២ សាំយូអែល 11
11
1ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះដាវីឌទ្រង់ចាត់យ៉ូអាប់ ព្រមទាំងពលទ័ពរបស់លោក នឹងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេក៏បំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែឯដាវីឌទ្រង់គង់នៅក្នុងក្រុងយេរូសាឡិមវិញ។
2មានកាល១ថ្ងៃ ពេលជិតងងឹតហើយ នោះដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់ 3ដាវីឌក៏ចាត់គេឲ្យទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា នាងឈ្មោះបាតសេបាជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត 4នោះដាវីឌចាត់គេឲ្យទៅនាំនាងយកមក រួចនាងក៏ចូលមកឯទ្រង់ ហើយទ្រង់ផ្ទំជាមួយនឹងនាងទៅ ដ្បិតនាងទើបនឹងបានស្អាតពីរដូវនាងហើយ រួចនាងត្រឡប់ទៅឯផ្ទះវិញ 5នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌថា ខ្ញុំម្ចាស់មានគភ៌ហើយ។
6នោះដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា ចូរចាត់អ៊ូរី ជាសាសន៍ហេត ឲ្យមកឯយើង ដូច្នេះយ៉ូអាប់ក៏ឲ្យអ៊ូរីទៅឯដាវីឌ 7កាលគាត់បានទៅដល់ហើយ នោះដាវីឌសាកសួរដំណឹងពីយ៉ូអាប់ ហើយពីបណ្តាទ័ព នឹងពីការសង្គ្រាមបានជាយ៉ាងណា 8រួចដាវីឌមានបន្ទូលទៅអ៊ូរីថា ចូរចុះទៅផ្ទះ ហើយលាងជើងឯងទៅ លុះគាត់ចេញពីដំណាក់ស្តេចហើយ នោះក៏មានគេនាំយកម្ហូបម្ហាពីស្តេចទៅជូនគាត់ 9ប៉ុន្តែអ៊ូរីគាត់ទៅដេកជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួន នៅត្រង់មុខមាត់ទ្វារដំណាក់វិញ ឥតបានចុះទៅឯផ្ទះខ្លួនទេ 10កាលគេទូលដាវីឌថា អ៊ូរីមិនបានចុះទៅឯផ្ទះគាត់ទេ នោះទ្រង់សួរអ៊ូរីថា តើឯងមិនបានមកពីឆ្ងាយទេឬអី ដូច្នេះ ម្តេចក៏មិនចុះទៅឯផ្ទះ 11នោះអ៊ូរីទូលឆ្លើយថា ហឹបនៃព្រះ នឹងពួកអ៊ីស្រាអែល ហើយពួកយូដាសុទ្ធតែនៅក្នុងបង្ហារ ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ នឹងពួកពលផងទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅឯផ្ទះនឹងទទួលទាន ហើយដេកនៅជាមួយនឹងប្រពន្ធទូលបង្គំដូចម្តេចកើត ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ នឹងព្រលឹងទ្រង់ដ៏មានជីវិតរស់នៅថា ទូលបង្គំមិនព្រមធ្វើដូច្នោះឡើយ 12នោះដាវីឌមានបន្ទូលថា បើដូច្នេះ ចូរឯងទៅឯណេះក្នុងថ្ងៃនេះទៀតចុះ ស្អែកឡើងយើងនឹងឲ្យឯងទៅវិញ នោះអ៊ូរីក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះ ហើយថ្ងៃស្អែកទៀត 13កាលដាវីឌទ្រង់ហៅគាត់មក នោះគាត់ក៏បរិភោគនៅចំពោះទ្រង់ ហើយទ្រង់បំផឹកឲ្យគាត់ស្រវឹង តែដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែ ជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត ឥតមានចុះទៅឯផ្ទះឡើយ។
14ដល់ព្រឹកឡើង ដាវីឌទ្រង់ធ្វើសំបុត្រផ្ញើទៅយ៉ូអាប់ដោយសារអ៊ូរី 15ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅឲ្យគេបានវាយសំឡាប់ចេញ 16ដូច្នេះយ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅឯកន្លែង១ ដែលលោកដឹងថា មានមនុស្សក្លាហាននៅ 17ពួកទ័ពក្នុងក្រុងនោះក៏ចេញមកច្បាំងនឹងយ៉ូអាប់ ហើយមានពួកពលទ័ពរបស់ដាវីឌខ្លះបានដួលស្លាប់ ឯអ៊ូរីជាសាសន៍ហេតគាត់ក៏ស្លាប់ដែរ 18នោះយ៉ូអាប់ចាត់ម្នាក់ ឲ្យនាំដំណឹងទៅទូលដល់ដាវីឌ ពីរឿងចំបាំង 19លោកបង្គាប់អ្នកនោះថា កាលណាឯងបានរាប់រៀបទូលពីរឿងច្បាំងដល់ស្តេចរួចហើយ 20នោះបើសិនជាស្តេចទ្រង់ក្រោធ ហើយបន្ទោសថា ហេតុអ្វីបានជាចូលទៅច្បាំង ជិតទីក្រុងអីម៉្លេះ តើឯងមិនដឹងជាគេនឹងបាញ់ ពីលើកំផែងមកទេឬអី 21តើអ្នកណាបានសំឡាប់អ័ប៊ីម៉ាលេក ជាកូនយេរូ-បាល តើមិនមែនជាស្រីដែលទំលាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬអី ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ នោះត្រូវឲ្យឯងទូលឆ្លើយយ៉ាងនេះថា អ៊ូរី សាសន៍ហេត ជាបាវបំរើនៃទ្រង់ បានស្លាប់ដែរ។
22អ្នកនាំដំណឹងក៏ទៅទូលដល់ដាវីឌ តាមសេចក្ដីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ 23គាត់ទូលថា ពួកពលគេមានកំឡាំងជាងពួកទូលបង្គំ គេចេញមកដល់ទូលបង្គំទាំងឡាយនៅឯវាល ហើយពួកទូលបង្គំក៏ដេញគេទៅវិញ រហូតដល់ទ្វារក្រុង 24នោះពួកពលធ្នូ គេបាញ់ពីកំផែងមកលើពួកបាវបំរើនៃទ្រង់ ហើយមានពួកអ្នកបំរើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបំរើទ្រង់ ក៏ស្លាប់ដែរ 25នោះដាវីឌមានបន្ទូលទៅអ្នកដែលនាំដំណឹងមកថា ចូរឯងទៅប្រាប់យ៉ូអាប់វិញ ដូច្នេះថា កុំឲ្យតូចចិត្តពីការនោះឡើយ ពីព្រោះដាវតែងសំឡាប់អ្នក១ដូចជាអ្នក១ ចូរខំប្រឹងច្បាំងនឹងក្រុងនោះ ឲ្យកាន់តែខ្លាំងឡើង ហើយចាប់យកឲ្យបានចុះ ចូរឯងនិយាយកំឡាចិត្តលោកឡើង។
26កាលប្រពន្ធអ៊ូរីបានឮថាប្ដីស្លាប់ហើយ នោះនាងក៏យំសោកនឹងប្ដី 27លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ នោះដាវីឌទ្រង់ចាត់គេ ឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយាទ្រង់ ហើយបង្កើតបានបុត្រា១ថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ជាទីទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.