អេម៉ុស 8

8
1ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​ក៏​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល មាន​កំប្រោង​១​ពេញ​ដោយ​ផ្លែ​រដូវ​ក្តៅ 2ហើយ​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ ឯង​ឃើញ​អ្វី នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ឃើញ​កំប្រោង​ពេញ​ដោយ​ផ្លែ​រដូវ​ក្តៅ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រាប់​ខ្ញុំ​ថា ចុង​បំផុត​បាន​មក​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ហើយ អញ​នឹង​មិន​ដើរ​បង្ហួស​គេ​ទៅ​ទៀត​ឡើយ 3ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ បទ​ចំរៀង​ដែល​ច្រៀង​នៅ​ក្នុង​ព្រះ‌វិហារ នឹង​ត្រឡប់​ជា​សំរែក​ទ្រហោ‌យំ​វិញ នឹង​មាន​សាក‌សព​យ៉ាង​សន្ធឹក​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​បោះ​សព​ទាំង​នោះ​ចេញ​ដោយ​ស្ងៀម‌ស្ងាត់។
4ម្នាល ពួក​អ្នក​ដែល​ចង់​លេប​មនុស្ស​កំសត់​ទុគ៌ត​ទៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ស្រុក​បាត់​ចេញ 5ដោយ​ពាក្យ​ថា តើ​ដល់​កាល​ណា​បាន​ផុត​ពី​ថ្ងៃ​បុណ្យ​ចូល​ខែ​ទៅ ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ ហើយ​នឹង​ថ្ងៃ​ឈប់​សំរាក​ដែរ ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី ព្រម​ទាំង​ធ្វើ​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ រួច​ឆ​បំបាត់​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ 6ប្រយោជន៍​ឲ្យ​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់ នឹង​មនុស្ស​កំសត់​ទុគ៌ត ដោយ​ស្បែក​ជើង​១​សំរាប់ ព្រម​ទាំង​លក់​សំដី​ស្រូវ​ផង ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ 7ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សិរី‌ល្អ​នៃ​យ៉ាកុប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ដែល​ភ្លេច​អំពើ​របស់​គេ​ណា​១​ឡើយ 8ដោយ​ហេតុ​ទាំង​នោះ តើ​ស្រុក​មិន​ញាប់‌ញ័រ​ទេ​ឬ​អី ហើយ​គ្រប់​ទាំង​មនុស្ស​នៅ​ក្នុង​ស្រុក តើ​មិន​សោយ​សោក​ឬ អើ​ស្រុក​នេះ​ទាំង​មូល​នឹង​ឡើង​លិច​ដូច​ទន្លេ​ធំ នឹង​ចំរើន​ដី ហើយ​ស្រោច‌ស្រព រួច​ស្រក​ទៅ​វិញ ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ 9ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់ ឲ្យ​ផែនដី​បាន​ទៅ​ជា​ងងឹត កំពុង​ដែល​មេឃ​នៅ​ស្រឡះ​ផង 10អញ​នឹង​ធ្វើ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ការ​យំ​សោក ហើយ​ឲ្យ​បទ​ចំរៀង​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ពាក្យ​ទំនួញ​វិញ អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ចង្កេះ​បាន​ស្លៀក​ដោយ​សំពត់​ធ្មៃ ហើយ​គ្រប់​ទាំង​ក្បាល​បាន​ត្រងោល​ផង អញ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក ដូច​ជា​ការ​យំ​សោក​នឹង​កូន​តែ​មួយ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​ត្រូវ​ជា​ថ្ងៃ​យ៉ាង​ល្វីង។
11ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល មាន​គ្រា​មក ដែល​អញ​នឹង​ចាត់​ប្រើ​អំណត់​មក​ក្នុង​ស្រុក មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំណត់​ខាង​ឯ​ការ​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​វិញ 12គេ​នឹង​ដើរ​ចុះ​ឡើង​ពី​សមុទ្រ​ម្ខាង​ទៅ​សមុទ្រ​ម្ខាង ហើយ​ពី​ទិស​ខាង​ជើង​រហូត​ដល់​ទិស​ខាង​កើត គេ​នឹង​រត់​ច្រវាត់​ខំ​រក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឡើយ 13នៅ​ថ្ងៃ​នោះ ពួក​ក្រមុំៗ​យ៉ាង​ល្អ នឹង​ពួក​កំឡោះៗ​នឹង​ល្វើយ​ទៅ​ដោយ​ស្រេក 14ពួក​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ដោយ​ថា «ដូច​ជា​ព្រះ​ឯង​រស់​នៅ ឱ​ដាន់​អើយ» ហើយ​ថា «ដូច​ជា​ផ្លូវ​ប្រព្រឹត្ត​នៃ​បៀរ-សេបា​បាន​រស់​នៅ»ដែរ ពួក​ទាំង​នោះ​នឹង​ដួល ឥត​ក្រោក​ឡើង​វិញ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេម៉ុស 8: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល