កិច្ចការ 5

5
1តែ​មាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ​អាន៉្នានាស ប្រពន្ធ​ឈ្មោះ​សាភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ 2ហើយ​បាន​គៃ​ដំឡៃ​នោះ​ទុក​ខ្លះ ដោយ​ប្រពន្ធ​យល់​ព្រម​ដែរ រួច​នាំ​យក​១​ចំណែក​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក 3តែ​ពេត្រុស​សួរ​ថា អាន៉្នានាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​អ្នក​ហ៊ាន​កុហក​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​គៃ​ទុក​ដំឡៃ​ដី​១​ចំណែក​ដូច្នេះ 4កាល​នៅៗ​ឡើយ តើ​មិន​មែន​ជា​របស់​ផង​អ្នក​ទេ​ឬ​អី ហើយ​ដែល​លក់​ទៅ តើ​ប្រាក់​មិន​នៅ​ក្នុង​អំណាច​អ្នក​ដែរ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​អ្នក​កាត់​ចិត្ត​ធ្វើ​ដូច្នេះ នេះ​មិន​មែន​កុហក​ដល់​មនុស្ស​ទេ គឺ​ឈ្មោះ​ថា​កុហក​ដល់​ព្រះ​វិញ 5កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច 6នោះ​ពួក​កំឡោះៗ​ក្រោក​ឡើង រុំ​ខ្មោច​យក​ទៅ​កប់ 7នៅ​គ្រា​ប្រហែល​ជា​៣​ម៉ោង​ក្រោយ​មក ប្រពន្ធ​គាត់​ក៏​ចូល​មក ឥត​ដឹង​ការ​ដែល​កើត​មក​នោះ​សោះ 8ពេត្រុស​សួរ​ថា សូម​ប្រាប់​ខ្ញុំ តើ​បាន​លក់​ដី​ថ្លៃ​ប៉ុណ្ណោះ​មែន​ឬ នាង​ឆ្លើយ​តប​ថា ចាស ពិត​មែន​ហើយ 9រួច​ពេត្រុស​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ព្រម​ព្រៀង​គ្នា នឹង​ល្បង​ដល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ មើល ពួក​អ្នក​ដែល​កប់​ខ្មោច​ប្ដី​អ្នក គេ​មក​ដល់​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​អ្នក​យក​ទៅ​ដែរ 10នោះ​ស្រាប់​តែ​នាង​ដួល​ដាច់​ខ្យល់​១​រំពេច នៅ​ទៀប​ជើង​ពេត្រុស​ទៀត កាល​ពួក​កំឡោះៗ​បាន​ចូល​មក ឃើញ​នាង​ស្លាប់ នោះ​គេ​ក៏​សែង​យក​ទៅ​កប់ នៅ​ជិត​ខ្មោច​ប្ដី​ទៅ 11រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នឹង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។
12មាន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​កើត​មក​ក្នុង​ពួក​ជន ដោយ‌សារ​ដៃ​ពួក​សាវក (គេ​បាន​ស្រុះ​ចិត្ត​ទាំង​អស់​គ្នា នឹង​នៅ​ក្នុង​បាំង‌សាច​សាឡូម៉ូន 13ឯ​អ្នក​ឯ​ទៀត មិន​ហ៊ាន​ចូល​ក្នុង​ពួក​គេ​ឡើយ តែ​ប្រជា‌ជន​សរសើរ​ដល់​គេ 14ហើយ​ពួក​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អម្ចាស់ ក៏​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង មាន​មនុស្ស​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី) 15ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្ស ដែល​មាន​ជំងឺ​ផ្សេងៗ ចេញ​មក​នៅ​ផ្លូវ ផ្តេក​លើ​គ្រែ​នឹង​ពូក ដើម្បី​កាល​ណា​ពេត្រុស​ដើរ​មក នោះ​សូម្បី​ហោច​ណាស់ ឲ្យ​គ្រាន់​តែ​ស្រមោល​គាត់ ចោល​ទៅ​លើ​ពួក​នោះ​ខ្លះ​ប៉ុណ្ណោះ 16ឯ​បណ្តា​មនុស្ស ដែល​នៅ​អស់​ទាំង​ស្រុក​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម គេ​ក៏​មូល​គ្នា នាំ​ទាំង​មនុស្ស​មាន​ជំងឺ​មក ព្រម​ទាំង​មនុស្ស​អារក្ស‌អសោចិ៍​ចូល​ផង ហើយ​គេ​បាន​ជា​ទាំង​អស់​គ្នា។
17រីឯ​សំដេច​សង្ឃ នឹង​អស់​អ្នក​នៅ​ជា​មួយ​នឹង​លោក ដែល​នៅ​ខាង​ពួក​សាឌូស៊ី គេ​លើក​គ្នា​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ដ៏​ពោរ‌ពេញ 18ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំ​ទុក 19ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា 20ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តាជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ 21កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះ‌វិហារ​ពី​ព្រលឹម ឯ​សំដេច​សង្ឃ នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុម‌ជំនុំ នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវក​មក 22គេ​ក៏​បាន​ទៅ​ដល់​គុក តែ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ រួច​ត្រឡប់​មក​វិញ​ជំរាប​ថា 23យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ទាំង​ប្រយ័ត​គ្រប់​ជំពូក ព្រម​ទាំង​មាន​ពួក​យាម​ល្បាត​ឈរ​នៅ​មាត់​ទ្វារ​ផង តែ​កាល​បាន​បើក​ទៅ នោះ​មិន​ឃើញ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ទី​នោះ​សោះ 24កាល​មេ​ទ័ព​រក្សា​ព្រះ‌វិហារ នឹង​ពួក​សង្គ្រាជ​បាន​ឮ​ដូច្នោះ នោះ​ក៏​វល់​ក្នុង​ចិត្ត​ពី​ដំណើរ​ពួក​នោះ ដែល​កើត​ជា​យ៉ាង​ណា 25តែ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា មើល ពួក​មនុស្ស​ដែល​លោក​បាន​ដាក់​គុក​នោះ ឥឡូវ​នេះ គេ​កំពុង​តែ​ឈរ​បង្រៀន​ដល់​ពួក​ជន នៅ​ក្នុង​ព្រះ‌វិហារ​វិញ 26នោះ​មេ​ទ័ព នឹង​ពួក​អាជ្ញា ក៏​ទៅ​នាំ​គេ​មក ដោយ​ឥត​មាន​គំហក‌កំហែង​សោះ ដ្បិត​ខ្លាច​ក្រែង​បណ្តាជន​ចោល​ខ្លួន​នឹង​ថ្ម 27កាល​បាន​នាំ​មក​ដាក់​នៅ​មុខ​ក្រុម‌ជំនុំ​ហើយ នោះ​សំដេច​សង្ឃ​ស្តី​ថា 28តើ​យើង​មិន​បាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូ‌សាឡិម​ទាំង​មូល​វិញ ព្រម​ទាំង​គិត​ទំលាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង 29តែ​ពេត្រុស នឹង​ពួក​សាវក​ឯ​ទៀត ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស 30រីឯ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ ដែល​លោក​រាល់​គ្នា​បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ 31ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ នឹង​ជា​ព្រះ‌អង្គ​សង្គ្រោះ ដើម្បី​នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប 32យើង​ខ្ញុំ​នេះ ព្រម​ទាំង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ទ្រង់​ដែរ ជា​ស្មរ​បន្ទាល់​របស់​ទ្រង់​ពី​ការ​ទាំង​នោះ។
33លុះ​កាល​ពួក​ក្រុម‌ជំនុំ​បាន​ឮ នោះ​គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ពួក​សាវក​ចេញ 34ប៉ុន្តែ មាន​ពួក​ផារិស៊ី​ម្នាក់ ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​មនុស្ស​ទាំង​អស់​រាប់​អាន លោក​ឈរ​ឡើង​ក្នុង​ក្រុម‌ជំនុំ បង្គាប់​ឲ្យ​បញ្ចេញ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន 35រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ក្រុម‌ជំនុំ​ថា ពួក​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​ប្រយ័ត​ខ្លួន ពី​ដំណើរ​មនុស្ស​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​គិត​ធ្វើ​អ្វី​ដល់​គេ 36ដ្បិត​ពី​ដើម​មាន​ឈ្មោះ​ធើដាស លើក​ខ្លួន​ឡើង​ថា​ជា​អ្វីៗ ក៏​មាន​មនុស្ស​ចំនួន​ជា​៤​រយ​នាក់​បាន​ចូល​ពួក​វា តែ​វា​ត្រូវ​គេ​សំឡាប់​ទៅ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ចុះ​ចូល​ចំពោះ​វា ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​សូន្យ​អស់​ទៅ​ដែរ 37ក្រោយ​នោះ​មក នៅ​វេលា​ធ្វើ​បញ្ជី​កត់‌ត្រា​រាស្ត្រ នោះ​មាន​ឈ្មោះ​យូដាស ជា​អ្នក​ស្រុក​កាលី‌ឡេ​ទៀត បាន​លើក​ខ្លួន​ឡើង បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​ខ្លួន វា​ក៏​វិនាស​បាត់​ទៅ​ដែរ ហើយ​ពួក​អ្នក​ដែល​ចុះ​ចូល​តាម ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទាំង​អស់​គ្នា​ទៅ 38ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន 39តែ​បើ​កើត​មក​ពី​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នក​រាល់​គ្នា​ជាប់​ទោស​ជា​ពួក​អ្នក​ត‌យុទ្ធ​នឹង​ព្រះ​ដែរ 40ពួក​ក្រុម‌ជំនុំ​ក៏​យល់​ព្រម​តាម​គំនិត​លោក រួច​កាល​បាន​ហៅ​ពួក​សាវក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាម​ឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​លែង​ឲ្យ​ទៅ 41ពួក​សាវក​ក៏​ចេញ​ពី​ពួក​ក្រុម‌ជំនុំ​ទៅ ដោយ​អរ​សប្បាយ ពី​ព្រោះ​ព្រះ​បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្ដី​ដំនៀល ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់ 42ហើយ​អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 5: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល