អេម៉ុស 6

6
1វេទនា​ដល់​ពួក​អ្នក ដែល​នៅ​ជា​ឥត​កង្វល់ ក្នុង​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​ពួក​អ្នក​ដែល​នៅ ដោយ​សុខ‌សាន្ត​លើ​ភ្នំ​សាម៉ារី​ផង គឺ​ជា​ពួក​ប្រធាន​ក្នុង​ពួក​អ្នក​មុខ​នៃ​អស់​ទាំង​សាសន៍ ដែល​ពួក​វង្ស​អ៊ីស្រាអែល​បាន​មក​ដល់​គេ 2ចូរ​ទៅ​ឯ​ក្រុង​កាលនេ ហើយ​ពិចារណា​មើល​ចុះ ពី​នោះ​ឲ្យ​ទៅ​ដល់​ហាម៉ាត ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ឯ​ក្រុង​កាថ​របស់​សាសន៍​ភីលីស្ទីន តើ​ទី​ក្រុង​ទាំង​នោះ​វិសេស​ជាង​នគរ​ទាំង​នេះ​ឬ ឯ​ព្រំ​ស្រុក​របស់​គេ តើ​ធំ​ជាង​ព្រំ​ស្រុក​របស់​ឯង​រាល់​គ្នា​ឬ​ទេ 3ឯង​រាល់​គ្នា​គិត​បន្ថយ​ថ្ងៃ​អាក្រក់​ឲ្យ​ឆ្ងាយ​ចេញ ហើយ​បង្ខិត​ទី​ស្តី‌ការ​នៃ​សេចក្ដី​ច្រឡោត ឲ្យ​ចូល​មក​ជិត​វិញ 4ក៏​ដេក​លើ​គ្រែ​ភ្លុក ហើយ​មិន​ពត់​ខ្លួន​នៅ​លើ​ដំណេក ព្រម​ទាំង​ស៊ី​កូន​ចៀម​ពី​ហ្វូង​សត្វ នឹង​កូន​គោ​ដែល​បង្ខាំង​ទុក 5ជា​អ្នក​ដែល​ច្រៀង​ឡែរ‌ឡ​តាម​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សំរាប់​ខ្លួន​ដូច​ដាវីឌ 6ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដោយ​ចាន‌គោម ហើយ​បំព្រំ​ខ្លួន​ដោយ​ប្រេង​យ៉ាង​វិសេស តែ​ឥត​មាន​ចិត្ត​ព្រួយ​ចំពោះ​ការ​វេទនា​របស់​យ៉ូសែប​ទេ។
7ដូច្នេះ​ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ទៅ​ជា​ឈ្លើយជាមុន​ដំបូង នោះ​ការ​លេង​សប្បាយ​របស់​ពួក​អ្នក ដែល​មិន​ពត់​ខ្លួន នឹង​សូន្យ​បាត់​ទៅ 8ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា អញ​ខ្ពើម​សេចក្ដី​មានះ​របស់​យ៉ាកុប ក៏​ស្អប់​ដំណាក់​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ដូច្នេះ អញ​នឹង​ប្រគល់​ទាំង​ទី​ក្រុង នឹង​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​នេះ​ទៅ​ផង 9គ្រា​នោះបើ​សិន​ជា​មាន​មនុស្ស​១០​នាក់​សល់​នៅ​ក្នុង​ផ្ទះ​១ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​ទៅ 10ហើយ​កាល​ណា​ញាតិ​សន្តាន​ជិត‌ដិត ដែល​គេ​បាន​ដំរូវ​ឲ្យ​ដុត​ខ្មោច​បាន​លើក​សព​គេ នាំ​ចេញ​ឲ្យ​ផុត​ពី​ផ្ទះ​ទៅ រួច​សួរ​ដល់​អ្នក​ណា​ដែល​នៅ​ខាង​ក្នុង​ថា តើ​មាន​សល់​នៅ​ទៀត​ជា​មួយ​នឹង​ឯង​ឬ​ទេ អ្នក​នោះ​នឹង​ឆ្លើយ​ថា ឥត​មាន​ទេ នោះ​គេ​នឹង​ហាម​ថា កុំ​មាត់​ឡើយ ដ្បិត​យើង​គ្មាន​ច្បាប់​នឹង​ចេញ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ទេ 11ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​ចេញ​បង្គាប់​វេលា​ណា នោះ​ផ្ទះ​ធំ​នឹង​ត្រូវ​វាយ​ឲ្យ​ប្រេះ‌ឆា ហើយ​ផ្ទះ​តូច​ផង ឲ្យ​ត្រូវ​បែក​បាក់។
12ម្នាល ឯង​រាល់​គ្នា ដែល​រីក‌រាយ ក្នុង​សេចក្ដី​សោះ​សូន្យ ឯង​ថា យើង​បាន​អំណាច​ឡើង ដោយ‌សារ​កំឡាំង​របស់​ខ្លួន​យើង​ទេ​តើ 13ចុះ​សេះ​នឹង​បោល​នៅ​លើ​ថ្ម​ដែរ​ឬ តើ​មនុស្ស​នឹង​ភ្ជួរ​នៅ​ទី​នោះ​ដោយ​គោ​ឬ បាន​ជា​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​សេចក្ដី​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ពិស ហើយ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត បាន​ប្រែ​ត្រឡប់​ជា​ស្លែង​វិញ​ដូច្នេះ 14ដ្បិត​មើល ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រាអែល អញ​នឹង​ញ៉ាំង​សាសន៍១​ឲ្យ​មក​ទាស់​នឹង​ឯង គេ​នឹង​ធ្វើ​ទុក្ខ​ឯង​រាល់​គ្នា​ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៅ​ស្រុក​វាល។

ទើបបានជ្រើសរើសហើយ៖

អេម៉ុស 6: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល