អេម៉ុស 1

1
1នេះ​ជា​ពាក្យ​របស់​អេម៉ុស ជា​ម្នាក់​ក្នុង​ពួក​គង្វាល​នៅ​ត្កូអា គឺ​ជា​សេចក្ដី​ដែល​គាត់​បាន​ឃើញ ពី​ដំណើរ​ពួក​អ៊ីស្រាអែល​នៅ​ក្នុង​រាជ្យ​នៃ​អូសៀស ជា​ស្តេច​យូដា ហើយ​ក្នុង​រាជ្យ​នៃ​យេរ៉ូ‌បោម ជា​បុត្រ​យ៉ូអាស ស្តេច​អ៊ីស្រាអែល​គឺ​២​ឆ្នាំ​មុន​កក្រើក​ដី។
2គាត់​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម​មក នោះ​ទី​វាល​ស្មៅ​របស់​ពួក​អ្នក​គង្វាល​នឹង​សៅ‌សោក ហើយ​កំពូល​ភ្នំ​កើមែល​នឹង​ហែង​ទៅ។
3ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ដាម៉ាស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត ដោយ​គ្រឿង​បញ្ជាន់​ធ្វើ​ពី​ដែក 4អញ​នឹង​ចាត់​ប្រើ​ភ្លើង ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ហាសែល ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​បេន-ហាដាឌ​ទៅ 5អញ​នឹង​បំបាក់​រនុក​ទ្វារ​របស់​ក្រុង​ដាម៉ាស ហើយ​កាត់​ពួក​អ្នក​នៅ​ច្រក​ភ្នំ​អាវេន​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​របស់​បេត-អេដែន​ផង នោះ​ពួក​សាសន៍​ស៊ីរី​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
6ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​កាសា អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​កៀរ​យក​ពួក​ឈ្លើយ​ទាំង​អស់ ដើម្បី​ប្រគល់​ដល់​សាសន៍​អេដំម 7អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​កំផែង​នៃ​ក្រុង​កាសា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ 8អញ​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កា‌ឡូន​ផង អញ​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន​ដែរ នោះ​សំណល់​នៃ​ពួក​ភីលីស្ទីន​នឹង​ត្រូវ​វិនាស​បង់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។
9ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់​ដល់​សាសន៍​អេដំម ឥត​នឹក​ចាំ​សេចក្ដី​សញ្ញា​ជា​បង​ប្អូន​នឹង​គ្នា​សោះ 10អញ​នឹង​ចាត់​ប្រើ​ភ្លើង ឲ្យ​ទៅ​លើ​កំផែង​នៃ​ក្រុង​ទីរ៉ុស ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ។
11ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​សាសន៍​អេដំម អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​កាន់​ដាវ ដេញ​តាម​បង​ប្អូន​ខ្លួន ព្រម​ទាំង​សង្កត់​រំលត់​សេចក្ដី​មេត្តា​ប្រណី​របស់​ខ្លួន​ផង ឯ​សេចក្ដី​កំហឹង​របស់​គេ​បាន​ចេះ​តែ​ហែក‌ហួរ​ជានិច្ច ក៏​រក្សា​សេចក្ដី​ក្រោធ​ទុក​នៅ​ដរាប 12អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ក្រុង​ថេម៉ាន ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​ក្រុង​បុសរ៉ា​អស់​ទៅ។
13ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​កូន​ចៅ​អាំម៉ូន អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​វះ​ពោះ​របស់​ពួក​ស្រីៗ ដែល​មាន​ទំងន់​នៅ​ស្រុក​កាឡាត ដើម្បី​ឲ្យ​បាន​វាត​ព្រំ​ស្រុក​របស់​ខ្លួន​ឲ្យ​ធំ​ឡើង 14អញ​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​នៃ​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ ដោយ​សូរ​ស្រែក​ហ៊ោ ក្នុង​ថ្ងៃ​សង្គ្រាម នឹង​ដោយ​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត​ត្បូង 15នោះ​ស្តេច​របស់​គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅហ្វាយ​របស់​គេ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

អេម៉ុស 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល