២ ថែស្សាឡូនីច 3
3
1មួយសោតទៀត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានដំកើងឡើង ដូចនៅក្នុងពួកអ្នករាល់គ្នាដែរ 2ហើយឲ្យយើងខ្ញុំបានរួចពីមនុស្សវៀច នឹងពីមនុស្សអាក្រក់ចេញ ដ្បិតមិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ 3តែព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាឲ្យរួចពីសេចក្ដីអាក្រក់ផង 4យើងខ្ញុំក៏ទុកចិត្តនឹងព្រះអម្ចាស់ ពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយនឹងប្រព្រឹត្តតទៅទៀត តាមអស់ទាំងសេចក្ដីដែលយើងខ្ញុំបានផ្តាំទុកដែរ 5សូមឲ្យព្រះអម្ចាស់ដំរង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្ដីស្រឡាញ់នៃព្រះ នឹងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះ។
6ឥឡូវនេះ បងប្អូនអើយ យើងខ្ញុំសូមផ្តាំមកអ្នករាល់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរថយចេញឲ្យផុតពីគ្រប់ទាំងបងប្អូនណា ដែលប្រព្រឹត្តខុសរបៀប ហើយមិនស្តាប់តាមបញ្ញត្តដែលបានទទួលពីយើងខ្ញុំ 7ដ្បិតខ្លួនអ្នករាល់គ្នាដឹងហើយ ដែលគួរត្រាប់តាមយើងខ្ញុំជាយ៉ាងណា ពីព្រោះយើងខ្ញុំមិនបានប្រព្រឹត្តឥតរបៀប ក្នុងពួកអ្នករាល់គ្នាឡើយ 8ក៏មិនបានទទួលទានបាយរបស់អ្នកណាទទេដែរ យើងខ្ញុំបានធ្វើការនឿយហត់ ហើយធ្ងន់ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើងខ្ញុំឡើយ 9មិនមែនថា យើងខ្ញុំគ្មានអំណាចនោះទេ គឺយើងខ្ញុំចង់ធ្វើជាគំរូ ឲ្យអ្នករាល់គ្នាត្រាប់តាមយើងខ្ញុំវិញទេតើ 10កាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា នោះក៏បានផ្តាំថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវទាំងឲ្យអ្នកនោះបរិភោគផង 11ដ្បិតយើងខ្ញុំឮថា មានអ្នកខ្លះក្នុងពួកអ្នករាល់គ្នា ដែលប្រព្រឹត្តឥតរបៀប ឥតមានធ្វើការអ្វីសោះ គឺគេរវល់តែចំពោះការឥតប្រយោជន៍វិញ 12ដូច្នេះ យើងខ្ញុំផ្តាំមកមនុស្សយ៉ាងនោះ ហើយទូន្មានគេ ដោយព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ឲ្យគេបរិភោគបាយរបស់ខ្លួនគេចុះ ទាំងធ្វើការដោយស្រគត់ស្រគំផង 13បងប្អូនអើយ កុំឲ្យរសាយចិត្តខាងឯការល្អឡើយ 14បើអ្នកណាមិនស្តាប់តាមពាក្យរបស់យើងខ្ញុំ ក្នុងសំបុត្រនេះទេ នោះចូរសំគាល់អ្នកនោះទុក ហើយកុំឲ្យភប់ប្រសព្វនឹងគេឲ្យសោះ ដើម្បីឲ្យគេមានសេចក្ដីខ្មាស 15តែកុំឲ្យរាប់គេទុកដូចជាខ្មាំងសត្រូវឡើយ ចូរទូន្មានគេ ដូចជាបងប្អូនវិញ។
16សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្តល់សេចក្ដីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្តគ្រប់យ៉ាងជានិច្ច សូមឲ្យព្រះអម្ចាស់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់ 17ប៉ុលខ្ញុំសរសេរពាក្យជំរាបសួរនេះ ដោយដៃខ្លួនខ្ញុំ នេះគឺជាទីសំគាល់ក្នុងគ្រប់សំបុត្ររបស់ខ្ញុំ គឺបែបយ៉ាងនេះហើយ ដែលខ្ញុំសរសេរមក 18សូមឲ្យអ្នករាល់គ្នាទាំងអស់ បានប្រកបដោយព្រះគុណ របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚
ទើបបានជ្រើសរើសហើយ៖
២ ថែស្សាឡូនីច 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.