កិច្ចការ 24

24
1ក្រោយ​៥​ថ្ងៃ​មក អាន៉្នានាស ជា​សំដេច​សង្ឃ​ក៏​ចុះ​ទៅ ជា​មួយ​នឹង​ពួក​ចាស់‌ទុំ នាំ​ទាំង​មនុស្ស​ម្នាក់​មាន​វោហារ ឈ្មោះ​ទើទូ‌លុស​ទៅ​ផង ដើម្បី​ឲ្យ​ចូល​ទៅ​ប្តឹង​លោក​ចៅហ្វាយ​ពី​រឿង​ប៉ុល 2កាល​លោក​បាន​ហៅ​ប៉ុល​មក នោះ​ទើទូ‌លុស​ចាប់​ចោទ​ប្រកាន់​គាត់​ថា 3ឱ​ព្រះ‌តេជ‌ព្រះ‌គុណ​ភេលីច​អើយ សាសន៍​យើង​ខ្ញុំ​បាន​សេចក្ដី​សុខ​ប្រពៃ ដោយ‌សារ​លោក​ម្ចាស់ ក៏​មាន​ចំរើន​ការ​ផ្លាស់​ប្រែ​យ៉ាង​ប្រសើរ ដែល​មាន​ប្រយោជន៍​ដល់​សាសន៍​យើង​ខ្ញុំ​នេះ ដោយ‌សារ​គំនិត​លោក​ម្ចាស់ ហើយ​ទោះ​បើ​នៅ​វេលា​ណា ឬ​កន្លែង​ណា​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទទួល​ការ​ទាំង​នោះ​ដោយ​អំណរ ទាំង​អរ‌គុណ​ដល់​លោក​ម្ចាស់​គ្រប់​ជំពូក​ដែរ 4តែ​ដើម្បី​កុំ​ឲ្យ​បង្ខាត​ពេល​លោក​ម្ចាស់​ទៀត នោះ​សូម​មេត្តា​ស្តាប់​យើង​ខ្ញុំ​បន្តិច 5ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា អ្នក​នេះ​ជា​មនុស្ស​ចង្រៃ ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ដែល​ញុះ‌ញង់​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់ នៅ​លោកីយ​នេះ​បះ‌បោរ​ឡើង 6ក៏​ចង់​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​ផង នោះ​យើង​ខ្ញុំ​បាន​ចាប់​វា​មក ប្រាថ្នា​ចង់​ជំនុំ‌ជំរះ​តាម​ក្រិត្យ‌វិន័យ​របស់​យើង​ខ្ញុំ 7ប៉ុន្តែ លោក​លូស៊ា ជា​មេ​ទ័ព​ធំ បាន​មក​កន្ត្រាក់​យក​វា​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សំបើម 8ទាំង​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​មក​ឯ​លោក​ម្ចាស់ បើ​កាល​ណា​លោក​ម្ចាស់​បាន​ពិចារណា​វា នោះ​នឹង​បាន​ជ្រាប​ពី​គ្រប់​ទាំង​ការ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​ដល់​វា​ហើយ 9ឯ​ពួក​សាសន៍​យូដា ក៏​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា រឿង​ទាំង​នោះ​ប្រាកដ​មែន។
10កាល​លោក​ចៅហ្វាយ បាន​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​ប៉ុល​និយាយ នោះ​គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​ប្របាទ​នឹង​ដោះ‌សា​រឿង​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ព្រះ‌តេជ‌ព្រះ‌គុណ​បាន​ធ្វើ​ជា​ចៅ‌ក្រម​លើ​សាសន៍​នេះ​ជា​យូរ​ឆ្នាំ​ហើយ 11ក៏​អាច​នឹង​ជ្រាប​ថា តាំង​ពី​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​១២​ថ្ងៃ​ទេ 12គេ​ក៏​មិន​បាន​ឃើញ​ខ្ញុំ​ប្របាទ កំពុង​ដែល​ជជែក​នឹង​អ្នក​ណា នៅ​ក្នុង​ព្រះ‌វិហារ ឬ​ប្រមូល​ញុះ‌ញង់​បណ្តា​មនុស្ស​ដែរ ទោះ​បើ​ក្នុង​សាលា​ប្រជុំ​គេ ឬ​កន្លែង​ណា​នៅ​ក្នុង​ទី​ក្រុង​ក្តី 13គេ​ពុំ​អាច​នឹង​រក​ភស្តុ‌តាង ពី​ការ​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​ឥឡូវ​នេះ​បាន​ទេ 14ប៉ុន្តែ សូម​ជំរាប​លោក​ម្ចាស់​តាម​ត្រង់​ថា ខ្ញុំ​ប្របាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ តាម​របៀប​ដែល​គេ​ហៅ​ថា ក្បត់​សាសនា ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​អស់​ទាំង​សេចក្ដី ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ នឹង​ក្នុង​គម្ពីរ​ពួក​ហោរា 15ហើយ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ ដែល​គេ​ក៏​យល់​ព្រម​ដែរ គឺ​ថា ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា 16ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្របាទ​ខំ​ប្រឹង​ឲ្យ​មាន​បញ្ញា​ចិត្ត​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ នឹង​នៅ​ចំពោះ​មនុស្ស​លោក​ជានិច្ច​ដែរ 17លុះ​ក្រោយ​ដែល​ខ្ញុំ​ប្របាទ​បាន​ចោល​ស្រុក​ទៅ​ជា​យូរ​ឆ្នាំ នោះ​ក៏​ត្រឡប់​មក​ធ្វើ​ទាន​វិញ ព្រម​ទាំង​យក​ជំនូន​មក ជូន​ដល់​សាសន៍​របស់​ខ្ញុំ​ប្របាទ 18ហើយ​កំពុង​ដែល​ខ្ញុំ​ប្របាទ​រវល់​នឹង​ការ​នោះ គេ​ក៏​ឃើញ​ខ្ញុំ​ប្របាទ​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ មិន​មែន​មាន​មនុស្ស​ទាំង​ហ្វូង ឬ​ដោយ​វឹកវរ​ទេ ប៉ុន្តែ មាន​ពួក​សាសន៍​យូដា​ខ្លះ​ពី​ស្រុក​អាស៊ី​បាន​ឃើញ​ខ្ញុំ​ប្របាទ 19ដែល​គួរ​ឲ្យ​គេ​មក​ចោទ​ប្រកាន់​ខ្ញុំ​ប្របាទ​នៅ​មុខ​លោក​ម្ចាស់​វិញ បើ​សិន​ជា​គេ​មាន​រឿង​អ្វី​ទាស់​នឹង​ខ្ញុំ​ប្របាទ 20ឬ​ឲ្យ​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​ចុះ បើ​គេ​ឃើញ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​ទុច្ចរិត​ណា ក្នុង​កាល​ដែល​ឈរ​នៅ​មុខ​ក្រុម‌ជំនុំ​នោះ 21លើក​តែ​ពាក្យ​១​ម៉ាត់​នេះ​ចេញ ដែល​ខ្ញុំ​ប្របាទ​ស្រែក​ឡើង នៅ​ពេល​កំពុង​ឈរ​ជា​កណ្តាល​ពួក​គេ​ថា ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​អ្នក​រាល់​គ្នា​ជំនុំ‌ជំរះ ពី​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ ប៉ុណ្ណោះ។
22ឯ​លោក​ភេលីច ដែល​ដឹង​ជ្រៅ​ជ្រះ​ខាង​សាសនា​គេ​ដែរ កាល​បាន​ស្តាប់​សេចក្ដី​ចោទ​ឆ្លើយ​រួច​ហើយ នោះ​លោក​ក៏​ផ្អាក​រឿង​នោះ​សិន ដោយ​ថា កាល​ណា​លោក​លូស៊ា ជា​មេ​ទ័ព​ធំ​បាន​ចុះ​មក នោះ​ចាំ​ខ្ញុំ​ពិចារណា​រឿង​អ្នក​រាល់​គ្នា​ទៀត 23រួច​លោក​បង្គាប់​មេ​ទ័ព​រង​ឲ្យ​រក្សា​ប៉ុល​ដោយ​ស្រួល‌បួល ឥត​ឃាត់​ហាម​ពួក​គាត់​ណា​មួយ មិន​ឲ្យ​មក​បំរើ​គាត់​នោះ​ឡើយ 24លុះ​បួន​ដប់​ថ្ងៃ​ក្រោយ​មក លោក​ភេលីច​មក​ដល់ ជា​មួយ​នឹង​ទ្រូស៊ីល ជា​ភរិយា ដែល​ជា​សាសន៍​យូដា រួច​លោក​ចាត់​គេ​ទៅ​នាំ​ប៉ុល​មក ក៏​ស្តាប់​គាត់​អធិប្បាយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ 25កំពុង​ដែល​គាត់​សំដែង​ពន្យល់​ពី​សេចក្ដី​សុចរិត សេចក្ដី​ដឹង​ខ្នាត នឹង​សេចក្ដី​ជំនុំ‌ជំរះ​ដែល​ត្រូវ​មក នោះ​លោក​ភេលីច​កើត​មាន​ចិត្ត​ភិត‌ភ័យ ក៏​ឆ្លើយ​ថា ឥឡូវ​នេះ ឲ្យ​ទៅ​សិន​ចុះ កាល​ណា​មាន​ឱកាស​ស្រួល នោះ​អញ​នឹង​ហៅ​ឯង​មក​ទៀត 26លោក​ក៏​សង្ឃឹម​ថា ប៉ុល​នឹង​យក​ប្រាក់​មក​សូក​លោក ឲ្យ​លែង​ចេញ​ដែរ ហេតុ​នោះ​បាន​ជា​លោក​ឲ្យ​គេ​នាំ​គាត់​មក​ពិគ្រោះ​កាន់​តែ​ញឹក‌ញយ​ឡើង 27ប៉ុន្តែ លុះ​បាន​កន្លង​មក​បាន​២​ឆ្នាំ​ហើយ នោះ​មាន​លោក​ព័រគាស-ភេស្ទុស មក​ឈរ​ជំនួស​លោក​ភេលីច ហើយ​ដោយ​ព្រោះ​លោក​ភេលីច ចង់​បាន​បំណាច់ ចំពោះ​សាសន៍​យូដា​ផង បាន​ជា​លោក​ទុក​ឲ្យ​ប៉ុល​ជាប់​គុក​នៅ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 24: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល