល​គេ​ស៊ី​លៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា គេ​មាន​ចិត្ត​នឹក​ឃើញ​តែ​ស្រី​សំផឹង គេ​មិន​ចេះ​លែង​ធ្វើ​បាប​ឡើយ ក៏​បិទ​នុយ​ចាប់​ព្រលឹង​មនុស្ស​ដែល​មិន​ខ្ជាប់‌ខ្ជួន ហើយ​មាន​ចិត្ត​ធ្លាប់​ខាង​ឯ​សេចក្ដី​លោភ គឺ​ជា​មនុស្ស​ដែល​ត្រូវ​បណ្តាសា គេ​បាន​បោះ​បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បាឡាម ជា​កូន​បេអ៊រ ដែល​ស្រឡាញ់​កំរៃ​នៃ​ការ​ទុច្ចរិត តែ​គាត់​ត្រូវ​បន្ទោស ដោយ​ព្រោះ​ការ​រំលង​របស់​គាត់ ដោយ​សត្វ​ព្រនាក់គ បាន​និយាយ​ជា​សំឡេង​មនុស្ស ទាំង​ឃាត់‌ឃាំង​សេចក្ដី​ចំកួត​របស់​គាត់ ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដែល​សេចក្ដី​ងងឹត​សូន្យ​ឈឹង បាន​បំរុង​ទុក​ឲ្យ​គេ​នៅ​អស់​‌កល្ប​ជានិច្ច ដ្បិត​គេ​និយាយ​សេចក្ដី​អំនួត​អួត​យ៉ាង​សំបើម ទាំង​បិទ​នុយ​ដែល​ប្រកប​ដោយ​សេចក្ដី​សំរើប​ខាង​សាច់​ឈាម នឹង​សេចក្ដី​ខូច​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ចាប់​ពួក​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​បាន​សេរី‌ភាព​ផង តែ​ខ្លួន​គេ​ក៏​នៅ​ជាប់​ជា​បាវ​បំរើ​របស់​សេចក្ដី​ពុក‌រលួយ​វិញ ដ្បិត​បើ​អ្នក​ណា​ត្រូវ​គេ​បង្ក្រាប​ខ្លួន នោះ​ត្រូវ​នៅ​ជាប់​ជា​បាវ​របស់​អ្នក​នោះ​ហើយ ពី​ព្រោះ​ក្រោយ​ដែល​បាន​រួច​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​លោកីយ​នេះ ដោយ​បាន​ស្គាល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​ហើយ បើ​អ្នក​ណា​ត្រឡប់​ទៅ​ជា​ជាប់​ទាក់‌ទិន ឲ្យ​សេចក្ដី​ទាំង​នោះ​បាន​បង្រ្កាប​ខ្លួន​វិញ នោះ​សណ្ឋាន​ក្រោយ​របស់​អ្នក​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត

អាន ២ ពេត្រុស 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ពេត្រុស 2:11-20