កិច្ចការ 9

9
1ឯ​សុល គាត់​នៅ​តែ​បញ្ចេញ​សេចក្ដី​គំរាម នឹង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សំឡាប់ ដល់​ពួក​សិស្ស​នៃ​ព្រះ‌អម្ចាស់​នៅ​ឡើយ 2ក៏​ទៅ​ឯ​សំដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិ‌បត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម 3ប៉ុន្តែ កំពុង​ដែល​គាត់​ដើរ​តាម​ផ្លូវ ទៅ​ជិត​នឹង​ដល់​ក្រុង​ដាម៉ាស​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្លួន 4គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​បន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត‌បៀន​ដល់​ខ្ញុំ​ដូច្នេះ 5គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ណា​នុ៎ះ រួច​ព្រះ‌អម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​បៀត‌បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់ 6នោះ​គាត់​ក៏​ញាប់‌ញ័រ ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ 7ឯ​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​គាត់ គេ​ក៏​ឈរ​ស្រឡាំង‌កាំង​នៅ ដោយ​បាន​ឮ​សំឡេង​មែន តែ​មិន​ឃើញ​អ្នក​ណា​សោះ 8រួច​សុល​ក៏​ក្រោក​ពី​ដី​ឡើង តែ​កាល​គាត់​បើក​ភ្នែក​ហើយ នោះ​មើល​មិន​ឃើញ​អ្វី​ទេ គេ​ក៏​ដឹក​ដៃ​គាត់​នាំ​ទៅ​ឯ​ដាម៉ាស 9ក្នុង​រវាង​៣​ថ្ងៃ គាត់​មើល​មិន​ឃើញ​ឡើយ ក៏​មិន​បរិភោគ​អ្វី​ផង។
10រីឯ​នៅ​ក្រុង​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ 11ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​ដែល​ហៅ​ថា ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត​មើល គាត់​កំពុង​តែ​អធិស្ឋាន 12ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង 13អាន៉្នានាស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម 14ហើយ​នៅ​ទី​នេះ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្គ្រាជ អាច​នឹង​ទៅ​ចាប់​ចង​នូវ​អស់​អ្នក​ណា ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ដែរ 15ប៉ុន្តែ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ នឹង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង 16ដ្បិត​ខ្ញុំ​នឹង​បង្ហាញ ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាល‌ម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ 17ដូច្នេះ អាន៉្នានាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ និយាយ​ថា អ្នក​សុល​អើយ ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេស៊ូវ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​អ្នក​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​អ្នក​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ 18ស្រាប់​តែ​មាន​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​គាត់​មក ហើយ​គាត់​ក៏​បាន​ភ្លឺ​ជា​១​រំពេច រួច​ក្រោក​ឡើង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក 19ហើយ​ក្រោយ​ដែល​គាត់​បាន​បរិភោគ នោះ​ក៏​មាន​កំឡាំង​ឡើង​វិញ។
20សុល​ក៏​នៅ​ក្រុង​ដាម៉ាស ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ថ្ងៃ នោះ​ស្រាប់​តែ​គាត់​ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ 21ឯ​អស់​អ្នក​ដែល​ឮ ក៏​មាន​សេចក្ដី​ងឿង‌ឆ្ងល់ ហើយ​គេ​និយាយ​ថា តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នោះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ 22តែ​សុល គាត់​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ក៏​ផ្ទុញ‌ផ្ទាល់​ដល់​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ដាម៉ាស​វិញ ដោយ​សំដែង​បញ្ជាក់​ពី​ព្រះ‌អង្គ​នេះ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន 23លុះ​យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា គេ​ពិគ្រោះ​គ្នា​នឹង​សំឡាប់​គាត់​ចេញ 24គេ​ក៏​ចាំ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សំឡាប់​គាត់ តែ​សុល​បាន​ដឹង​ពី​ឧបាយ‌កល​របស់​គេ​ដែរ 25ហើយ​ក្នុង​វេលា​យប់ ពួក​សិស្ស​យក​កញ្ជើ​មក​ដាក់​គាត់​សំរូត​ចុះ​តាម​កំផែង​ក្រុង​ទៅ។
