២ ធីម៉ូថេ 2
2
1ដូច្នេះ កូនអើយ ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ 2ឯអស់ទាំងសេចក្ដីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ 3ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ 4ធម្មតាអ្នកដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ 5ហើយបើអ្នកណាប្រយុទ្ធគ្នាក្នុងព្រ័ត្រ នោះមិនបានពាក់ភួងជ័យទេ លើកតែប្រយុទ្ធតាមច្បាប់វិញ 6ឯអ្នកធ្វើស្រែ ក៏ត្រូវនឿយហត់ជាមុនដែរ ទើបនឹងទទួលផលបាន 7ចូរពិចារណាសេចក្ដីដែលខ្ញុំប្រាប់ទាំងនេះចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យអ្នកមានយោបល់ ក្នុងគ្រប់ការទាំងអស់។
8ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះវង្សហ្លួងដាវីឌ ទ្រង់បានរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំផ្សាយប្រាប់ 9ហើយខ្ញុំរងទុក្ខ ទាំងជាប់ចំណងដូចជាមនុស្សអាក្រក់ ដោយព្រោះដំណឹងល្អនោះឯង ប៉ុន្តែ ព្រះបន្ទូលមិនបានជាប់ចំណងទេ 10ហេតុនោះបានជាខ្ញុំទ្រាំទ្រនឹងគ្រប់ការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ពួករើសតាំង ឲ្យគេបានសេចក្ដីសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមានសិរីល្អដ៏នៅអស់កល្បជានិច្ចផង 11ពាក្យនេះគួរជឿពិត ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ 12បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ 13បើទុកជាយើងមិនស្មោះត្រង់ក៏ដោយ គង់តែទ្រង់នៅស្មោះត្រង់ដដែល ទ្រង់ធ្វើជាមិនស្គាល់ព្រះអង្គទ្រង់មិនបានទេ។
14ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមប្រាមគេដោយដាច់ខាត នៅចំពោះព្រះអម្ចាស់ថា កុំឲ្យជជែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ ហើយក៏នាំពួកអ្នកដែលស្តាប់ ឲ្យវង្វេងផងនោះឡើយ 15ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ 16តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នឹងនាំឲ្យចំរើនសេចក្ដីទមិលល្មើស កាន់តែច្រើនឡើងទេ 17ហើយសំដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ ក្នុងពួកនោះមានឈ្មោះហ៊ីមេនាស នឹងភីលេត 18ដែលបានជ្រួសហួសចេញពីសេចក្ដីពិត ទាំងនិយាយថា សេចក្ដីរស់ឡើងវិញបានកន្លងទៅហើយ គេក៏បង្ខូចសេចក្ដីជំនឿរបស់អ្នកខ្លះដែរ 19ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់ ហើយថា ចូរឲ្យអស់អ្នក ដែលចេញព្រះនាមព្រះអម្ចាស់ ថយចេញពីសេចក្ដីទុច្ចរិតទៅ 20នៅក្នុងផ្ទះធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់មាសប្រាក់ម្យ៉ាងទេ គឺមានប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសំរាប់ការប្រសើរ ខ្លះសំរាប់ការអាប់ឱនវិញ 21ដូច្នេះ បើអ្នកណាបានសំអាតខ្លួន ពីសេចក្ដីទាំងនោះ អ្នកនោះនឹងបានជាប្រដាប់សំរាប់ការប្រសើរ ដោយបានញែកជាបរិសុទ្ធហើយ ក៏មានប្រយោជន៍ដល់ម្ចាស់ផង ទុកជាប្រដាប់ដែលបានរៀបចំ សំរាប់ការល្អគ្រប់ជំពូក។
22ចូរឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ 23កុំឲ្យព្រមស្តាប់សេចក្ដីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះនាំឲ្យមានសេចក្ដីឈ្លោះប្រកែកគ្នាទេ 24ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង 25ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្ដីពិតវិញ 26ហើយគេនឹងភ្ញាក់ដឹងខ្លួនឡើង ចេញផុតពីអន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្តនោះ។
ទើបបានជ្រើសរើសហើយ៖
២ ធីម៉ូថេ 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.