26កាល​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​គាត់​ខំ​ចូល​ទៅ​ឯ​ពួក​សិស្ស តែ​គេ​ខ្លាច​គាត់​ទាំង​អស់​គ្នា គេ​មិន​ជឿ​ថា គាត់​ជា​សិស្ស​ទេ 27តែ​បាណា‌បាស​នាំ​គាត់​ទៅ​ឯ​ពួក​សាវក រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​គាត់​បាន​ឃើញ​ព្រះ‌អម្ចាស់​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​បន្ទូល​នឹង​គាត់ ក៏​និយាយ​ពី​បែប​យ៉ាង​ណា ដែល​គាត់​មាន​ចិត្ត​ក្លាហាន​នឹង​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នៅ​ក្រុង​ដាម៉ាស​ផង 28គាត់​ក៏​នៅ​ជា​មួយ​នឹង​គេ​ក្នុង​ក្រុង​យេរូ‌សាឡិម ទាំង​ចេញ​ចូល ហើយ​បាន​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដោយ​ក្លាហាន 29គាត់​សំដែង ហើយ​ជជែក​ជា​មួយ​នឹង​ពួក​ហេលេន តែ​ពួក​នោះ​រក​រឿង​សំឡាប់​គាត់​វិញ 30បាន​ជា​កាល​ពួក​បង​ប្អូន​បាន​ដឹង នោះ​គេ​ជូន​គាត់​ទៅ​ត្រឹម​សេសារា រួច​ឲ្យ​ទៅ​ឯ​តើ‌សុស 31នៅ​គ្រា​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​គ្រប់​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ នឹង​ស្រុក​សាម៉ារី ក៏​មាន​សេចក្ដី​សុខ‌សាន្ត ហើយ​មាន​ចិត្ត​ស្អាង​ឡើង ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ ដោយ​ជឿន​ទៅ​មុខ ក្នុង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌អម្ចាស់ នឹង​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។
32រីឯ​ពេត្រុស កំពុង​ដែល​គាត់​ដើរ​ចុះ​ឡើង​គ្រប់​កន្លែង នោះ​ក៏​ចុះ​ទៅ​ឯ​ពួក​បរិសុទ្ធ​នៅ​ភូមិ​លីដា​ដែរ 33នៅ​ទី​នោះ​គាត់​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ អេនាស មាន​ជំងឺ​ឈឺ​ស្លាប់​ដៃ​ជើង ដេក​នៅ​តែ​លើ​គ្រែ អស់​៨​ឆ្នាំ​មក​ហើយ 34ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះ‌យេស៊ូវ​ដ៏​ជា​ព្រះ‌គ្រីស្ទ ទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម 35ឯ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ភូមិ​លីដា នឹង​ស្រុក​សារ៉ូន ក៏​ឃើញ​គាត់ ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ‌អម្ចាស់។
36នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន 37នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ កាល​គេ​បាន​ផ្ងូត​ទឹក​រូប​នាង​ហើយ នោះ​ក៏​យក​ទៅ​ដាក់​នៅ​ឯ​បន្ទប់​ខាង​លើ 38រួច​ដោយ​ព្រោះ​ភូមិ​លីដា​នៅ​ជិត​យ៉ុបប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា ពេត្រុស​នៅ​ទី​នោះ បាន​ជា​គេ​ប្រើ​២​នាក់​ឲ្យ​ទៅ​រក​គាត់ ដើម្បី​នឹង​សូម​អង្វរ​ឲ្យ​មក​ឯ​គេ​ដោយ​ឥត​បង្អង់ 39ពេត្រុស​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ កាល​បាន​ដល់​ហើយ នោះ​គេ​នាំ​គាត់​ទៅ​ឯ​បន្ទប់​ខាង​លើ​នោះ ហើយ​ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ នឹង​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ 40តែ​ពេត្រុស​បណ្តេញ​គេ​ទៅ​ក្រៅ​ទាំង​អស់ ក៏​លុត​ជង្គង់​អធិស្ឋាន រួច​គាត់​បែរ​ខ្លួន​ទៅ​ឯ​រូប​បុគ្គល​នោះ និយាយ​ថា តេប៊ីថា​អើយ ចូរ​នាង​ក្រោក​ឡើង នាង​ក៏​បើក​ភ្នែក​ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ 41គាត់​ក៏​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​គាត់​ហៅ​ពួក​បរិសុទ្ធ នឹង​ពួក​ស្រី​មេម៉ាយ​មក ប្រគល់​នាង​ទៅ​គេ​ទាំង​រស់ 42មនុស្ស​ទាំង‌ឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញ‌ពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ 43រួច​គាត់​ក៏​អាស្រ័យ​នៅ​យ៉ុបប៉េ ក្នុង​ផ្ទះ​ជាង​សំឡាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 9: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល